គណ:​ប្រតិភូ​នៃ​ប្រទេស​ឡាវ បាន​មកធ្វើ​ទស្សន​កិច្ចសិក្សា​ផ្លាស់ប្តូរ​បទ​ពិសោធន៍​ការងារ​លើ​សកម្មភាព​មីន​នៅ​កម្ពុជា ដោយបាន​ធ្វើការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​ការងារ​ពាក់ព័ន្ធ​លើ​ការគ្រប់គ្រង និង​ប្រមូល​ព័ត៌មាន​ពី​សកម្មភាព​មីន ការរៀបចំ​ផែនការ និង​ការចាត់​អាទិភាព​សកម្មភាព​មីន​នៅ​កម្ពុជា។

ការបំពេញ​ទស្សនកិច្ច​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​ឡាវ​បានធ្វើ​ការស្នើ​សុំ​កម្ពុជា និង​ក្រោម​ការសម្របសម្រួល​ដោយ​អង្គការ​ជំនួយ​ប្រជាជន ន័រវែស (NPA) ​កម្ពុជា។

លោក​ទេស​រដ្ឋមន្រ្តី លី ធុជ អនុ​ប្រធានទី១ អាជ្ញាធរ​មីន​កម្ពុជា បាន​ប្រាប់​ឱ្យដឹង​នៅ​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ២០២៣ថា អាជ្ញាធរ​មីន​កម្ពុជា​បានផ្លាស់ប្ដូរ​បទ​ពិសោធន៍​ជាមួយនឹង​ខាង​គណៈ​ប្រតិភូ​ឡាវ លើ​វិស័យ​សំខាន់ៗ ទាក់ទងនឹង​ការបោស​សម្អាត​គ្រាប់​មីន ដោយសារ​នៅ​ប្រទេស​ឡាវ មាន​គ្រាប់នៅ​សេសសល់​ច្រើន ជាពិសេស​គ្រាប់បែក​ចង្កោម ។

លោក លី ធុជ មាន​ប្រសាសន៍​ថា ៖ «ប្រទេស​កម្ពុជា​ក៏បាន​ចែករំលែក​ពី​បទ​ពិសោធន៍​របស់ខ្លួន​ជាមួយ​ប្រទេស​ឡាវ​ទាក់ទងនឹង​របៀប​នៃការគ្រប់គ្រង​វិស័យ​បោសសម្អាត​មីន​នៅ​កម្ពុជា។ ជាមួយគ្នា​នេះ កម្ពុជា​បានចែក​រំលែក​បទ​ពិសោធន៍​បណ្ដុះបណ្ដាល ​អប់រំ​ដល់​សហគមន៍​មូលដ្ឋាន​កុំ​ឱ្យមាន​គ្រោះថ្នាក់ ដោយមាន​ការប្រុងប្រយ័ត្ន​ផងដែរ ទៅកាន់​ភាគី​ឡាវ​ផងដែរ»។

បើតាម​អាជ្ញាធរ​មីន​កម្ពុជា កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹង​ថា គណៈ​ប្រតិភូ​ដែលមក​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ការងារ​សកម្មភាព​មីន​នេះ មាន​ចំនួន ១៤ រូប​ដែលមក​ពី​អាជ្ញាធរ​សកម្មភាព​មីន​ឡាវ ឬហៅ​ថា NRA LAO PDR។

ទន្ទឹមនឹង​ការផ្លាស់ប្ដូរ​បទ​ពិសោធន៍​រវាង​ប្រទេស​ទាំងពីរ​នៅពេល​នេះ លោក លី ធុជ ក៏បាន​ប្រាប់​ដែរ​ថា វា​ពិតជា​មានសារៈសំខាន់​ដែលប្រទេស​កម្ពុជា និង​ឡាវ គួរមាន​ការផ្លាស់ប្ដូរ​បទ​ពិសោធន៍​ល្អៗ​ជាមួយគ្នា ជាញឹកញាប់ ដើម្បី​អាច​បោសសម្អាត​គ្រាប់​មីន​នៃ​ប្រទេស​ទាំងពីរ។

អនុប្រធាន​ទី១ អាជ្ញាធរ​មីន​កម្ពុជា​ដដែល ក៏បង្ហាញ​ពីក្តី​សង្ឃឹម ដោយលោក​បានលើក​ឡើង​ថា ៖ «នៅថ្ងៃ​អនាគត កម្ពុជា​ក៏អាច​ធ្វើ​ទស្សនកិច្ច​ស្រាវជ្រាវ​យល់ដឹង រៀនសូត្រ​ពីមិត្ត​ឡាវ​យើងទៅវិញ​ទៅមក​ផងដែរ តាមរយៈ​ប្រតិបត្តិករ​ដែលសហការ​ជាមួយ​ប្រទេស​យើង​ទាំងពីរ»។

សូមបញ្ជាក់​ដែរ​ថា កម្ពុជា​បាន​និង​កំពុង​បន្ត​ចែករំលែក​បទ​ពិសោធន៍​ការងារ​សម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ទៅប្រទេស​ដែលមាន​បំណង​រៀនសូត្រ ខណៈ​ប្រទេស​កម្ពុជា​ជាប្រទេស​ដែលមាន​ធនធាន​មនុស្ស​ពោរពេញ​ដោយ​បទ​ពិសោធន៍​ច្រើន​ក្នុង​ការងារ​សកម្មភាព​មីន​ជាង ៣០ ឆ្នាំ មកនេះ។

បើតាម​លោក លី ធុជ កន្លង​មក​ប្រទេស​ដែលទទួល​បាន​ការចែករំលែក​នូវ​បទ​ពិសោធន៍​ទាក់ទងនឹង​ការងារ​មីន​ពី​កម្ពុជា មាន​ដូចជា ប្រទេស​មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន កូឡុំប៊ី អ៊ីរ៉ាក់ អ៊ីស្រាអែល អាហ្វហ្គានីស្ថាន និង​ថ្មីៗ​នេះ កម្ពុជា​ក៏បាន​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​ជំនាញ​អ៊ុយក្រែន​ផងដែរ៕

ទិត្យ រានុពិចិត្រ