
អ្នកចូលរួមពិធីប្រកាសបញ្ចូលសមាជិកថ្មីក្នុងជួរគណបក្សប្រជាជនកម្ពុជានៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០មេសា។ រូបថត ផេកហ្វេសប៊ុកលោកលី ធុជ
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ប្រកាសបញ្ចូលសមាជិករបស់ខ្លួនថ្មីចំនួន ៩២៤ នាក់ នៅចុងខែមេសា ដែលក្នុងនោះសមាជិកនៅមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀងមានចំនួន ៣៤៥ នាក់ និងពីខណ្ឌជ្រោយចង្វារ ចំនួន ៥៧៩ នាក់។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកការចូលរួមជាមួយគណបក្សប្រជាជននេះថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយសារគណបក្សនេះ បានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍដូចសព្វថ្ងៃ ព្រមទាំងប្តេជ្ញាបម្រើសេវាសាធារណៈ និងតម្រូវការដល់សមាជិកបក្ស និងប្រជាពលរដ្ឋទូទៅតាមមូលដ្ឋានឱ្យបានកាន់តែល្អ។
នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានប្រកាសបញ្ចូលសមាជិកថ្មីក្នុងជួរគណបក្សប្រជាជនកម្ពុជាចំនួន ៣៤៥ នាក់មកពីសង្កាត់បាទី និងសង្កាត់ប្រាសាទ ក្រុងបាវិត។
លោក លី ធុជ បានសម្តែងការស្វាគមន៍ និងសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដោយលោកសង្កត់ធ្ងន់ថា «មានតែគណបក្សប្រជាជនកម្ពុជា១ប៉ុណ្ណោះ ដែលតែងតែគិតគូរ និងផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ការកសាងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ»។
ដោយឡែក នៅថ្ងៃដដែលនោះ លោកឃ្លាំង ហួត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាអនុប្រធានទី១ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌជ្រោយចង្វារ បានប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីចំនួន ៥៧៩នាក់បន្ថែមទៀត មកពីសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
នាឱកាសនោះ លោក ឃ្លាំង ហួត បានណែនាំឱ្យប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំសង្កាត់បាក់ខែង និងក្រុមការងារស្នូលបក្ស ត្រូវយកចិត្តទុកដាក់ សម្របសម្រួលដល់សមាជិកបក្សនៅពេលពួកគាត់មានតម្រូវការ ឬសំណូមពរនានា ក្នុងន័យផ្សារភ្ជាប់នឹងសេវាសាធារណៈ។
លោកបញ្ជាក់ថា៖ «ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ប៉ុន្តែមកដល់ថ្ងៃនេះហើយ គឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដាក់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគេមិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋានក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ផងដែរ»។
ជុំវិញបញ្ហានេះ លោកហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា អំឡុងពេលចុះជួបសំណេះសំណាលជាមួយប្រជាជននៅស្រុកបាធាយ ខេត្តកំពង់ចាម បានលើកឡើងថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន ជាការងារសំខាន់ដែលត្រូវបង្កើនការយកចិត្តទុកដាក់ដោយធ្វើអំពើល្អទាំងទៅលើសមាជិកគណបក្ស និងប្រជាជនទូទៅ។
លោកបានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋខ្លះទោះបីមិនមែនជាសមាជិកគណបក្សក៏ដោយ ក៏ពួកគាត់ជាម្ចាស់ឆ្នោតដែលអាចបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែរ»។
សូមបញ្ជាក់ថា នៅសល់ប្រមាណ ៣ខែទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងឈានមកដល់៕