អ្នក​ពាក់ព័ន្ធ​ទូទាំង​រាជធានី/ខេត្ត​ចំនួន ១៥០ នាក់ នឹងចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្ដីពី ​ការឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ចាប់ពី​ថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាម​ការឱ្យ​ដឹង​ពី​លោក សោម សូរីដា អគ្គលេខាធិការ​រង និង​ជាអ្នក​នាំពាក្យ គ.ជ.ប។

លោក សោម សូរីដា បានប្រាប់​ឱ្យដឹង​នៅ​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ២០២៣ ថា គ.ជ.ប នឹងរៀប​ចំ ជូន​ដល់​ប្រធាន​គណៈកម្មការ រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (គធ.ខប) ប្រធាន​លេខាធិការដ្ឋាន​នៃគណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប ដែលជា​ប្រធាន​ផ្នែក​សេវាកម្ម​ច្បាប់ វិវាទ​កម្ម និង​សន្តិសុខ​បោះឆ្នោត ប្រធាន​ផ្នែក​អប់រំ ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ តំណាង​គណបក្ស​នយោបាយ តំណាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។

អ្នក​នាំពាក្យ គ.ជ.ប បានបញ្ជាក់ដែរ​ថា តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ ភាគី​ពាក់ព័ន្ធ​ដែលចូលរួម​ទាំងអស់ ពិសេស​តំណាង​គណបក្ស នឹង​បានយល់ដឹង​ពី​គោលការណ៍​សំខាន់ៗ ​នៃ​ការឃោសនា​បោះឆ្នោត​កាន់តែ​ច្បាស់លាស់ ដែល​ពាក់ព័ន្ធនឹង​ក្រម​សីលធម៌ ពេលវេលា​នៃដំណើរការ​ឃោសនា​បោះឆ្នោត នីតិវិធី​នៃ​គោលការណ៍​បោះឆ្នោត និង​ការដាក់​អ្នក​សង្កេតការ​ក្នុង​ការឃោសនា​បោះឆ្នោត​ជាដើម។

លោកមាន​ប្រសាសន៍​ថា ៖ «នេះ​គឺវគ្គ​បណ្តុះ​បណ្តាល​ធម្មតា ដែល គ.ជ.ប តែង​បានរៀបចំ​ឡើង វា​សំខាន់​ណាស់ ដែល​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវដឹង​ពី​ពេលវេលា​នៃ​ការឃោសនា​បោះឆ្នោត ​ដែលមាន​រយៈពេល ២១ ថ្ងៃ ពីថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២៣ និង​បានយល់​ពី​សកម្មភាព និតិវិធី បទ​បញ្ជា ពេលវេលា​ដែលត្រូវ​បញ្ឈប់​ការឃោសនា​បោះឆ្នោត និង​គោលការណ៍​ដែល​គណបក្ស​នយោបាយ​ត្រូវ​អនុវត្តន៍ និង​មិន​ត្រូវ​អនុវត្តន៍ ពិសេស​បានយល់ដឹង​ពី​តួនាទី និង​ភារកិច្ច​របស់​ភាគី​នីមួយៗ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត»។

លោក សោម សូរីដា បន្ត​ថា គ.ជ.ប រំពឹង​ថា វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ជួយ​ជំរុញ​ដល់​ដំណើរ​ការនៃការឃោសនា​បោះឆ្នោត​នាពេល​ខាងមុខ កាន់តែមាន​សណ្តាប់ធ្នាប់ រលូន និង​ពោរពេញ​សន្តិសុខ និង​សុវត្ថិភាព។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប នៅថ្ងៃ​ទី១ ខែឧសភា បានឱ្យដឹង​ថា គណបក្ស​នយោបាយ​ចំនួន ៧ ហើយ ត្រូវបាន​ទទួលស្គាល់​ជាផ្លូវការ​លើ​ការចុះបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត។

ក្នុងកិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្រោម​អធិបតីភាព​លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ចំនួន ៨ (ប្រាំបី) គណបក្ស សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ២០២៣។

បន្ទាប់ពី​បានពិនិត្យ និង​ពិភាក្សា​យ៉ាងល្អិតល្អន់​លើ​ឯកសារ​របស់​គណបក្ស​នយោបាយ ម្តង​មួយៗ​រួចមក អង្គប្រជុំ គ.ជ.ប បាន​សម្រេច​ទទួល​ស្គាល់​ជាផ្លូវការ​លើ​ពាក្យ​សុំចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និងបញ្ជី​បេក្ខជន​ឈរឈ្មោះ ចំនួន ៧។ គណបក្ស​ទាំងនោះ​មាន៖ គណបក្ស​ប្រជាជន​កម្ពុជា , គណបក្ស​យុវជន​កម្ពុជា, គណបក្ស​ខ្មែរ​រួបរួម​ជាតិ, គណបក្ស​ធម្មាធិបតេយ្យ, គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ, គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​តែមួយ។

សេចក្តី​ប្រកាស​បន្ត​ថា ដោយឡែក គណបក្ស​ខ្មែរ​អភិរក្ស នៅខ្វះ​លក្ខខណ្ឌ​ដែលបាន​កំណត់ តាម​នីតិវិធី​តម្រូវ​ឱ្យ​គណបក្ស​បំពេញ​បន្ថែម​តាម​កំណត់​នៃ​ច្បាប់។

តាម​ប្រតិទិន​នៃការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ការចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ មាន​រយៈពេល ១៥ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃទី២៤ ខែមេសា រហូត​ដល់​ថ្ងៃ​ទី៨ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់​ដែរ​ថា កាល​បរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត នីតិកាល​ទី៧ នឹង​ប្រពឹ្រត្ត​ទៅ នៅ​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕