ភ្នំពេញៈក្នុងខែមេសា ឆ្នាំ ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ ព្យាបាល និងវះកាត់កុមារឈឺនិងកុមារមានជំងឺធ្ងន់ៗជាង ៧ ម៉ឺននាក់ ព្រមទាំងបានពិនិត្យស្ត្រីមានផ្ទៃពោះចំនួនជាង ៨ ពាន់នាក់ សម្រាលកូនបានចំនួន ១ ៦៧៩ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជាស្តីពីព័ត៌មានពិតនៃតួលេខក្នុងខែមេសា នៅមន្ទីរពេទ្យគន្ធបុប្ផា។
សេចក្តីប្រកាសព័ត៌មាននោះបានឱ្យដឹងថា ក្នុងចំណោមកុមារឈឺ និងកុមារមានជំងឺធ្ងន់ៗចំនួនជាង៧ម៉ឺននាក់នោះរួមមាន កុមារឈឺចំនួន៥៧ ៨៩៦នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅដែលភាសាបច្ចេកទេសហៅថា Outpatients។ ចំណែកកុមារមានជំងឺធ្ងន់ៗមានចំនួន ១១ ២២៦នាក់ ដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដែលភាសាបច្ចេកទេសគឺ admitted patients។
ក្រៅពីនេះគឺមានកុមារដែលមានជំងឺគ្រុនឈាមចំនួន២៤៧នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យផ្នែកជំងឺគ្រុនឈាម។ ចំណែកកុមារចំនួន២ ១០៣នាក់ ត្រូវបានទទួលការវះកាត់។ បន្ថែមលើនេះការវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផា ភ្នំពេញ និងសៀមរាបមានចំនួន៦៧នាក់។
ប្រភពដដែលបានឱ្យដឹងថា នៅផ្នែកសម្ភពនៃមន្ទីរពេទ្យជយវរ្ម័នទី៧(គន្ធបុប្ផាទី៣)មានស្ត្រីមានផ្ទៃពោះចំនួន ៨ ០៩៣នាក់ បានទៅពិនិត្យតាមដានផ្ទៃពោះនិងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន១ ៦៧៩នាក់។
បើតាមមូលនិធិគន្ធបុប្ផាកម្ពុជា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ធ្វើឡើងដោយមិនគិតថ្លៃ មិនប្រកាន់និន្នាការនយោយបាយ ធ្វើការជួយមនុស្សដោយទឹកចិត្តមនុស្សធម៌ពិតប្រាកដ ដើម្បីសេចក្តីសុខប្រជាជនទូទៅ។ «រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង!»។
យ៉ាងណាក៏ដោយ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទាំងអស់ចូលរួមបរិច្ចាគដើម្បីកុមារកម្ពុជា។ បច្ចុប្បន្នមូលនិធិគន្ធបុប្ធាកម្ពុជាបានបង្កើត KHQR CODE ទាំងប្រាក់រៀល និងដុល្លារអាមេរិក សម្រាប់គ្រប់ App ធនាគារទាំងអស់នៅកម្ពុជាដែលមានកម្មវិធីស្កេន QR CODE ដើម្បីសម្រួលដល់ការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានាក្នុងគោលបំណងជួយនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងនៅកម្ពុជា។
បើតាមហ្វេសប៊ុកDr. Beat Richner នៅថ្ងៃទី៣០ ខែមេសា ផ្នែកថតឆ្លុះព្យាបាលជំងឺប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យជយវរ្ម័នទី៧(គន្ធបុប្ផាទី3)ខេត្តសៀមរាប បានជួយសង្គ្រោះកុមារម្នាក់ដោយបានឆ្លុះនិងចងសរសៃឈាមប៉ោងក្នុងបំពង់អាហារបណ្ដាលមកពីជំងឺក្រិនថ្លើម។
ហ្វេសប៊ុកនោះបញ្ជាក់ថា៖«ករណីថ្ងៃនេះគឺជាកុមារា អាយុ១៣ឆ្នាំ មកពីស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានចូលមកសម្រាក នៅអគារ (គ៣) បានបញ្ចូលឈាមអស់៤ថង់ដោយសារបន្ទោបង់មានឈាមខ្មៅ និងស្លេកស្លាំង»។
បើតាមហ្វេសបុកដដែល នៅថ្ងៃទី១៨ ខែមេសា មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាបានជួយសង្គ្រោះក្មេងស្រីម្នាក់ដែលមានដុំរឹងដែលហៅថា«ដុំប៊ីហ្សូអារ» ស្ទះក្នុងក្រពះពោះវៀនដោយសារតែទទួលទានស្ករកៅស៊ូបន្តិចម្តងៗអស់រយៈពេលជាច្រើនឆ្នាំ។ក្រុមគ្រូពេទ្យបានវះកាត់ក្រពះពោះវៀន២លើកទើបយកដុំស្ករកៅស៊ូនោះបាន។
ប្រភពបញ្ជាក់ថា៖«ក្រុមគ្រូពេទ្យគន្ធបុប្ផា ជួយសង្គ្រោះជីវិតដោយឆ្លុះថតក្រពះនិងទីបំផុតត្រូវវះកាត់ក្រពះពោះវៀនដល់ទៅ២លើក ទើបយកដុំស្ករកៅស៊ូនោះបាន អរគុណគន្ធបុប្ផា រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង អរគុណមូលនិធិគន្ធបុប្ផាស្វ៊ីស និងមូលនិធិគន្ធបុប្ផាកម្ពុជា»។
ចំពោះករណីនេះ មន្ទីរពេទ្យគន្ធបុប្ផាអំពាវនាវឱ្យគ្រប់គ្នាមើលថែកូនចៅតូចៗឱ្យបានល្អព្រោះក្មេងៗខ្លះចូលចិត្តតែទទួលទានរបស់មិនរំលាយអាហាររាល់ថ្ងៃដដែលៗ នាំឱ្យកើតមានដូចករណីខាងលើនេះ៕