កំពង់ស្ពឺៈ ក្រុម​យុវជន និង​ប្រជា​សហ​គមន៍​ភ្នំ​ខ្នង​វាលបា​ន​អះអាង​ថា ​បទល្មើ​ស​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន​គួ​រឱ្យ​បារម្ភ​នៅ​ក្នុង​តំបន់​ដែនជ​ម្រកស​ត្វព្រៃ​ភ្នំ​ឱរ៉ា​ល់ជាពិសេសព្រៃ​ឈើ​ធំៗ​នៅតា​ម​ដងផ្លូវ​ឡើង​ទៅ​កាន់​ភ្នំ​ខ្នង​វាល ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ ឃុំ​​តា​សាល ​ស្រុក​ឱរ៉ាល់ ​ខេត្ត​កំព​ង់ស្ពឺ​។

​តំណាង​សហ​គមន៍​ភ្នំ​ខ្នង​វាល ​លោក វី រ៉ា​ន់ ដែល​មាន​លំនៅ​ក្នុង​ភូមិ​សូរិយា ឃុំ​តា​សាល ​ស្រុក​ឱ​រ៉ា​ល់ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ ខែ​ឧសភា​ ឆ្នាំ​ ២០២៣​ ថា ក្នុង​អំឡុង​ពេល​ចុះ​ល្បាត ​កាល​ពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៣ ​ក្រុម​ការងារ​សហ​គម​ន៍​របស់​លោក​បាន​ប្រទះ​ឃើញ​ដើមឈើ​ធំៗ​ប្រភេទ​ដើម​គគីរ​ថ្ម និង​ដើម​រាជ​កុល ​ដែល​ដុះ​នៅ​តាម​ដង​ផ្លូវ​ឡើង​ទៅ​កាន់​ភ្នំ​ខ្នង​វាល​ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​អស់​ប្រមាណ​ ៣០​ ដើម ។​

​លោក ​វី រ៉ា​ន់ បាន​បញ្ជាក់ថា​​៖ «​យើង​មិនទា​ន់​ដឹង​ច្បាស់​ថា ដើម​ឈើ​ទាំង​នោះ ​ត្រូវបាន​គេ​កាប់​បំផ្លាញ​នៅ​ពេល​ណា​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ស្នាម​កាប់ និង​ស្នាម​អារ​ច្រៀក ​នៅ​កន្លែង​កើត​ហេតុ គឺ​ពួក​វាទើ​បតែ​ត្រូវ​បាន​គេ​កាប់​ថ្មី ពោលគឺ​ប្រមាណ​២-៣​ថ្ងៃមុន​ពេលដែល​អ្នកភូមិ​យើង​នាំគ្នា​ចុះ​ល្បាត​ប៉ុណ្ណោះ​»​។​

​បើតាម​លោក វី រ៉ា​ន់ ករណី​កាប់​បំផ្លាញ​ព្រៃឈើ​​នាពេល​ថ្មីៗ​នេះ​ ទំន​ងជា​ស្នាដៃ​របស់​ពលរដ្ឋ​ ដែល​មកពី​ខេត្ត​កំពត​ដោយ​លោក​អះ​អាង​ថា កាលពី​ថ្ងៃ​ទិ​២៥​ ខែ​មេសា​ កន្លង​ទៅ​ថ្មីៗ​នេះ មាន​បុរស​៣​នាក់​បាន​នាំគ្នា​ចូល​មក​ទិញ​ស្បៀង​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ពី​ក្នុង​ភូមិ​របស់​លោក ​ដោយ​ប្រាប់​ថា ពួកគេ​ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត​កំពត​ហើយ​បាន​នាំគ្នា​​មក​បោះ​តង់​លេង​នៅក្នុង​តំប​ន់ភ្នំ​ខ្នង​វាល​ចំនួន​៣​ថ្ងៃ​មក​ហើយ ដើម្បី​ទស្ស​នា​សត្វ​ព្រៃ និង​គយ​គន់​ទេស​ភាព ព្រៃ​ព្រឹក្សា​ និង​ទឹក​ជ្រោះ​នៅ​ក្នុង​តំបន់​ភ្នំ​នេះ ។

​ជុំវិញ​ករណី​នេះ ​លោក ​តាន់ គឹម​សួរ ​ប្រធាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​បៃតង​វរ​វៀរ​ស៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ជាទូទៅ​ក្រុម​ជន​ប្រព្រឹត្ត​បទ​ល្មើសតែ​ងតែ​ក្លែង​បន្លំ​គ្រប់​រូ​បភាព​ដើម្បី​បំភាន់​ភ្នែក​និង​ចំណាប់​អារម្មណ៍​ពី​អ្នក​ភូមិ​ខណៈ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ជា​ច្រើ​នជា​ពិសេស​ក្រុម​យុវជន​មាន​ការ​ចាប់អារម្មណ៍​​ដើរ​កម្សាន្ត​បោះ​តង់​តាម​ព្រៃភ្នំ ​ដើម្បី​ទស្សនា​ព្រៃ​ព្រឹក្សា ​សត្វ​ព្រៃ និង​លេង​តាម​ទឹក​ធ្លាក់​ ទឹក​ជ្រោះ​ធម្មជាតិ​នេះ ​ហើយ​ក្រុម​ជន​ប្រព្រឹត្ត​បទ​ល្មើស​ក៏​ឆ្លៀតឱ​កាស​បន្លំ​ខ្លួន​ចូល​ព្រៃ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ​និង​សត្វ​ព្រៃ​ផងដែរ។​

​លោក​បាន​បញ្ជាក់ថា​​៖«​ករ​ណីនេះ បាន​កើត​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអ​ស់នៃ​​តំបន់​ការពារ​ និង​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​នៅ​កម្ពុជា ​ជាពិសេស​​នៅក្នុ​ង​តំបន់​ព្រៃភ្នំ​ដាច់​ស្រ​យាល​ ដែល​អ្នក​ភូមិ​ភាគ​ច្រើន​និយម ធ្វើ​ស្រែ​ចម្ការ និង​ការ​រុក​រក​អនុ​ផល​ព្រៃ​ឈើ ដើម្បី​ផ្គត់​ផ្គង់​ជី​វភាព​គ្រួសារ​»​។​

​លោក​បាន​បន្ថែម​ថា ភ្នំ​ខ្នង​វាល ជា​តំបន់​ទេស​ចរណ៍​ធម្មជា​តិ​មួយដែ​ល​សម្បូរ​ដោយ​ដើម​ឈើ​តូចធំ ទឹក​ជ្រោះ ​និង​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់​នៅ ​ក្នុង​នោះ​ក៏មាន​ប្រភេទ​សត្វ​កម្រ​និង​​ជិត​ផុត​ពូជ​ផង​ដែរ​ ដូ​ចជា សត្វ​​ខ្ទីង ​ទន្សោង ​ខ្លាឃ្មុំ ដំរី និង​សត្វ​ក្រពើ​ភ្នំ​។ តំបន់​នេះ ស្ថិត​នៅក្នុ​ង​តំបន់​ដែនជ​ម្រកស​ត្វព្រៃ​​ភ្នំឱ​រ៉ា​ល់ ខេត្ត​កំព​ង់ស្ពឺ​។

​លោក​គឹម​សួរបាន​និយាយ​ទៀត​ថា កាលពី​ខែមីនា​ ក្រុម​ការងារ​​របស់លោ​ក បាន​រក​ឃើញ​មាន​បទ​ល្មើស​កាប់​រាន​ដីព្រៃ​ជាច្រើន​ហិក​តា និង​បទល្មើ​ស​ឡធ្យូង​នៅក្នុង​ចំណុច​ភូមិសា​ស្ត្រ ឃុំ​​ត្រពាំង​ជង ស្រុក​ឱ​រ៉ា​ល់​។

​ជុំវិញ​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​ថ្មី​នេះ លោក នៅ​ ណាក់ អនុប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្តកំ​ពង់​ស្ពឺ ទទួល​បន្ទុក​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១​ ខែឧសភា​ថា លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​តំបន់​ការពារ​ដែន​ជម្រក​នេះ ស​ហកា​រ​ជា​មួយ​សហ​គមន៍​ និង​ក្រុមយុ​វជន​ ចុះ​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​នៃ​ក្រុម​ជន​ប្រព្រឹត្ត​បទ​ល្មើស ​ដើម្បី​ចា​ត់ការ​តាម​នីតិ​វិធី​។​

​លោក​បាន​ថ្លែង​ថា​៖«​នៅពេ​លនេះ ​ខ្ញុំ​នៅ​មិន​ទាន់​ទទួល​បាន​សេចក្ដី​រាយការណ៍​ពិស្ដារ​ជា​លាយ​លក្ខណ៍​អក្សរ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​តំបន់​នៅ​ឡើយ​ទេ »​។​

​បើ​តាម​លោក ​នៅ ណាក់ បច្ចុប្បន្ន​ ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អាជ្ញា​ធរ​ពាក់ព័​ន្ធ រួ​មទាំង​ប្រជា​សហ​គមន៍​បាន​និង​កំពុង​សហ​ការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​នៅ​ក្នុង​ការចុះ​ល្បាត​ការពារ​ព្រៃ​ឈើ ​និង​សត្វព្រៃ​ ដើម្បី​ការពារ​ធន​ធាន​ធម្ម​ជាតិ​នៅ​ក្នុង​តំបន់​នេះ​៕