ភ្នំពេញៈ​ អង្គ​ការ​អន្តរ​ជាតិ​​ខាង​ការ​ងារ​ (ILO) សហ​ការ​ជា​មួយ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​និង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​កុមារ​ និង​ស្ត្រី នឹង​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ស្ដីពី​យន្ត​ការ​ដោះ​ស្រាយ​បណ្ដឹង​ពលករ​ចំណាក​ស្រុក ​ដល់​មន្ត្រី​រដ្ឋាភិ​បាល​ សហ​ជីព និង​អង្គការ​សង្គម​ស៊ីវិលក្នុង​ខេត្ត​ចំនួន​ ៣ ដោយ​ផ្ដោត​លើ​វិស័យ​នេ​សាទ និង​វិស័យ​កែច្នៃ​អាហារ​សមុទ្រ។​

​នេះ​បើតាម​ការ​លើក​ឡើង​របស់​លោក​ សុខ សំបូរ អ្នក​សម្រប​សម្រួល​គម្រោង​ថ្នាក់​ជាតិ​នៃ​គម្រោង​ Ship to Shore Rights South-East Asia​ នៅ​ថ្ងៃទី​ ១ ​ខែ​ឧសភា ឆ្នាំ​ ២០២៣​។​

​លោក​បាន​សរសេរ​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម​របស់​លោក​ថា អង្គការ ILO ​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​កុមារ ​និង​ស្ត្រី ​នឹង​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ទាក់​ទង​នឹង​យន្ត​ការ​ដោះ​ស្រាយ​បណ្ដឹង​ពលករ​ចំណាក​ស្រុក​ក្នុង​វិស័យ​នេសាទ​ និង​វិស័យ​កែច្នៃ​អាហារ​សមុទ្រ ​ទៅកាន់​មន្ត្រី​រដ្ឋាភិ​បាល ​សហ​ជីព និង​អង្គការ​សង្គម​ស៊ីវិល ក្នុង​ខេត្ត​ចំនួន​៣ ដែល​មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​ច្រើន​ រួមមាន​៖ ខេត្ត​ពោធិ៍​សាត់​ ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​កោះ​កុង​។​

​លោក​ថា កម្មវិធី​នេះមាន​ការ​គាំទ្រ​ពី​សហ​ភាព​អឺរ៉ុប ក្រោម​ជំនួយ​បច្ចេក​ទេស​អង្គ​ការ​ ILO ក្នុង​គម្រោង Ship to Shore Rights South-East Asia ផ្នែក​ទេសន្តរ​ប្រវេសន៍​ការងារ ដោយ​ផ្តោត​លើ​ផ្នែក​នេ​សាទ និង​ការ​កែច្នៃ​អាហារ​សមុទ្រ​។​

​លោក​សុខ សំបូរ ​បញ្ជាក់​ថា​៖«​វគ្គ​បណ្តុះ​បណ្តាល​នេះនឹង​ពង្រីក​លទ្ធ​ភាព​ទទួល​បាន​យុត្តិ​ធម៌ និង​ដំណោះ​ស្រាយ​សម្រាប់​ពលករ​ចំណាក​ស្រុក និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ដែល​កំពុង​ជួប​ប្រទះ​ការរំ​លោភ​បំពាន​លើ​សិទ្ធិ​ការងារ រួម​ទាំង​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​នេ​សាទ និង​វិស័យ​កែច្នៃ​អាហា​រ​សមុទ្រ​ផង​ដែរ​»​។

​លោកហ៊ូ​ វុ​ឌ្ឍី រដ្ឋលេ​ខាធិកា​រ​ក្រសួង​ការងារ និង​បណ្តុះបណ្តា​ល​វិជ្ជាជីវៈ បាន​លើក​ឡើង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ការ​ ILO ​ចុះ​ថ្ងៃទី​១ ​ខែឧសភា ឆ្នាំ​២០២៣​ថា វគ្គ​បណ្តុះ​បណ្តាល​​នេះ​នឹង​ផ្តល់​ឱកាស​ដ៏​ល្អ​សម្រាប់​ភា​គី​ពាក់ព័​ន្ធ​សំខាន់ៗ​នៅ​ថ្នាក់​ខេត្ត ​ដើម្បី​យល់​កាន់តែ​ច្បាស់​ពី​ដំណើរ​ការ​ដោះស្រាយ​បណ្ដឹង​សម្រាប់​ពលករ​ចំណាក​ស្រុក​នៅ​កម្ពុជា​។

​លោក​បាន​ថ្លែងថា​៖ «​នៅមាន​ការងារ​ជាច្រើ​ន​ទៀត​ដែល​ត្រូវការ​ធានា​ឱ្យ​មានការ​អនុវត្ត​ប្រក​បដោយ​ប្រសិទ្ធភា​ព ដើម្បី​ឱ្យ​ជន​ចំណាកស្រុ​ក​មាន​សិទ្ធិ​ទទួល​បាន​សំណង​ជាក់​ស្តែង​។​វឌ្ឍន​ភាព​ជាច្រើន​ត្រូវបាន​បង្កើត​ឡើង​ក្នុងការ​រៀបចំ​យន្ត​ការ​ឆ្លើយ​តប ដើម្បី​ដោះស្រា​យ​បញ្ហា​ប្រឈម​របស់​ពួកគេ​​នៅក្នុង​​ប្រទេស​កម្ពុជា​»​។

​ជាមួ​យគ្នា​នេះ លោ​ក ទុន សុភ័ណ អ្នកសម្រ​បស​ម្រួល​ថ្នាក់​ជាតិ​របស់​អង្គការ ILO​ប្រចាំ​នៅ​កម្ពុជា ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា នៅក្នុង​ប្រទេស​គោ​លដៅ​សំខាន់ៗ ឱ​នភាព​ការងារ​សមរម្យ​សំខាន់ៗ​នៅតែមា​ន​សម្រាប់​ពលក​រ​ចំណាក​ស្រុក​កម្ពុជា​ដែល​ធ្វើការ​ក្នុង​វិស័យ​នេសាទ​និង​វិស័យ​កែច្នៃ​អាហារ​សមុទ្រ​។ ​ការស្រា​វជ្រាវ​ថ្មីៗ​របស់​អង្គ​ការ​អន្តរជា​តិ​ខាង​ការងារ​(ILO)បាន​បង្ហាញ​ពី​ភាពប្រ​សើរ​ឡើង​មួយចំ​នួន​នៅក្នុង​លក្ខខណ្ឌ​ការងារ​សម្រាប់​អ្នក​ចំណាក​ស្រុក​ក្នុង​វិស័យ​នេសា​ទ និង​វិស័យ​កែច្នៃ​អាហារ​សមុទ្រ​។

​ទោះជា​យ៉ាង​ណា​ លោក​​បានប​ញ្ជាក់ថា​ ៖ «​ការ​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ ក៏​ត្រូវ​បាន​រកឃើ​ញថា​នៅតែ​បន្ត​កើតមា​ន ដូចជា ​ការ​ជំនួស​កិច្ច​សន្យា កា​ររក្សា​ទុក​ឯក​សារ​អត្តសញ្ញា​ណ ការជាប់​បំណុល ​ការធ្វើការ​លើស​ម៉ោង ការ​កិប​កេង​ប្រាក់​ឈ្នួល ​អំពើ​ហិង្សា និង​ការ​បៀត​បៀន ហើយ​និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​ដើម​»​។​

​យោង​តាម​ទិន្នន័​យ​របស់​អង្គការ​សហប្រ​ជាជាតិ​បង្ហាញ​ថា​ មាន​ជន​ចំណាក​ស្រុក​កម្ពុជា​ជាង១​,១​លាន​នាក់​ដែល​កំពុង​ធ្វើការ​នៅក្រៅ​ប្រទេស ហើ​យ​រាប់ពាន់​នាក់​ទៀត​ត្រូវបានធ្វើ​​ការមិន​ច្បាស់លា​ស់​ដោយ​ស្ថាន​ភាព​មិន​ស្រប​ច្បាប់​។ភាគច្រើន​​នៃ​ពលករ​ចំ​ណាកស្រុក​ទាំងនេះ​ត្រូវបាន​ជួល​ធ្វើ​ការងារ​សំខាន់ៗ ​រួមទាំង​ក្នុង​វិស័យ​នេសាទ ​និង​វិស័យ​កែច្នៃ​អាហារ​សមុទ្រ​ផងដែ​រ​។

​សូម​បញ្ជា​ក់​ថា ​គម្រោង Ship to Shore Rights South-East គឺជា​គំនិត​ផ្តួចផ្តើ​ម​ជាច្រើន​​ប្រទេស​របស់​ស​ហភា​ព​អឺរ៉ុប និង​អង្គ​ការ​សហប្រជា​ជាតិ​ដែល​អនុវត្ត​ដោយ​អង្គកា​រ​អន្តរ​ជាតិ​ខាង​ការងារ(ILO)​សហ​ការ​ជាមួយ​អង្គការ​ទេសន្តរ​ប្រវេស​ន៍​អន្តរ​ជាតិ​(IOM)​និង​កម្មវិធី​អភិ​វឌ្ឍន៍​អង្គកា​រសហ​ប្រជា​ជាតិ (UNDP)៕