ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា លោកគាំទ្រចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ឯកអគ្គរាជទូត​ជប៉ុន ក្នុង​ការធ្វើសមាហរណកម្ម កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជាមួយនឹង​តំបន់​សេដ្ឋកិច្ច​ពិសេស នៅជាប់​គ្នា​តែម្តង ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​មកពី​ក្រៅប្រទេស ជាពិសេស វិនិយោគិន​ជប៉ុន​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ ២០២៣​។​

​លោក​បន្តថា រាល់​កិច្ចប្រជុំ​ជា​​មួយ​ថ្នាក់ដឹកនាំ​ប្រទេស​ជប៉ុន លោក​តែងតែ​អំពាវនាវ​ចំពោះ​ការ​​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ​។ កម្ពុជា​-​ជប៉ុន បាន​យក​ចិត្ត​ទុកដាក់​លើ​ផ្នែក​ភ័ស្តុភា​រកម្ម និង​ព​ន្លឿ​ន​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ទឹក​នៅ​កំពង់ផែ​នេះ​រឹតតែ​ជ្រៅ ដើម្បី​អាចឱ្យ​នាវា​ធំៗ​ចូល​ចត​នៅ​កំពង់ផែ​នេះ​បាន​ដើម្បី​កាត់​បន្ថយ​តម្លៃ នៃ​ការដឹកជញ្ជូន​។​

​លោក ​ហ៊ុន សែន ​បន្ថែមថា​៖ «​ខ្ញុំ​តែងតែ​អំពាវនាវ​ឱ្យ​ជប៉ុន​ពង្រីក​ឱ្យបាន​លឿន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន​នូវ​ផែ​ទឹក​ជ្រៅ​។ កាលណោះ ខ្ញុំ​បាន​អំពាវនាវ​ដល់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ដែល​បានទទួល​មរណ​ភាព​ទៅហើយនោះ គួរឱ្យ​សោកស្តាយ​ណាស់​គឺ​អំពាវនាវ​ឱ្យ​ព​ន្លឿ​ន​ឱ្យធ្វើ​យ៉ាង​ម៉េច ឱ្យ​ទឹក​មាន​ជម្រៅ​កាន់តែ​ជ្រៅ​»​។

​លោក​បញ្ជាក់ថា​៖ «​ជម្រៅ​ទឹក​របស់​យើង​នេះ មានតែ​ជាង​៨​ម៉ែត្រ​ទេ ប៉ុន្តែ​ជប៉ុន​បានធ្វើឱ្យ​យើង​ដល់​ទៅ​ ៩,២ ​ម៉ែត្រ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ ៩,២​ ម៉ែត្រ​នេះ យើង​ទទួលបាន​ទំនិញ​ត្រឹមតែ​ ១៨​ ភាគរយ​ទេ ព្រោះ​នាវា​ធំៗ អត់​បាន​ចូល​មកដល់​ទេ​។ ពិតមែន តែ​យើង​ពង្រីក​ចំណត​កុងតឺន័រ ៣៥០ ​ម៉ែត្រ ហើយ​ចំនួន​កុងតឺន័រ ដែល​ចូលមក នឹងមាន​ចំនួន​ពី​ ៥៥០ ០០០ ដល់​ ១ ​លាន ប៉ុន្តែ​នៅតែ​ទទួល​ក្នុង​បរិមាណ ​១៨ ​ភាគរយ​ដដែល នៃ​សមត្ថភាព​ទទួល​ក្នុង​កំពង់ផែ​នេះ ដូចនេះ​យើង​នៅតែ​ខាត​ ២០០​ ដុល្លារ ក្នុង​ ១​ កុងតឺន័រ​ដដែល​»​។

លោក ហ៊ុន សែន និង​ឯកអគ្គរាជទូតជប៉ុនចុចប៊ូតុង​បើកការដ្ឋានសាងសង់ ពីម្សិលមិញ​។ រូប SPM

លោក​បន្តថា នៅ​ជំហាន​ខាងមុខ ឆ្នាំ​ ២០២៦ ចំណត​ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី​១ ប្រវែង ៣៥០ ​ម៉ែត្រ ជម្រៅ​ទឹក​សាងសង់ ១៤,៥​ ម​និង​ជំហាន​ទី​ ២ ​ប្រវែង ៤០០​ ម៉ែត្រ ជម្រៅ​ទឹក សាងសង់ ១៦,៥​ ម អនុញ្ញាតឱ្យ​នាវា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ចូល​ចត​បាន កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ប្រមាណ ២០០$/TEUs បង្កើន​ភាព​ប្រកួតប្រជែង នោះ​កំពង់ផែ​កម្ពុជា​ដូច​គេ​ដូច​ឯង​ដែរ​ហើយ​។​

​លោក UENO Atsushi ឯកអគ្គ​រាជ​ទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា កម្ពុជា​-​ជប៉ុន បានគិត​រួមគ្នា​ក្នុងការ​​កសាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទៅជា​កំពង់ផែ​សេរី ដែលមាន​ទំនាក់ទំនង​គ្នា​រវាង​កំពង់ផែ និង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​។ លោក​មានប្រសាសន៍ថា ៖ «​ចាប់តាំងពី​ឆ្នាំ​ ១៩៩៦​ មក ប្រទេស​ជប៉ុន​បាន​បន្ត​គាំទ្រ​ដល់​ការកសាង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បីឱ្យ​កំពង់​ផែ​នេះ អាច​ដំណើរការ​ទៅបាន​ល្អ​»​។​

​ចំណែក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏បាន​លើកឡើង​ដែរ​ថា កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ដែល​បាននិងកំពុង​រួមចំណែក​គាំទ្រ​ដល់​ការរីកចម្រើន និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​តាមរយៈ​ការកើនឡើង​គួរឱ្យកត់សម្គាល់​នូវ​បរិមាណ​ទំនិញ​ឆ្លង​កាត់​នៅក្នុង​កំពង់ផែ​នេះ ដែល​ធ្វើឱ្យ​ប្រាក់ចំណូល​របស់​កំ​ពង់​ផែ ក៏ដូចជា​ប្រាក់​ចំណូល​របស់​ជាតិ​មានការ​កើន​ឡើងជា​លំដាប់​។ លោក​បញ្ជាក់ថា​៖ «​បរិមាណ​​ទំនិញ​ឆ្លងកាត់​នៅ​ឆ្នាំ​ ២០២២ មាន​ចំនួន​ប្រមាណ ៧​ លាន​តោន កើនឡើង ០,១៨​ ភាគរយ និង​ចំណូល​សរុប​មាន​ប្រមាណ ៣៤៤ ប៊ី​លាន​រៀល ​(​ប្រមាណ ៨៤​ លាន​ដុល្លារ អាមេរិក​) កើនឡើង ០,៤១ ​ភាគ​រយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២១»​។​

​នៅក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន នៅ​ខេត្ត​ព្រះសីហនុ កាលពី​សប្តាហ៍​មុន លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ប្រាប់ថា ការ​​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី គឺជា​ការ​​អភិវឌ្ឍ​បន្ថែមទៀត ដើម្បី​ពង្រីក​សមត្ថភាព​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត​ដោយ​ការសាងសង់​នឹង​ចែកចេញជា​ ៣​ ជំហាន​។

លោក​បាន​បញ្ជាក់ថា​៖ «​គម្រោង​ទាំង​ ៣ នឹង​ប្រើប្រាស់​ថវិកា​សរុប​ប្រមាណ ​៩៧៣​ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុងនោះ ឥណទាន​សម្បទាន​ពីរ​ដ្ឋា​ភិ​បាល​នៃ​ប្រទេស​ជប៉ុន​ចំនួន​ប្រមាណ ៧៦០ ​លាន​ដុល្លារ​អាមេរិក ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ពន្ធអាករ​ផ្សេងៗ​ចំនួន​ប្រមាណ ១៩២​ លាន​ដុល្លារ​អាមេរិក​, និង​ថវិកា​ផ្ទាល់​របស់​កំពង់ផែ​ស្វ​យ័​ត​ក្រុងព្រះសីហនុ​ចំនួន​ប្រមាណ ២១​ លាន​ដុល្លារ​អាមេរិក​»​។

​លោក​បាន​បន្តថា ដោយ​ផ្អែក​តាម​ការ​សិក្សា​សមិទ្ធ​លទ្ធភាព គម្រោង​សាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​ទាំង​៣​ជំហាន​នេះ​នឹង​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ជា​កំពង់ផែ​អន្តរជាតិ​ខ្នាតតូច ​(Feeder Port) ឱ្យទៅជា​កំពង់ផែ​អន្តរជាតិ​ខ្នាត​ធំ ​(Hub Port) ដែល​អនុញ្ញាតឱ្យ​នាវា​កុងតឺន័រ​ធុន​ធំ ដែលមាន​ផ្លូវ​ដឹកជញ្ជូន​ពី​គ្រប់​តំបន់​នៅក្នុង​ពិភព​លោក​អាច​ចូល​ចត​បាន ដោយ​ពុំមាន​ឧបសគ្គ​លើ​ជម្រៅ​ទឹក ទៀតឡើយ​។

​លោក លូ គឹមឈន់ បន្តថា គម្រោង​ទាំង​នេះ នឹង​ផ្តល់​ផលចំណេញ​ដល់​សេដ្ឋកិច្ ច​(EIRR) ប្រមាណ ២៣,៣​ ភាគរយ និង​ផលប្រយោជន៍​ហិរញ្ញវត្ថុ​(FIRR) ប្រមាណ ៧,៧​ ភាគរយ​ផងដែរ​៕