ភ្នំពេញៈ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ចេញ​សារលិខិត​ក្នុងឱកាស​ទិវា​ឆ្មប​ជាតិ​អន្តរជាតិ​ឆ្នាំនេះ​ដោយ​ជំរុញ​ឱ្យ​បន្ត​ការ​វិ​និ​​យោគ​ដល់​ការងារ​ឆ្មប​បន្ថែមទៀត ដើម្បី​ធានា​ដល់​សុខភាព​ប្រជាជន​កម្ពុជា​ក្នុងពេល​បច្ចុបន្ន និង​អនាគត ខណៈ​អត្រា​នៃ​ការ​សម្រាលកូន​ដោយ​ឆ្មប​ជំនាញ​មានការ​កើនឡើង​។​

នៅ​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំ​ ២០២៣ ខាងមុខ កម្ពុជា និង​ពិភពលោក នឹង​រួមគ្នា​ប្រារព្ធ​ទិវា​ឆ្មប​ជាតិ​-​អន្តរជាតិ ក្រោម​ប្រធាន​បទ​ «​រួមគ្នា​ជាថ្មី​៖​ ពី​ភ័ស្តុតាង​ជាក់​លាក់ ទៅ​ការអនុវត្ត​ពិតប្រាកដ​» ក្នុង​គោលបំណង​លើកកម្ពស់​ការយកចិត្ត​ទុកដាក់​ចំពោះ​សុខ​​ភាព​មាតា ទារក កុមារ​ទូទាំង​សកលលោក និយាយ​ជារួម និង​និយាយ​ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​។

​លោកស្រី ប៊ុន រ៉ានី បានលើកឡើង​ក្នុង​សារលិខិត​នោះ​ថា ប្រធានបទ​ឆ្នាំ​ ២០២៣​ នេះ បាន​ផ្តោតជាសំខាន់​ទៅលើ​ការប្តេជ្ញា​​ចិត្ត​រួម​របស់​ប្រទេស​ទាំងអស់ ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុងនោះ​មាន​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​ក្នុង​ការខិតខំ​ប្រឹងប្រែង​ដោយ​ប្រមូល​គ្រប់​លទ្ធភាព និង​ធនធាន​ដែល​មានមក​វិនិយោគ​លើ​ការងារ​ឆ្មប ដើម្បី​មាន​ឆ្មប​ជំនាញ​គ្រប់គ្រាន់​។​

​លោកស្រីបាន​បញ្ជាក់ថា​៖ «​ពោលគឺ​ត្រូវមាន​ឆ្មប គិ​លា​នុ​ប​ដ្ឋា​ក និង​វេជ្ជបណ្ឌិត ដែល​បំពេញការងារ​ជួយ​ស្ត្រី​ក្នុងការ​សម្រាលកូន អាចឆ្លើយតប​បាន​ទៅនឹង​តម្រូវការ​ចាំបាច់​នៃ​ការថែទាំ​សុខភាព ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​របស់​ស្ត្រី មាតា ទារក និង​កុមារ​។ ឆ្មប​ជំនាញ​គ្រប់ៗ​រូប បាន និង​កំពុង​បំពេញការងារ​យ៉ាងសកម្ម​ក្នុងការ​តាមដាន​រក​ដើមហេតុ​នៃ​បញ្ហា និង​ផលវិបាក​នានា​ដើម្បី​ទប់ស្កាត់​ជំងឺ ព្យា​បាល និង​សង្គ្រោះបន្ទាន់​ក្នុង​គោលបំណង​កាត់បន្ថយ​អត្រា​នៃ​ការស្លាប់​របស់​មាតា ទារក និង​កុមារ​»​។​

​តាម​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​របស់​កម្ពុជា បាន​បង្ហាញថា អត្រា​នៃ​ការ​សម្រាល​កូន​ដោយ​ឆ្មប​ជំនាញ​មានការ​កើនឡើង​ពី ​៣៤​ ភាគរយ នៅ​ឆ្នាំ​ ២០០០ ដល់​ ៩៩​ ភាគរយ នៅ​ឆ្នាំ​ ២០២១-២២​។ កំណើន​នេះ បានធ្វើឱ្យ​អត្រា​មរណភាព​មាតា​បាន​ថយចុះ​ពី​ ៤៣៧​ ករណី នៅ​ឆ្នាំ​ ២០០០ មក​នៅ​១៥៤​ ករណី ក្នុង​ ១​ សែន​កំណើត​រស់នៅក្នុង​ឆ្នាំ ​២០២១-២២ ខណៈ​អត្រា​មរណភាព​ទារក​ទើប​កើត​បាន​ថយចុះ​ពី​ចំនួន ៣៧ ​ករណី​នៅ​ឆ្នាំ​ ២០០០ មក​នៅត្រឹម​ ៨ ​ករណី​​ក្នុង​ ១ ​ពាន់​កំណើត​រស់ នៅ​ឆ្នាំ ​២០២១-២២​។ ចំណែក​អត្រា​មរណភាព​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​បាន​ថយចុះ​ពី​ ១២៤ ​ករណី នៅ​ឆ្នាំ​២០០០ ដល់​ ១៦​ ករណី​ក្នុង​ ១ ពាន់​កំណើត​រស់នៅ​ឆ្នាំ​ ២០២១-២២​។​

​ជាមួយគ្នា​នោះ​លោកស្រី ប៊ុន រ៉ានី បាន​អំពាវនាវ​ឱ្យ​គ្រប់​ស្ថា​​ប័ន​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ជាតិ និង​អន្តរជាតិ ជួយ និង​បន្ត​ជួយ​វិនិយោគ​គាំទ្រ​ដល់​ការងារ​ឆ្មប​ថែមទៀត ដើម្បី​សុខភាព​ប្រជា​ជនកម្ពុជា ក្នុងពេល​បច្ចុប្បន្ន និង​ពេលអនាគត​។

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​យើង​មិនត្រូវ​ស្កប់ស្កល់​នឹង​វឌ្ឍនភាព​ខាងលើ​នេះឡើយ ដូច​នេះហើយ​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល អ្នកផ្តល់​សេវា​ទាំង​អស់ សូម​ចូលរួម​គាំទ្រ​ការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឈានទៅ​សម្រេចបាន គោលដៅ​របស់​រាជ​រដ្ឋាភិបាល​តាម​ការកំណត់​»​។​

​បន្ថែម​ពីនេះ​លោកស្រី បាន​ណែនាំ​ថា មិនត្រូវ​បន្ធូរបន្ថយ​ការខិតខំ​ប្រឹងប្រែង​នោះទេ ព្រោះ​ប្រទេស​នីមួយៗ​ចាំបាច់​ត្រូវមាន​ឆ្មប​ជំនាញ​គ្រប់គ្រាន់ ហើយ​ឆ្មប​ជំនាញ​ទាំងនោះ​ត្រូវ​ទទួលបាន​ជាប្រចាំ​នូវ​ការ​បង្វឹក​បំប៉ន​ជំនាញ ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ ដែលមាន​ប្រសិទ្ធភាព​សម្រាប់​ការ​ផ្តល់​សេវា​ថែទាំ ជួយសង្គ្រោះ និង​ព្យាបាល​ទាន់ពេលវេលា​។

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ក្រៅពី​ការផ្តល់សេវា​សម្រាល​កូន កាតព្វកិច្ច​សំខាន់​មួយទៀត​គឺ​ការថែទាំ​ស្ត្រី​ក្នុងពេល​មានគភ៌ និង​ការថែទាំ​មាតា ទារក ក្រោយពេល​សម្រាល រួមទាំង​ផ្តល់​ការអប់រំ​អំពី អាហារូបត្ថម្ភ ការចិញ្ចឹម ថែទាំ​ទារក និង​កុមារ​តូច​។ បន្ថែម​ពីលើ​នេះ ឆ្មប​ជំនាញ​អាចជួយ​ស្ត្រី​ក្នុងការ​ទទួលបាន​នូវ​សេវា​ពន្យារកំណើត​តាម​តម្រូវការ និង​តាម​ប្រាថ្នា ផ្តល់​ការពិនិត្យ​តាម​ដាន​ជំងឺមហារីក​សុដន់ ឬ​មហារីក​មាត់ស្បូន និង​ជួយ​ស្ត្រី​ដែល​រង​គ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​យេនឌ័រ​ថែមទៀត​»​។​

​យោងតាម​គេហទំព័រ​របស់​គណៈ​ឆ្មប​កម្ពុជា បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​ ២០១២ មកទល់​បច្ចុប្បន្ន កម្ពុ​ជាមាន​ឆ្មប​ចំនួន ៤ ១០០ ​រូប បាន​ចុះបញ្ជី​ជាមួយ​គណៈ​ឆ្មប​រាជធានី​-​ខេត្ត​ចំនួន ​២៧ ​កន្លែង ខណៈ​មាន​បុគ្គលិក​សុខាភិបាល​ដែលជា​ឆ្មប​កម្រិត​មធ្យម និង​ឆ្មប​បឋម​សរុប​ចំនួន ៣ ៧៣១​ នាក់​៕