រយៈពេល ៤ ខែ ប្រជាពលរដ្ឋ​ចំនួន ១៦ ភូមិ​ក្នុង​ខេត្តរតនគិរី និង​មណ្ឌលគិរី បានព្រមព្រៀង​ដើម្បីចាប់ផ្តើម​គម្រោង​រេដបូក​ជ ដែនជម្រក​សត្វព្រៃ​លំផាត់ ក្រោយពី​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា សហការ​ជាមួយ​គម្រោង USAID-មរតក​បៃតង និង​អាជ្ញាធរ​ពាក់ព័ន្ធ ផ្សព្វផ្សាយ​ពីគម្រោង​រេដបូក​ដល់​ពួកគាត់។

យោងតាម​អង្គការ​ជីវិតធម្មជាតិ​នៅ​កម្ពុជា កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹង​ថា ចាប់តាំង​ពី​ខែមករា ដល់​បំណាច់​ខែ​មេសា ឆ្នាំ២០២៣ ក្រោមជំនួយ​ថវិកា​ពីអង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ និង​គម្រោង USAID-មរតក​បៃតង អង្គការ​នេះ​បានរៀបចំ​ការពិគ្រោះ​យោបល់ ផ្សព្វផ្សាយ​គម្រោង និងស្នើ​សុំ​ការព្រមព្រៀង​ពី​ប្រជាពលរដ្ឋ​ទាំង ១៦ ភូមិ ដែលជា​ភូមិ​គោលដៅ​នៃ​គម្រោង។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បន្ត​ថា ដំណើរការ​ពិគ្រោះយោបល់ ការផ្សព្វផ្សាយ និងស្នើសុំ​ការព្រមព្រៀង​នេះ អនុវត្ត​ទៅបាន​ដោយរលូន​ក៏ដោយសារ​មាន​ការគាំទ្រ និង​សហការ​ពី​ក្រសួង​បរិស្ថាន មន្ទីរ​បរិស្ថាន អាជ្ញាធរ​មូលដ្ឋាន​ពី​ថ្នាក់​ខេត្ត ដល់​ភូមិ និង​ប្រជាពលរដ្ឋ​ទាំង ១៦ ភូមិ ក្នុង​ខេត្ត​ទាំងពីរ គឺ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី។ ដំណើរការ​នេះត្រូវបាន​រៀបចំ​ជា ការជួបប្រជុំ​ក្រុម​ធំ ក្រុម​តូច និង​ចុះ​ផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បញ្ជាក់​ថា ៖ «ជាលទ្ធផល​ក្នុងរយៈពេល ៤ ខែ​នេះ បានផ្សព្វផ្សាយ​ពីការប្រែប្រួល​អាកាសធាតុ កម្មវិធី​រេដបូក និង​គម្រោង​រេដបូក​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ដល់​ប្រជាពលរដ្ឋ​សរុប​ចំនួន ២៥៣៥ នាក់ ដែលក្នុង​នោះ​មាន​អ្នកភូមិ​ចំនួន ១៣៤២ នាក់ រួមទាំង​ជនជាតិ​ដើម​ភាគតិច ដែល​តំណាង​ឱ្យ​ប្រជាជន​ក្នុង​ភូមិ​ចំនួន៩ បាន​ផ្តល់​ការយល់ព្រម​ជាមុន​ដោយគ្មាន​ការបង្ខិត​បង្ខំ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​គម្រោង តាមរយៈ​ការផ្តិត​មេដៃ»។

ចំណែក​ចំនួន ៧ ភូមិ​ទៀតបាន​ព្រមព្រៀង​ដើម្បី​ចាប់ផ្តើម​គម្រោង​រេដបូក​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដោយ​តាមរយៈ​ការកិច្ចប្រជុំ​លើកដៃ។

លោក ប៊ូ វរសក្ស នាយក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បានប្រាប់​ឱ្យដឹង​នៅ​ថ្ងៃទី៣ ខែ​ឧសភាថា គម្រោង​ឥណទាន​កាបូន​ក្នុងដែន​ជម្រក​សត្វព្រៃ​លំផាត់​នេះ ជាគំនិត​ផ្ដួចផ្ដើម​ថ្មី​ដែលគាំទ្រ​ដោយ​រាជរដ្ឋាភិបាល ពិសេស​ក្រសួង​បរិស្ថាន ដែលជាអ្នក​គ្រប់គ្រង​ព្រៃឈើ និង​សត្វព្រៃ​ឱ្យមាន​និរន្តរភាព។

លោកបន្ត​ថា មុននឹង​ទទួលបាន​លទ្ធផល​ពីការយល់ព្រម​ពី​ប្រជាពលរដ្ឋ​ទាំង ១៦ ភូមិ​នេះ គឺភាគី​ពាក់ព័ន្ធ​បាន​សហការគ្នា ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នូវគម្រោង​រេដបូក​ឱ្យកាន់តែ​ទូលំទូលាយ​ទៅកាន់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យពួកគាត់​យល់​កាន់តែ​ច្បាស់​ពីសារៈប្រយោជន៍​នៃគម្រោង​ឥណទាន​កាបូន​នេះ។

ដើម្បី​អនុវត្ត​គម្រោង​រេដបូក​នេះ​បាន គឺត្រូវការយល់​ស្រប​ពី​ប្រជាពលរដ្ឋ​ដែលរស់នៅ​ក្នុងមូលដ្ឋាន​ដោយសារ​ការចូលរួម និង​ការធ្វើ​សេចក្ដី​សម្រេច​ចិត្ត តាមរយៈ​ការព្រមព្រៀង​ដោយសេរី មុន​ការអនុវត្ត​គម្រោង និង​ដោយ​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​គម្រោង​នេះ គឺមាន​ភាពចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​អាច​បញ្ចៀស​នូវ​ផលប៉ះពាល់​ដែលអាច​កើតមាន​ពីគម្រោង​រេដបូក​ដែនជម្រក​សត្វព្រៃ​លំផាត់។

លោក ប៊ូ វរសក្ស លើកឡើង​ថា ៖ «ចំពោះ​ការព្រមព្រៀង​នេះ ភាគី​ពាក់ព័ន្ធ​នឹងធ្វើ​ការបន្ត​ទៀត​ជាមួយ​ប្រជាពលរដ្ឋ​ដែលមិនទាន់​ព្រមព្រៀង ព្រោះ​ដើម្បី​ឱ្យឈាន​ដល់​ការកំណត់​ទំហំ​កាបូន និង​អាចយក​កាបូន​ទៅ​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​បាន​ក្នុង​គម្រោង​ឥណទាន​កាបូន​នេះ»។

លោកបញ្ជាក់​ទៀត​ថា ៖ «អ៊ីចឹង​ថវិកា​ដែលយើង​យកបាន​ពីការលក់​ឥណទាន​កាបូន​នេះ គឺយើង​គិត​ថា​យ៉ាងតិច​ក៏ ៧៥% ផងដែរ ដែល​បម្រើ​ឱ្យ​ការងារ​អភិរក្ស និង​ការពារ​ព្រៃឈើ ក៏ដូចជា​បង្កើន​ជីវភាព​សហគមន៍​នៅក្នុង​មូលដ្ឋាន ហើយតាមរយៈ​ទាំងអស់​នេះ គឺជា​យន្តការ​មួយ​ដែលអាច​ធ្វើ​ឱ្យ​យើង​ទប់ស្កាត់​ការបាត់បង់​ព្រៃឈើ និងការពារ​សត្វព្រៃ​បាន ដែលនេះ​គឺជាអ្វី​ដែលយើង​រំពឹង​ទុក ដូចនៅ​ខាង​ដែន​ជម្រក​កែវសីមា​ដែរ»។

សូមបញ្ជាក់​ថា ដែន​ជម្រក​សត្វព្រៃ​លំផាត់​នៃ​តំបន់​ខ្ពង់រាប​ភាគ​បូព៌ា ដែល​ត្រូវ​បានបង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​ក្នុង​ឆ្នាំ១៩៩៣ គ្រប​ដណ្តប់​លើ​ផ្ទៃ​ដី​សរុប​ចំនួន ២៥ ម៉ឺន​ហិកតា ក្នុងនោះ​ប្រហែល ៨០% ស្ថិតនៅ​ក្នុង​ខេត្ត​រតនគិរី និង​ចំនួន ២០% ទៀត​នៅក្នុង​ខេត្ត​មណ្ឌលគិរី។ ដែនជម្រក​សត្វព្រៃ​លំផាត់ ក៏ជាទីតាំង​ដ៏សំខាន់មួយ​សម្រាប់​ការអភិរក្ស​សត្វព្រៃ និង​ធនធាន​ជីវៈ​ចម្រុះ ជាពិសេស​ប្រភេទ​សត្វស្លាប​កម្រ និង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក៕