
រូបភាពបង្ហាញពីរបៀបនៃការបំបៅកូនដោយទឹកដោះម្ដាយនាពេលកន្លងមក។ រូបថត UNICEF Cambodia
ភ្នំពេញៈ ការបំបៅកូនដោយទឹកដោះម្តាយភ្លាម បន្ទាប់ពីសម្រាលអាចជួយទប់ស្កាត់មរណភាពទារកបាន ២០% ហើយកុមារដែលបានទទួលការបំបៅដោយទឹកដោះម្តាយតែ ១ មុខគត់ក្នុងរយៈពេល ៦ ខែដំបូង អាចកាត់បន្ថយជំងឺរាករូសបាន ១១ ដងនិងជំងឺរលាកសួតបាន១៥ ដង បើប្រៀបធៀបជាមួយកុមារដែលមិនបានទទួលការបំបៅដោយទឹកដោះម្តាយ។
បើទោះបីជាការបំបៅកូនដោយទឹកដោះម្តាយតែ ១ មុខគត់មានសារៈសំខាន់យ៉ាងណាក្តី ក៏និន្នាការនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ហេតុអ្វីការបំបៅកូនដោយទឹកដោះម្តាយធ្លាក់ចុះនាពេលបច្ចុប្បន្ន?
ចំនួនបំបៅកូនដោយទឹកដោះម្តាយបានធ្លាក់ចុះពីអត្រា ៧៣,៥% ក្នុងឆ្នាំ ២០១០ មក ៦៥% ក្នុងឆ្នាំ ២០១៤ ហើយតួលេខនេះបានបន្តធ្លាក់ចុះមកត្រឹម ៥១% នៅឆ្នាំ ២០២១ ដែលភាគច្រើនគឺនៅតំបន់ទីប្រជុំជន។នេះបើតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា (CDHS) ឆ្នាំ ២០២២។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ការធ្លាក់ចុះនេះអាចបណ្តាលមកពីកត្តាធំៗ ៣។ ទី១៖ ស្ត្រីជាម្តាយចាប់ផ្តើមខ្វល់ខ្វាយពីសម្រស់ដោយខ្លាចការបំបៅកូននាំឱ្យដើមទ្រូងយារបាត់បង់សម្រស់។ កត្តាទី២៖ ការមមាញឹកនឹងការងារប្រចាំថ្ងៃ និងទី៣៖ ការឃោសនាផ្សព្វផ្សាយលើសលប់ពីគុណភាពផលិតផលទឹកដោះគោ ឬម្សៅទឹកដោះគោតាមរូបមន្តដែលនាំឱ្យគ្រួសារភាគច្រើនមាននិន្នាការងាកទៅរកការប្រើផលិតផលជាងបំបៅកូនដោយទឹកដោះម្តាយ។
រីឯលោក ហ៊ូ ក្រើន ប្រធានអង្គការ ហេឡេន ខេល័រ ប្រចាំកម្ពុជាបានថ្លែងដែរថា ស្ត្រីនៅកម្ពុជាប្រមាណ ៧០ ភាគរយ កំពុងបម្រើការងារក្នុងប្រព័ន្ធហើយតាមការស្រាវជ្រាវ ម្តាយភាគច្រើនបានបោះបង់ការបំបៅកូននៅរវាង ៣ ខែក្រោយសម្រាលពោលគឺពេលចូលធ្វើការវិញដែលនេះជាកង្វះការគាំទ្រពីនិយោជក។
វិបត្តិដែលកើតចេញពីការមិនបំបៅកូនដោយទឹកដោះម្តាយ និងបញ្ហាប្រឈមកម្ពុជាបានខាតបង់ថវិកាប្រមាណ ៣ ២៦,៨ លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ឬស្មើនឹង ២ ភាគរយនៃចំណូលជាតិសរុបទៅលើការរួមចំណែកផ្នែកប្រព័ន្ធសុខាភិបាល និងការខូចខាតផ្នែកបញ្ញាស្មារតីរបស់កុមារ ដោយសារការពុំបានបំបៅកូនដោយទឹកដោះម្តាយបានគ្រប់គ្រាន់។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ការបំបៅកូនដោយផលិតផលជំនួសទឹកដោះម្តាយអាចបង្កហានិភ័យទៅដល់កុមារដូចជា បញ្ហាជំងឺរាក ជំងឺសួត ជំងឺហឺត ពិន្ទុនៃភាពវ័យឆ្លាតឬ IQ ចុះខ្សោយ ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺបេះដូង បញ្ហាលើសទម្ងន់ឬធាត់ជ្រុលជាដើម។
អ្នកស្រី សេង រ័ត្នពិសី ជាអ្នកម្តាយ ១ រូប ដែលធ្លាប់រងគ្រោះពីការបំបៅកូនដោយផលិតផលម្សៅទឹកដោះគោបានឱ្យដឹងថា ក្រោយបំបៅកូនដោយផលិតផលម្សៅទឹកដោះគោ កូនអ្នកស្រីចាប់ផ្តើមជួបបញ្ហាសុខភាព មានភាពស្លេកស្លាំង ឧស្សាហ៍ក្អួតចង្អោរ មានអាការចង់សន្លប់ផងដែរ។
អ្នកស្រីថា៖ «ពេលខ្ញុំនាំកូនទៅមន្ទីរពេទ្យគន្ធបុប្ផា ទើបដឹងថា បញ្ហាកូនខ្ញុំគឺកើតឡើងដោយសារបញ្ហាម្សៅទឹកដោះគោ»។ស្រដៀងគ្នានេះ អ្នកស្រី ចាន់ ផល្គុន ក៏ជួបហេតុការណ៍នេះដែរ បន្ទាប់ពីកូនអ្នកស្រីចាប់ផ្តើមទទួលការបំបៅដោយផលិតផលទឹកដោះគោម្សៅពី ២ ទៅ ៣ ខែ កូនអ្នកស្រីមានអាការខុសប្រក្រតី កើតជំងឺស្លេកស្លាំង និងប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ដំណោះស្រាយនិងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយទឹកដោះម្តាយ គឺជាអាហារូបត្ថម្ភដ៏សំខាន់មានផ្ទុកសារធាតុប្រូតេអ៊ីន ជាតិស្ករឡាក់តូស ជាតិខ្លាញ់ ជាតិទឹក ព្រមទាំងសម្បូរទៅដោយជីវជាតិ និងរ៉ែខនិជ ដូចជា ជីវជាតិ A,B,C,D ជាតិដែក ប៉ូតាស្យូម កាល់ស្យូម។
សារធាតុចិញ្ចឹមអស់ទាំងនេះ ជាអាហារបំប៉នដ៏ចាំបាច់ក្នុងការជួយទារកក្នុងរយៈពេល៦ខែដំបូងនៃជីវិត និងសម្រាប់សុខភាព និងការលូតលាស់របស់កុមារនៅគ្រប់កាលៈទេសៈទាំងអស់។
ប្រធានអង្គការហេឡេន ខេល័រប្រចាំកម្ពុជា លោកហ៊ូ ក្រើន បានអះអាងថា៖«ទឹកដោះម្តាយមានតម្លៃនិងជាអាហារូបត្ថម្ភល្អឥតខ្ចោះនៅគ្រប់កាលៈទេសៈដែលសូម្បីអង្គការសុខភាពពិភពលោកក៏ថា គ្មានផលិតផលណារួមទាំងម្សៅទឹកដោះគោដែលរួមផ្សំតាមរូបមន្ត ល្អលើសទឹកដោះម្តាយពីធម្មជាតិដែរ»។
យុទ្ធនាការផ្សព្វផ្សាយ និងផ្លាស់ប្តូរឥរិយាបថសង្គមគាំទ្រលើការបំបៅកូនដោយទឹកដោះម្តាយរបស់អង្គការយូនីសេហ្វ (UNICEF) បង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយបានសង្គ្រោះជីវិតកុមារអាយុក្រោម ៥ ឆ្នាំជាង ៨២០ ០០០ នាក់ជារៀងរាល់ឆ្នាំនៅទូទាំងសកលលោក និងអាចបង្ការការបាត់បង់ជីវិតបាន ២០ ០០០ ករណីបន្ថែមទៀតពីជំងឺមហារីកដោះដែលកើតមានលើស្ត្រីជាម្តាយជារៀងរាល់ឆ្នាំ។
ដោយមើលឃើញពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ អ្នកជំនាញពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាលកម្ពុជាបានចាត់វិធានការនិងស្វែងរកដំណោះស្រាយជាច្រើន។
លោក ហ៊ូ ក្រើន អះអាងថា កម្ពុជាពិតត្រូវការដំណោះស្រាយមួយដែលជាក់លាក់ និងគ្រប់ជ្រុងជ្រោយក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ។កន្លងមកភាគីពាក់ព័ន្ធនិងក្រសួងសុខាភិបាលកម្ពុជាបានរៀបចំវិធានការដោយដាក់ចេញនូវឯកសារយុទ្ធសាស្ត្រដែលមានឈ្មោះថា «យុទ្ធសាស្ត្រប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថស្ត្រី ទារក និងកុមារ»ជាការត្រួសត្រាយផ្លូវទៅលើការងារនេះ។
សូមរំឭកថា អនុក្រឹត្យលេខ ១៣៣ ចេញផ្សាយកាលពីខែតុលា ឆ្នាំ ២០១៧ មានគោលបំណងរួមចំណែកក្នុងការផ្តល់នូវអាហារូបត្ថម្ភឱ្យបានសព្វគ្រប់ និងមានសុវត្ថិភាពដល់ទារក និងកុមារតូចៗ តាមរយៈការគាំពារ និងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងការជំរុញលើកទឹកចិត្តឱ្យមានការផ្តល់អាហារបន្ថែមឱ្យបានត្រឹមត្រូវ និងស្របតាមអាយុកំណត់របស់ទារកនិងកុមារ។
ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ចលនាបង្កើនអាហារូបត្ថម្ភកម្ពុជា អង្គការសង្គមស៊ីវិលនានា បានសំណូមពរឱ្យបង្កើនរយៈពេលសម្រាកលម្ហែមាតុភាពនៅកម្ពុជា ដែលជាមធ្យោបាយដើម្បីលើកកម្ពស់ការផ្តល់ការបំបៅកូនដោយទឹកដោះម្តាយ ដោយហេតុថាស្ត្រីនៅកម្ពុជាប្រមាណ៧០ភាគរយដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅកំពុងបម្រើការងារក្នុងប្រព័ន្ធ។
ករណីនេះដៃគូសហការរបស់បណ្តាញចលនាបង្កើនអាហារូបត្ថម្ភបានស្នើឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីការសម្រាកលម្ហែមាតុភាពឱ្យសមស្របតាមបទដ្ឋានសកល ដោយបង្កើនរយៈពេលឱ្យបាន ១៨០ ថ្ងៃ ជាមួយនឹងការទទួលបានប្រាក់ឈ្នួលពេញនិងចាប់ផ្តើមណែនាំឱ្យមានច្បាប់លម្ហែបិតុភាពដោយទទួលបានប្រាក់ឈ្នួលសម្រាប់ឪពុកដែលមានកូនទើបកើត និងពង្រឹងវិធានការទាំងនេះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ប្រាក់ សោភ័ណ្ឌនារី បានបង្ហាញការគាំទ្រទាំងស្រុងចំពោះការជំរុញឱ្យមានការបង្កើនរយៈពេលលម្ហែមាតុភាពម្តាយធ្វើការ ព្រោះការឈប់សម្រាកលម្ហែមាតុភាពកន្លងមក បានធ្វើឱ្យស្ត្រីដែលកំពុងបម្រើការងារជួបបញ្ហាប្រឈមនឹងការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ក្នុងរយៈពេល ៦ ខែដំបូងនៃជីវិតរបស់ទារកស្របតាមគោលនយោបាយកម្ពុជា និងអង្គការសុខភាពពិភពលោក។
សរុបមក ការបំបៅកូនដោយទឹកដោះម្តាយពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់ទារកដែលនឹងត្រូវក្លាយជាយុវជនបន្តវេន ហើយដើម្បីអាចដោះស្រាយបញ្ហាធ្លាក់ចុះនៃការបំបៅកូននេះបាន ការចូលរួមពីប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលគឺជារឿងចាំបាច់៕