
ក្មេងប្រុសម្នាក់កំពុងលេងបង្ហោះខ្លែងនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីឆ្នាំ២០២១។ ហុង មិនា
សីហនុៈ ព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងអន្តរជាតិធំបំផុតមិនធ្លាប់មាននឹងធ្វើឡើងនៅខេត្តព្រះសីហនុ ចាប់ថ្ងៃទី ៦ និងថ្ងៃទី ៧ ខែឧសភានេះ តាមរយៈគម្រោង Bay of lights ហើយខ្លែង ដែលនឹងត្រូវបង្ហោះ គឺមកពីបណ្តាប្រទេសជុំវិញពីភពលោកដូចជា ប្រទេសម៉ាឡេស៊ី ថៃ សិង្ហបុរី វៀតណាម បារាំង ព្រមទាំងកម្ពុជាផងដែរ។
លោក David Richard នាយកផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ នៃក្រុមហ៊ុនអភិវឌ្ឍន៍ Canopy Sands បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍បុណ្យបង្ហោះខ្លែងនេះនឹងមានវត្តមានរបស់អ្នកមានស្នាដៃវិចិត្រក្នុងការធ្វើខ្លែងមកពីជុំវិញពិភពលោកចំនួន ២៥នាក់ ដែលមកពីប្រទេសម៉ាឡេស៊ី ថៃ សិង្ហបុរី វៀតណាម បារាំង ដើម្បីធ្វើបទបង្ហាញអំពីខ្លែងអន្តរជាតិទាំងនោះ និងបង្ហោះបង្ហាញភ្ញៀវទេសចរដែលតាមការរំពឹងទុកនឹងមានអ្នកចូលរួមពី៥ពាន់ទៅ ១ម៉ឺននាក់។
លោកបន្តឱ្យដឹងថា ក្រុមបង្ហោះខ្លែងអន្តរជាតិនឹងបង្ហោះខ្លែងដ៏ធំបំផុតដែលអ្នកមិនធ្លាប់ឃើញ មិនតែប៉ុណ្ណោះក៏មានការបង្ហោះខ្លែងប្រពៃណីខ្មែរដ៏គួរឱ្យគយគន់ជាមួយនិងទិដ្ឋភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ។ នៅក្នុងព្រឹត្តិការណ៍នេះខ្លែងរបស់កម្ពុជាក៏មានអ្នកជំនាញធ្វើខ្លែងចំនួន ១៧នាក់ មកចូលរួម និងធ្វើបទបង្ហាញពីរបៀបធ្វើខ្លែងកម្ពុជា ពិសេសខ្លែងឯក ដល់សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋជាភ្ញៀវទេសចរដែលបានមកចូលរួមផងដែរ។
លោក David Richard បន្ថែមថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការបង្ហោះខ្លែងទាក់ទាញភ្ញៀវទេសចរនោះទេ គឺនៅមានកម្មវិធីផ្សេងៗទៀត ឆ្លើយតបការត្រូវការរបស់អ្នកចូលរួមដែលមានដូចជា ស្តង់ម្ហូបអាហាររាប់រយដែលមកពីខេត្តកំពត ភ្នំពេញ ព្រះសីហនុ មានសកម្មភាពដើរផ្សាររាត្រីដ៏អ៊ូអរ ការសម្តែងរបាំភ្លើងដ៏ក្ដៅគគុក ការសម្តែងសៀកដ៏គួរឱ្យភ្ញាក់ផ្អើល និងមានការប្រគំតន្ត្រីផ្សេងៗទៀត។
លោកបញ្ជាក់ថា៖«យើងនឹងមានអ្នកបង្ហោះខ្លែងជាលក្ខណៈអន្តរជាតិមកពី៩ប្រទេសមកចូលរួមបង្ហោះខ្លែង រាប់រយខ្លែង និងមានសកម្មភាពផ្សេងៗទៀត ដូចជាការតាំងពិព័រណ៍ស្តង់ម្ហូបអាហារ កម្មវិធីប្រគំតន្ត្រីផ្សេងៗ ដែលញ៉ាំងឱ្យកម្មវិធីនេះកាន់តែសប្បាយរីករាយគគ្រឹកគគ្រេង»។
លោកបញ្ជាក់បន្ថែមថា កម្មវិធីបុណ្យបង្ហោះខ្លែងនេះ គឺមានការចូលរួមសហការរៀបចំដោយក្រុមហ៊ុនអេចិនស៊ីឈ្មោះ ឃីឡាក់ ដែលជាក្រុមហ៊ុនអេចិនស៊ីរៀបចំព្រឹត្តិការណ៍លក្ខណៈលំដាប់អន្តរជាតិមានស្តង់ដានិងគុណភាព ព្រមទាំងផ្តល់ជូនការចងចាំល្អៗដល់អ្នកចូលរួមទាំងអស់។
លោក Ian Tan នាយកគ្រប់គ្រងនៃក្រុមហ៊ុនអភិវឌ្ឍន៍ Canopy Sands ដែលក៏ចូលរួមរៀបចំក្នុងព្រឹត្តិការណ៍បង្ហោះខ្លែងនេះដែរ បានថ្លែងថា ក្រុមហ៊ុន Canopy Sands មានគោលបំណងពន្លឿនការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការផ្តួចផ្តើម និងជំរុញគម្រោងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ដែលមានបំណងបំពេញតម្រូវការសាធារណៈសំខាន់ៗ និងរួមចំណែកប្រកបដោយអត្ថន័យដល់សហគមន៍មូលដ្ឋានក្នុងខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា៖«តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជីវកម្មក្នុងស្រុក និងខ្សែចង្វាក់ផ្គត់ផ្គង់ផ្នែកស្នូល យើងទទួលយកវិធីសាស្រ្តរួមតែមួយគត់ចំពោះអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ផលចំណេញសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព»។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោង Bay of Lights ដែលរៀបចំព្រឹត្តិការណ៍បង្ហោះខ្លែងជាគម្រោងយក្ស១ដែលបានចូលមកខេត្តព្រះសីហនុ ហើយការចូលមកនេះ ដោយសារតែខេត្តព្រះសីហនុជាច្រកចេញចូលតែ១ ដែលមានទាំងសមុទ្រ កំពង់ផែ ព្រលានយន្តហោះ តំបន់សេដ្ឋកិច្ចពិសេស។ ដើម្បីទាក់ទាញឱ្យមានការមកចូលរួមនៅតំបន់អភិវឌ្ឍន៍ខ្នាតយក្សនេះ រាជរដ្ឋាភិបាលអាចនឹងពិនិត្យពិចារណាបង្កើតឱ្យមានគោលនយោបាយពិសេសមួយចំនួន ដូចជាគោលនយោបាយយកពន្ធ គោលនយោបាយមិនយកពន្ធ ជាដើម។
លោកថ្លែងថា៖«អ្វីដែលសំខាន់គម្រោងបែបនេះនឹងមិនអាចកើតទៅមុខបានទេ បើសិនជាគ្មានគោលនយោបាយពិសេសណាមួយក្នុងការលើកទឹកចិត្តឱ្យក្រុមហ៊ុន»៕