ព្រះសីហនុៈ អភិ​បាល​​​ខេ​ត្ត​ព្រះ​សីហ​នុ​ ​លោក គួច ចំរើន បានជំរុញ​ និងលើ​ក​​ទឹ​កចិ​ត្តឱ្យ​វ​ត្ត​អា​រាម​ ​និ​ងព្រះ​វិហា​រ​​សាស​នាផ្សេ​​​ង​​​ៗ​ ​ធ្វើ​ជា​ម​ជ្ឈម​​ណ្ឌល​អ​ប់​រំ​ប្រជា​ព​លរ​ដ្ឋ​ឱ្យ​មាន​ស្មា​រ​តី​​​ និ​ង​ទឹក​ចិ​ត្ត​ប្រ​ក​ប​ដោយ​​ធម៌ ដើម្បី​ប​ញ្ចៀស​អំ​ពើ​ហិ​ង្សានានា សំដៅជំ​រុញការ​អ​ភិវឌ្ឍ​សង្គមជាតិ​លើគ្រ​ប់វិ​ស័យ។ ​

​លោក គួច ចំរើន ​បាន​លើក​ឡើង​ដូច​នេះ កាល​ពី​ថ្ងៃទី​២ ខែឧ​សភា ឆ្នាំ​២០២៣ ​ក្នុង​ពិធី​សម្ពោធ​ឆ្លង​សមិទ្ធផល​នានាក្នុង​វត្តមុនី​សាល​ព្រឹក្ស ស្ថិត​នៅ​ឃុំអណ្តូង​ថ្ម ស្រុក​ព្រៃនប់​ ដោយ​លោក​បានកោត​សរសើរ​ចំពោះ​ព្រះ​តេជ​គុណ ព្រះថេ​រានុ​ថេរៈគ្រប់​ព្រះអង្គ និង​គណៈកម្មការ​អាចារ្យ​វ​ត្ត​ដែល​បាន​ខិតខំលះ​បង់​យក​អស់​កម្លាំង​​ ប្រាជ្ញា​ស្មារតី និង​ធនធាន​ក្នុងការ​គ្រប់​គ្រង​អភិវឌ្ឍ​វិស័យ​ព្រះពុទ្ធ​សាសនា​ឱ្យមាន​កា​ររីក​ចម្រើន រហូត​កសា​ង​បាន​សមិទ្ធ​ផល​ជា​ច្រើន។​

លោក​​បន្តថា កម្ពុជា បាន​ផ្តល់​តម្លៃ​ខ្ពស់​លើការ​អភិវឌ្ឍ​វិស័យ​សាសនា ក្នុងនោះ​មានការ​គោរព​សេរីភាព​ខា​ង​ជំនឿ​សាសនា ការ​លើកស្ទួយ​ព្រះពុទ្ធ​សាសនា ដែល​ជាសាសនា​របស់​រដ្ឋ និង​គាំទ្រ​ការគោរព​ប្រតិ​បត្តិ​សាសនា​ដទៃ​ទៀត ដើម្បី​សាមគ្គី​ភាព និង​សុខដុម​រមនា​នៃ​សង្គម​ជាតិ។

​បើ​តាម​រយៈរដ្ឋ​បាល​ខេត្តព្រះ​សីហនុ លោក គួច ចំរើន បាន​បញ្ជាក់​ថា៖«ក្នុ​ង​នាមរដ្ឋបាល​ខេត្ត សូម​លើក​ទឹក​ចិត្ត​ឱ្យ​វត្ត​អារាម និង​វិហារ​សាសនា​ផ្សេងៗ​ទៀត ជា​មជ្ឈមណ្ឌល​អប់រំ​ប្រជា​ពលរដ្ឋ​ឱ្យមាន​ស្មារតី ​និងទឹក​ចិត្ត​ប្រកប​ដោយ​ធម៌ មិន​ប្រកាន់​អំពើ​ហិង្សា មិនរើស​អើង​ពណ៌សម្បុរ មាន​ស្មារតី​សាមគ្គីរាប់​អានគ្នាយ៉ាង​ទូលំ​ទូលាយ​ក្នុង​សង្គម​ ​មាន​សក​ម្ម​ភាព​យ៉ា​ងស​កម្ម​ក្នុង​ការចូលរួម​អភិរក្ស និង​អភិវឌ្ឍ​សង្គម​ជាតិ​លើគ្រប់វិ​ស័យ»​។​​

​ឆ្លៀត​ឱកាសនោះ​ដែរ លោក​ក៏បាន​ធ្វើការ​អំពា​វ​នា​វឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​រួ​មគោរព​ច្បាប់​ចរា​ចរ​ណ៍​ផ្លូ​វគោក​ឱ្យបា​​ន​គ្រប់​​ៗគ្នា ដើម្បី​ទប់​ស្កាត់ និង​បញ្ចៀស​បញ្ហា​គ្រោះថ្នាក់​ចរាច​រណ៍ នៅ​ក្នុង​ខេត្តព្រះសី​ហនុ​។​​

លោកអ៊ី ធារិន អភិបាល​ស្រុក​ព្រៃ​នប់​ ​បា​នថ្លែង​ឱ្យដឹង​នៅ​ថ្ងៃ​ទី​​៣ ​ខែ​ឧ​សភា ​ពី​សមិ​ទ្ធផ​លនា​នា​ក្នុង​វត្តមុនី​សាល​ព្រឹក្ស ដែល​មានអា​យុ​កា​ល ១០០​ឆ្នាំកន្លង​មក​ហើយ​នោះថា សមិទ្ធផល​ត្រូវបានកសាង​ក្នុងវត្តនេះ មាន​សាលា​អនុ​គណ​ស្រុក សាលា​ធម្មស​ភា ព្រះ​ពន្លា​ជ័យ​ ជណ្តើរកែ​វ​ ប្រា​សា​ទត​ម្កល់​ព្រះពុ​ទ្ធ​រូប​ រូប​បដិ​មា​ផ្សេង​ៗ​ រូប​សំ​ណា​កហ្លួង​ព្រះសេ្តច​កន ចង្ក្រាន​បាយ​ ខ្លោង​ទ្វារ ផ្លូវ​បេតុង​ វច្ច​កុដិ ​កែល​ម្អទីសេនា​សនៈនា​នា​ និ​ងទីធ្លាក្នុង​វត្ត​ចំណាយ​ថវិ​កា​សរុប ២៤៥ ៣១៦​ដុល្លារ​អាមេ​រិក។​ ​​

លោក​បន្ត​ថា ៖ «សមិទ្ធ​ផល​ទាំង​អស់​នេះ​ នឹង​ក្លាយ​ជា​​ទីកន្លែង​សម្រាប់​តម្តល់​ទុក​ជាសម្បត្តិគ​​រុភណ្ឌ ក្នុ​ង​ការប្រើ​ប្រាស់​ជាប្រយោជ​ន៍​រួម​រប​ស់​ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទ​ក្នុង​ការ​អប​រំ ​និង​គោរព​ប្រតិ​បត្តិ​តាម​ជំនឿ​បែប​ព្រះពុទ្ធសា​សនា​ថែម​ទៀត​»។​ ​

បើ​តាម​របាយ​ការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះសី​ហនុ ​បានឱ្យដឹង​ថា ខេត្ត​ព្រះសីហ​នុ ​គឺជាខេត្ត​ដែលមាន​វិស័យ​សេដ្ឋ​កិច្ច​សំខាន់ៗ​រួម​មាន វិស័យ​ឧស្សាហ​កម្ម ពាណិជ្ជ​កម្ម ទេស​ចរណ៍ និង​កសិកម្ម ​ដែល​ជាវិស័យ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍ​ខឿន​សេដ្ឋកិ​ច្ចជាតិ​រប​ស់រាជ​រដ្ឋាភិ​បាល​។

​សក្តា​នុពល​ខេត្តនេះ​រួមមា​ន កំពង់​ផែស​មុទ្រទឹក​ជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ចំនួន​១១ ទីតាំង (៣​កំពុ​ង​ដំណើរ​ការ និង​៨​ត្រៀម​ដំណើរកា​រ) អាកា​សយាន​ដ្ឋាន​អន្តរ​ជាតិ​ខេ​ត្ត​ព្រះសីហ​នុ ​និងឆ្នេរ​សមុ​ទ្រ​ដ៏ស្រ​ស់​ស្អាត​ដែល​ត្រូវបាន ប្រសិទ្ធ​នាមជា “តារារះនាទិ​ស​និរ​តី” ។ ​

មិនតែ​ប៉ុណ្ណោះ ព្រះសីហនុ​ជា​ខេត្ត​ជាប់​សមុទ្រ ​មាន​ឆ្នេរ និង​កោះ និង​រមណីយដ្ឋាន​​ធម្មជាតិ​ទាក់ទាញ​ និង​ក៏មាន​វត្ត​អារាម​ជាទីសក្ការៈ​​សម្រាប់ពលរដ្ឋ​​គោរព​បូជា និង​កន្លែង​ប្រារព្ធពិធី​បែបសា​សនា​ផ្សេងៗផង​ដែរ។ បើគិត​មកដល់​ពេល​នេះ ខេត្ត​​ព្រះសីហនុ​មាន​វត្ត​សរុប ៣៨ កន្លែង និង​មាន​មជ្ឈ​មណ្ឌល​វិបស្សនា​និង​អាស្រ​មជា​ច្រើន​កន្លែង​ទៀត​៕