​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើងថា ស្មារតី​របស់​ច្បាប់​ស្តីពី​សមាគម មិនមែន​ដើម្បី​ដាក់​កម្រិត​លើ​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះទេ គឺ​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​របស់​អង្គ​ការឱ្យ​គោរព​ទៅតាម​ច្បាប់ ខណៈ លោក​ជំរុញ​ដល់​អង្គការ​ចូលរួម​ទប់ស្កាត់​ការលាង​លុយកខ្វក់​នៅ​កម្ពុជា​។

នេះ​បើតាម​សុន្ទរកថា​របស់​លោក ប្រាក់ សុខុន ក្នុងឱកាស​បើក​កិច្ច​ពិគ្រោះ​យោបល់​លើក​ទី​៣ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការក្រៅរដ្ឋាភិបាល​ប​រទេស​ក្រោម​ប្រធានបទ «​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​គណនេយ្យ និង​សវនកម្ម​» នៅ​ថ្ងៃទី​ ៣ ខែឧសភា​នេះ​។

លោក​បន្តថា រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុកដាក់​យ៉ាង ខ្លាំង​ក្នុង​ការរក្សា​ការសន្ទនា​ជា​ទៀងទាត់​ជាមួយ​អង្គការ​ក្រៅ រដ្ឋាភិបាល​បរទេស​ទាំង​អស់​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ថា ការ ចូលរួមចំណែក​របស់​អង្គការ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា និង​សុខុមាលភាព​របស់​ប្រជាជន ពិតជា​សម​នឹង​ទទួល បានការ​សរសើរ​។

​លោក​ថា​៖ «​ជាការ​ពិតណាស់ យើង​ចាត់ទុក អ្នក​ទាំងអស់គ្នា​ថា​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​យ៉ាងពិត​ប្រាកដ ជា​ចក្ខុវិស័យ​យើង​នឹង​បន្ត​កិច្ចការ​ទៀត នៅក្នុង​ក្រប ខ័​ណ្ឌ​នៃ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជាតិ​របស់​យើង ដោយ​ចាប់ផ្តើម ជាពិសេស ជាមួយនឹង​ច្បាប់​ស្តីពី​សមាគម និង​មិនមែន​អង្គការ​រដ្ឋាភិបាល (LANGO)»​។​

លោក​បន្ថែមថា នៅពេល​និយាយ​ដល់​ចំណុច LANGO លោក​បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុម ការងារ​អន្តរក្រសួង​ក្នុងការ​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក ពាក់ព័ន្ធ​ដទៃទៀត​លើ​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ និង​បញ្ចប់​ដោយ​ជោគជ័យ​»​។

លោក​ថា​៖ «​ក្នុងន័យនេះ ស្មារតី​របស់ LANGO មិនមែន​មានបំណង​ដាក់​កម្រិត​លើ​សកម្មភាព​របស់​អង្គការ​ក្រៅ រដ្ឋាភិបាល​ណាមួយ​នោះទេ ប៉ុន្តែ​ដើម្បី​លើកកម្ពស់​អភិ បាល​កិច្ច​ត្រឹមត្រូវ​របស់​ពួកគេ ដែល​ជំរុញ​ដោយ​គោលការណ៍​ស្នូល​នៃ​តម្លាភាព គណនេយ្យ ភាព សុចរិត​ភាព និង​ការទទួល ខុសត្រូវ​ក្រោម​ច្បាប់​ដែល​កំពុង មាន​សុពលភាព​»​។​

ជាមួយគ្នានេះ​លោក​ថា ក្រុមការងារ​សកម្មភាព​ហិរញ្ញ វត្ថុ (FATF) ដែលមាន​មូលដ្ឋាន នៅ​ទីក្រុង​ប៉ារីស​បាន​ដក​ប្រទេស កម្ពុជា​ចេញពី​បញ្ជី​ពណ៌​ប្រផេះ​នៃ​ប្រទេស​ដែលមាន​ហានិភ័យ​ខ្ពស់​សម្រាប់​ការលាង​លុយ កខ្វក់​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣​។​

លោក​ថា​៖ «​ការដក​ចេញពី​បញ្ជី​ពណ៌​ប្រផេះ គឺជា​សមិទ្ធផល​ដ៏​មហិមា ដែល​មិនអាច​ទៅរួច​នោះទេ បើ​គ្មាន​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​រាជរដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​ប​រទេស​ដែលជា​អង្គភាព​រាយការណ៍​»​។

​លោក​បន្ថែមថា សម្រាប់​ក្រសួងការបរទេស បានរៀបចំ​សិក្ខាសាលា​ចំនួន ​៥ ក្នុង​គោល បំណង​លើកកម្ពស់​ការយល់ ដឹង​របស់​អង្គការ​ក្រៅ​រដ្ឋា​ភិ បាល​បរទេស​ស្តីពី​"​ច្បាប់​ស្តីពី​ការប្រឆាំង​ការលាង​លុយកខ្វក់​និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ការផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការផ្តល់​ហិរញ្ញប្បទាន​នៃ​ការរីក​សាយភាយ​អាវុធ​។

​លោក​ថា​៖ «​យើង​កំពុង​ធ្វើ ការវាយតម្លៃ​ហានិភ័យ​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះខាត​មួយចំនួន​ដែល​នៅសល់ ហើយ យើង​មិនគួរ​បណ្តោយឱ្យ​ប្រទេស របស់​យើង​ត្រឡប់​ទៅ​បញ្ជី​ពណ៌​ប្រផេះ​នៃ​ប្រទេស​ដែល មាន​ហានិភ័យ​ខ្ពស់​សម្រាប់​សកម្មភាព​លាងលុយកខ្វក់​នោះទេ​»​។​

លោក​បន្ថែមថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្ងៃនេះ គឺ​សំដៅលើ​ការលើកកម្ពស់​ការ យល់ដឹង​អំពី​កាតព្វកិច្ច​របស់​សមាគម និង​អង្គការ​ក្រៅ រដ្ឋាភិបាល ក្រោម​ច្បាប់​ស្តីពី​គណនេយ្យ និង​សវនកម្ម ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​កាលពី​ឆ្នាំ ​២០១៦​។

លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្ដិភាពមានប្រសាសន៍ថា វេទិកា​នេះ ជាការជួបជុំ​មួយ​ដ៏​ល្អ ដែល​ធ្វើឱ្យមានការ​ប្រាស្រ័យ​ទាក់ទង​គ្នា ដែល​អាចឱ្យ​គ្រប់ភាគី​លើកឡើង​ពី​បញ្ហា​ទៅវិញទៅមក និង​ការសួរដេញដោល ខណៈ​លោក​ក៏​លើកទឹកចិត្ត​ឱ្យមាន​កិច្ច​ពិភាក្សាគ្នា​បែបនេះ​បន្តទៅទៀត​។ ពាក់ព័ន្ធ​នឹង​ប្រធានបទ​ការលាង​លុយកខ្វក់​វិញ​លោក​យល់ថា បញ្ហា​លាងលុយកខ្វក់​នេះ​គឺជា​បញ្ហា​ធំ​មួយ​របស់​កម្ពុជា ប៉ុន្តែ​សម្រាប់​លោក​យល់ថា បញ្ហា​រឿង​លាងលុយកខ្វក់​នេះ គឺ​មិនមែន​ពាក់ព័ន្ធ​សង្គម​ស៊ីវិល​នោះទេ ជាពិសេស​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​អន្តរជាតិ​កម្រ​នឹង​ពាក់ព័ន្ធ​ណាស់​។

​លោក​ថា​៖ «​រឿង​ដែល​សំខាន់ ក្រសួង​គួរតែ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​អង្គការ​អន្តរជាតិ​ទាំងអស់​ធ្វើ​កិច្ចការងារ ដែល​ប្រឹងប្រែង​ជួយ​កម្ពុជា​តាមរយៈ​ការផ្សព្វផ្សាយការពង្រឹង​អភិបាលកិច្ច ដើម្បីឱ្យ​កម្ពុជា​គេចផុត​ជា​រៀងរហូត​នៃ​ការលាង​លុយកខ្វក់​។ ហើយ​ក្រសួង​ត្រូវតែ​ធ្វើយ៉ាងណា​ដើម្បី​បង្ហាញ​អំពី​ការបើក​លម្ហ​សេរីភាព​​​ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ហ៊ាន​បញ្ចេញមតិ​ដើម្បី​ទប់ស្កាត់​ការលាង​លុយកខ្វក់​នៅក្នុង​ប្រទេស​កម្ពុជា​។​

បន្ថែម​ពីនេះ លោក ប្រាក់ សុខុន បាន​ណែនាំ​ដល់​អង្គការ ក្រៅ​រដ្ឋាភិបាល​បរទេស​ទាំងអស់​ថា ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានាថា​គម្រោង និង​សកម្មភាព​រៀងៗ​ខ្លួន​ត្រូវបាន​អនុវត្ត​យ៉ាង​ត្រឹម ត្រូវ​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​របស់​កម្ពុជា​។

​លោក​ថា​៖ «​អង្គការក្រៅរដ្ឋាភិបាល​បរទេស​ទាំងអស់ គួរតែ​រក្សា​ភាព​អព្យាក្រឹត និង​ចៀសវាង​ពី​សកម្មភាព​ដែល​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​របស់ LANGO ហើយ​អង្គ​ការគួរ​ចៀសវាង​ការជាប់​ពាក់ព័ន្ធ ក្នុង​សកម្មភាព​ដែល​មានន័យ​ស្មើនឹង​ការគាំទ្រ​ការលាង​លុយកខ្វក់ និង​ហិរញ្ញ ប្ប​ទាន​ភេរវកម្ម​៕