សៀមរាបៈ អាជ្ញាធ​រ​​ជាតិ​អប្សរា​ប្រកាស​ការបិទ​ចរា​ចរណ៍និ​ង​បង្វែរ​ទិស​ដៅ​ទស្សនានៅតាម​បណ្តា​ទីតាំង​សំខា​ន់ៗ​មួ​យចំនួន​នៅ​រមណីយ​ដ្ឋា​ន​អង្គ​រ ដើម្បី​រៀបចំ​ព្រឹត្តិកា​រណ៍​ប្រកួត​ស៊ី​ហ្គេម​ និង​ប៉ា​រ៉ា​ហ្គេម ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​ឆ្នាំ​ ២០២៣​ នេះ​ ខណៈ​អាជ្ញាធ​រ​អះអាង​ថា ការផ្អាក​បណ្តា​គោលដៅ​​ទេសច​រណ៍​មួយ​ចំនួន​នេះ​មិន​ប៉ះ​ពាល់​ដល់​អាជី​វករ​នៅ​តំបន់​អង្គរ​ឡើយ ​ហើយ​ការចូល​ទស្សនា​នៅ​ប្រព្រឹត្ត​ជា​ធម្មតា​។​

​ការ​ប្រកាស​បិទ​នេះធ្វើ​ឡើង​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​៣ ​ខែឧសភា​ ឆ្នាំ​២០២៣ ដែ​ល​ជម្រាប​ជូន​ដល់​សា​ធា​រណជ​ន គ្រប់​ក្រសួង ​មន្ទីរ​ស្ថា​ប័ន​ជាតិ​ អន្តរ​ជាតិ ​សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍ ​ម្ចាស់​សណ្ឋា​គារ​ ភ្ញៀវ​ទេសច​រ​ជាតិ​-​អន្តរ​ជាតិ ជ្រាប​ជា​ដំណឹង​។​

​អាជ្ញា​ធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​​ថា​៖«​ព្រះរាជា​ណាច​ក្រ​កម្ពុ​ជាមាន​កិត្តិ​យស​ដ៏​ធំធេង​ក្នុង​ការ​ធ្វើជា​ម្ចាស់​ផ្ទះ ​រៀបចំ​ការប្រ​កួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ​នៅ​រាជ​ធានី​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ក្នុង​នោះ​រួម​បញ្ចូល​ផង​ដែរ​រមណីយ​ដ្ឋាន​អង្គរ​»​។​

​សេចក្តី​ជូន​ដំណឹង​បន្ត​ថា​ ដើម្បីឱ្យ​ការ​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​បាន​រលូន ​អាជ្ញាធរ​សូម​ណែនាំ​ដល់​សាធារ​ណ​ជន​ឱ្យ​បាន​ជ្រាប​ពី​ការ​បិទ​ចរាចរណ៍​ និង​ការ​បង្វែរ​ទិសដៅ​ទស្សនា នៅ​តាម​បណ្តា​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ដែល​ត្រូវ​រៀបចំ​ការ​ប្រកួត​កីឡា​។

ទី​១ការបិទ​ការ​ចេញ​ចូល​បរិវេណ​មុខ​ប្រាសាទ​អង្គ​រវត្តរហូត​ដល់​ខ្លោ​ងទ្វារ​ដៃ​ឆ្នាំង សម្រាប់​ការ​ប្រកួត​កីឡា​រត់​ម៉ា​រ៉ា​តុង និង​ដើរ​ប្រណាំង នៅ​ថ្ងៃ​ទី​៦ ​ខែឧសភា​ ចាប់ពី​ម៉ោង ៥៖​៣០នាទី​ព្រឹក ​ដល់​ម៉ោង១៨៖០០នាទី​ល្ងាច​។

ទី​២ បិទ​ការចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​តាម​ច្រក​ខាង​លិច និង​បិទ​ការឆ្លង​កាត់​ទៅ​ទស្សនា​តំបន់​អង្គរធំ​​នៅ​ថ្ងៃទី​១១ ​ខែឧសភា ដើម្បី​រៀបចំ​វិញ្ញា​សា​ទោចក្រ​យាន​បុរស និង​នារី​ចម្ងាយ ​៥០​គ​.​ម ប្រព្រឹត្ត​ទៅ​នៅ​ជុំវិញ​ផ្លូវ​មុខ​អង្គរ​វត្ត ត្រពាំង​សេស ​និង​ផ្លូវ​ប៉ា​វី​ស​អង្គរវត្ត​ចាប់ពី​ម៉ោង ​៦៖០០នាទី​ព្រឹក​ ដល់​ម៉ោង១៣៖០០នាទីរសៀល ​ដោយ​ភ្ញៀវទេ​សចរ​អាច​ចូល​ទស្សនា​តាម​ច្រក​ខាង​កើត​ប្រា​សាទ​អង្គ​រវត្ត​។​

ទី​៣ បិទ​ការឆ្លង​កាត់​បរិវេណ​វង់​ធំ នៅ​ថ្ងៃទី​១២ និ​ង​១៣ ​ខែឧសភា ដើម្បី​រៀបចំ​ការប្រកួត​វិញ្ញា​សា​កង់​គួ​ក​បុរស​និង​នារី​ចម្ងាយ ​១៧១,៥​គម ​និង ៩៨​គ​.​ម ចាប់ពី​ម៉ោង ​៦៖០០នាទី​ព្រឹក ដល់​ម៉ោង ១៥៖០០នាទី​​រសៀល​។​

​ពាក់​ព័ន្ធ​នឹង​ការ​បិទនិង​បង្វែ​រទិសដៅ​​ទស្សនា​ក្នុង​បរិវេណ​តំបន់​អង្គរ​នេះដែរ​ លោក​ឡុង ​កុសល ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បញ្ជាក់​ថា ​ការបិទ​នេះ​ដើម្បី​ចូលរួម​ការរៀបចំ​ព្រឹត្ដិការណ៍​ ប្រកួត​កីឡា​ស៊ី​ហ្គេម​និង​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅឆ្នាំនេះ​។

លោក​បន្តថា​៖«​ពាក់​ព័ន្ធ​ការផ្អាក​ផ្លូវ​ទស្សនា​តំបន់​មួយ​ចំនួន​ហ្នឹង គឺ​មិន​ប៉ះពាល់​អាជីវ​ករ ឬ​បរិវេណ​ទេសច​រណ៍​ក្នុង​តំបន់​អង្គរ​នោះ​ទេ ​ព្រោះ​យើង​បាន​ជម្រាប​តាម​សេចក្តី​ប្រកាស​នោះដែ​រ យើង​មាន​ជា​ផ្លូវ​វាង គា​ត់​អាច​អញ្ជើញ​ទៅ​ទស្ស​នា​បាន ​លើក​លែង​តែ​ទីកន្លែង​ដែល​យើង​ត្រូវ​រៀបចំ​ការ​ប្រកួត​កីឡា​»​។​

​លោក​ឡុង ​កុសល ​បន្ថែម​ថា ការចូ​ល​ទស្សនា​កម្សាន្ត​ក្នុង​រមណីយ​ដ្ឋាន​អង្គរ គឺ​ប្រព្រឹត្ត​ទៅ​ជាធម្មតា ​នៅតាម​បណ្តា​គោល​ដៅ​ដែល​មិន​ប្រារព្ធ​ការប្រ​កួត​កីឡា​ស៊ី​ហ្គេម​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​។​

​គួរ​បញ្ជាក់​ថា កម្ពុជា​កំពុង​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​នឹង​ចាប់ផ្ដើមជា​​ផ្លូវការ​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៧ ​ខែឧសភា ឆ្នាំ​២០២៣ និ​ង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ​លើក​ទី​១២ នៅ​កម្ពុជា ចាប់​ផ្ដើម​ការ​ប្រកួត​ពីថ្ងៃ​ទី​៣-ដល់ថ្ងៃទី​​​៩ ​ខែមិថុនា ឆ្នាំ​២០២៣ ៕