ភ្នំពេញៈ​ ក្រសួង​មហា​ផ្ទៃ និង​អង្គការ​ទេសន្ដរ​ប្រវេសន៍​អន្ដរ​ជាតិ (IOM) ​នឹង​បន្ត​សហ​ការគ្នា​ទៅលើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស និង​ការ​គ្រប់​គ្រង​ត្រួត​ពិនិត្យ​តំបន់​ព្រំដែន ដើម្បី​ការពារ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែល​រង​អំពើ​ពី​ការជួញដូរ​។ ​នេះ​បើ​យោងតាម​ជំនួប​រវាង​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោ​ក ស ខេង ជាមួយ​លោកស្រី Sarah Lou Arriola ប្រធាន​ (IOM) ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិកកាលពី​ថ្ងៃទី​ ៣ ខែឧសភា ឆ្នាំ ​២០២៣​។

​ក្នុងជំនួប​នោះ លោក ស ខេង បាន​ថ្លែង​ស្វាគមន៍​ចំពោះ​អង្គការ IOM ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការងារ​ទេសន្ដរប្រវេសន៍ និង​អបអរសាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដែល​អង្គការ IOM មាន​ជាមួយ​បណ្ដា​ក្រសួង​-​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​គឺ​ក្រសួងមហាផ្ទៃ​។

បន្ថែម​ពីនេះ​លោករដ្ឋមន្ត្រីក្រសួង​មហាផ្ទៃបង្ហាញ​ការ​ជឿជាក់ថា​៖«​ក្រសួងមហាផ្ទៃ និង​អង្គការ IOM នឹង​បន្ដ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាក់ព័ន្ធ​រវាង​ភាគី​ទាំង២ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែមទៀត​ផងដែរ​»​។

​ជាការ​ឆ្លើយតប លោកស្រី​Sarah Lou Arriola ប្រធាន​អង្គការ IOM ​បាន​ចូលរួម​អបអរសាទរ​ចំពោះ​កម្ពុជា ដែល​បាន​ជាប់​ជយលាភី​ក្នុង​ការធ្វើ​ទេសន្ដរប្រវេសន៍ដោយមាន​សុវត្ថិភាព និង​មាន​របៀបរៀបរយ ហៅ​កាត់​ថា (GCM country)​ខណៈដែល​នៅក្នុង​តំបន់​អាស៊ីមានប្រទេសតែ៦​​ប៉ុណ្ណោះ​ដែល​ទទួលបាន​ជយលាភី​នេះ​។​

លោកស្រី​ថា​៖«​អង្គការ IOM​ធ្វើការ​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ក៏ដូចជា​សមិទ្ធផល​ដែល​កម្ពុជា បាន​ខិតខំ​សម្រេច​ក្នុងការ​ក្លាយជា​ប្រទេស​ជយលាភី​ក្នុង​ការធ្វើ​ទេសន្ដរប្រវេសន៍ ដោយមាន​សុវត្ថិភាព​នេះ​»​។​

​ជាមួយគ្នានេះ លោកស្រីក៏បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​អំពើ​ជួញដូរ​មនុស្ស ដោយ​ដើរ​ស្របតាម​ផែនការ​យុទ្ធសាស្ដ្រ​ថ្នាក់ជាតិ ដែល​បានកំណត់​លើ​ការងារ​នេះ​។​

ចំពោះ​អាជ្ញាធរ​អន្តោប្រវេសន៍​កម្ពុ​ជា​វិញ​ លោកស្រីបាន​កោត​សរសេរ​​លើ​កិច្ចសហការ​បាន​ល្អ ជាពិសេស​ក្នុង​រយៈពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ដែល​មន្ត្រី​បំពេញ​តួនាទី​អន្តោប្រវេសន៍​នៅតាម​ព្រំដែន​។ក្នុងនោះបានផ្តល់​កិច្ច

សហការ​ដ៏​ល្អ​ក្នុងការ​គ្រប់គ្រង​ ត្រួតពិនិត្យ​ព្រំដែន ក៏ដូចជា​ការ​ផ្តល់ការថែទាំ​យកចិត្តទុកដាក់​ចំពោះ​ជន​ទេសន្ដរប្រវេសន៍​ចូលមក​កម្ពុជា ការត្រួតពិនិត្យ​ឯ​ក​សារ​ឆ្លងដែន និង​កិច្ចការ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀតដែលជាការ​រួមចំណែក​មួយ​ទៅដល់​ការការពារ និង​ការប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ផងដែរ​។

​ជាមួយគ្នានេះ​លោកស្រី​ក៏បាន​ជម្រាបជូនអំពី​ស្ថានភាព​ក្រុមការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​ប្រទេស​ហ្វីលីពីន ដែល​សម្រេចបាន​វឌ្ឍន​ភាពល្អប្រសើរ និង​សង្ឃឹម​ជឿជាក់ថា លោកស្រី​អាច​យក​បទពិសោធ​ន៍ល្អ​ទាំង​នោះមក​ចែករំលែក​ជូនបណ្ដាប្រទេស​អាស៊ានក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រួមទាំង​ជាមួយ​កម្ពុជា​ផងដែរ​។

​ប្រធាន​អង្គការ IOM​បាន​បញ្ជាក់ថា​៖«​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​នេះ ពិតជា​ទាមទារ​ឱ្យមាន​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជិតស្និទ្ធ ជាពិសេស​ប្រទេស​ក្នុង​តំបន់​មេគង្គដែលមាន​ព្រំដែន​ជាប់ៗ​គ្នា​រវាង​ប្រទេសមួយ​ទៅ​ប្រទេសមួយ ទាមទារ​ជា​ចាំបាច់​នូវ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដើម្បី​រួមគ្នា​ទប់ស្កាត់​នូវ​អំពើ​ជួញដូរ​មនុស្ស​»​។

​នាឱកាស​នោះដែរលោក ស ខេង បាន​ឯកភាព​ចំពោះ​អ្វីដែល​លោកស្រី​បានលើកឡើង ដោយ​ចាត់ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្សនិង​ការជួយ​សង្គ្រោះ​ជនរងគ្រោះជា​កិច្ចការ​មួយ​ដ៏​មាន​សារៈសំខាន់​។

ទន្ទឹមនេះ​លោកក៏បាន​បញ្ជាក់ជូន​ប្រធាន​អង្គការ IOM​ដោយ​សង្ខេប​អំពី​កិច្ចការ​មួយចំនួនទៀត​ដែល​កម្ពុជា​បាន​និង​កំពុង​ខិតខំ​ធ្វើ គឺ​ទី១ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​ការសម្អាត​ប្រាក់​ដែល​កម្ពុជា​ត្រូវបាន​ដក​ចេញពី​បញ្ជី​ប្រផេះ​កាលពីដើមឆ្នាំ​នេះ ហើយ​និង​ពាក់ព័ន្ធ​ទៅនឹង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្សស្រប​ពេលដែល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ងារ​នេះ​យ៉ាងសកម្ម​។​

​សូមបញ្ជាក់ថា កម្ពុជា​កំពុង​ត្រៀម​សម្រេច​ផែន​ជាតិ​សម្រាប់​អនុវត្ត​កតិកាសញ្ញា​ពិភពលោកស្ដីពី​ទេសន្ដរប្រវេសន៍​ដោយមាន​សុវត្ថិភាព និង​មាន​របៀបរៀបរយ (GCM) ដែល​កតិកាសញ្ញា​ពិភពលោក​នេះ​ត្រូវបាន​អនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨៕