ភ្នំពេញៈ វិទ្យាស្ថាន​កំណើន​បៃតង​សកល នៅតែ​បន្ត​ការគាំទ្រ​រាជ​រដ្ឋាភិបាល ក្នុង​ចលនា​ឆ្ពោះទៅរក​កំណើន​សេដ្ឋកិច្ច​ដែលគិតគូរ​ដល់​បរិស្ថាន ប្រកបដោយ​បរិយាប័ន្ន និង​និរន្តរភាព​ដែល​វិទ្យាស្ថាន​កំពុង​អនុវត្ត និង​គម្រោង​សិក្សា​ទាក់ទង​នឹងការដឹក​ជញ្ជូន​បៃតង និង​ការគ្រប់គ្រង​កាកសំណល់​ដែលគ្រោង​នឹង​អនុវត្ត។

ការប្រកាស​គាំទ្រ​នេះ​ធ្វើ​ឡើង ក្នុង​ពេល​ដែល​គណៈប្រតិភូ វិទ្យាស្ថាន​កំណើន​បៃតង​សកល (Global Green Growth Institute - GGGI) ដឹកនាំ​ដោយ​លោក Frank Rijsberman អគ្គ​នាយក ចូល​ជួប​ពិភាក្សា​ការងារ ជាមួយ​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន រួមជាមួយ​មន្រ្តី​ពាក់ព័ន្ធ​នៅព្រឹក​ថ្ងៃ​ទី៥ ឧសភា​នេះ។ នេះបើយោងតាម​ផេកហ្វេសប៊ុក​ក្រសួង​សាធារណការ។

ជំនួបពិភាក្សា​នេះ​បាន​ផ្តោត​លើ កិច្ចសហប្រតិបត្តិការ​ការងារ​កន្លង​មក រវាង​ក្រសួង​សាធារណការ ជាមួយ​នឹង​វិទ្យាស្ថាន​កំណើន​បៃតង​សកល និងទិសដៅ​អនុវត្ត​បន្ត។

បើយោងតាម​ក្រសួង​សាធារណការ ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នេះ លោក Frank Rijsberman បានលើក​ពី​គម្រោង ដែល​វិទ្យាស្ថាន​កំពុង​អនុវត្ត និង​គម្រោង​ដែលគ្រោង​នឹង​អនុវត្ត នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​គឺគម្រោង​សិក្សា​ទាក់ទងនឹង ការដឹក​ជញ្ជូន​បៃតង ការគ្រប់គ្រង​កាកសំណល់ និងការលើក​កម្ពស់​សុខភាព​អនាម័យ​ក្នុង​ការស់នៅ។

ចំពោះគម្រោង​ទាក់ទងនឹង​ការដឹក​ជញ្ជូន​បៃតង ដែលជួយ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន GGGI ទើបបាន​បញ្ចប់​ការសិក្សា​សមិទ្ធិលទ្ធភាព​បឋម (Pre-feasibility Study) សេវា​ដឹក​ជញ្ជូន​សាធារណៈ ដោយប្រើប្រាស់​រថយន្ត​ក្រុង​អគ្គិសនី (E-Bus) ហើយ​លទ្ធផល​នៃការសិក្សា​បានបង្ហាញ​ថា គម្រោង​នេះ​គឺ​អាច​ប្រព្រឹត្ត​ទៅបាន ដោយមិនមាន​បញ្ហា​ចោទ​ឡើយ។

ជាមួយគ្នា​នេះ យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការគ្រប់គ្រង និងប្រតិបត្តិការ​សេវាដឹក​ជញ្ជូន​សាធារណៈ ដោយប្រើប្រាស់​រថយន្ត​ក្រុង​អគ្គិសនី(E Bus) នៅក្នុង​ក្រុង​សៀមរាប គឺកំពុង​ត្រូវបាន​សិក្សា​បន្ថែម​ផងដែរ ហើយ​ករណី​សិក្សា​នេះ នឹងត្រូវ​យកទៅ​ធ្វើ​គំរូ សម្រាប់​ក្រុង​ផ្សេងៗ​ទៀត ប្រសិនបើ​ការសិក្សា​សម្រេចបាន​លទ្ធផល​ជោគជ័យ​តាម​ការគ្រោងទុក។

ដោយឡែក ការគ្រប់គ្រង​កាកសំណល់ និងការលើក​កម្ពស់​សុខភាព​អនាម័យ​ក្នុង​ការស់នៅ GGGI នឹង​នាំយក​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការប្រមូល និង​គ្រប់គ្រង​កាកសំណល់ ដែលមាន​សមត្ថភាព​អាច​អនុវត្ត​បាន​ពី ១ ០០០ ទៅ ១០ ០០០ ខ្នង​ផ្ទះ​ក្នុង​ ១ ថ្ងៃ។

លោក ស៊ុន ចាន់ថុល បានថ្លែង​នូវ​អំណរគុណ ចំពោះ​វិទ្យាស្ថាន GGGI ដែលបាន​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុង​ការអនុវត្ត​ការសិក្សា​ស្រាវជ្រាវ​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃទ្រឹស្តី​កំណើន​បៃតង ដើម្បី​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ ក្នុង​លក្ខខណ្ឌ​គិតគូរ​ពី​បរិស្ថាន ដែលប្រកប​ដោយ​ចីរភាព។ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​សុទិដ្ឋនិយម និងឆន្ទៈ​ក្នុងការ​គាំទ្រ លើ​រាល់​សកម្មភាព​ដែល GGGI កំពុង ក៏ដូចជា​គ្រោង​នឹង​អនុវត្ត​នាពេល​អនាគត៕