
ប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យពិសាខបូជានៅភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាបុណ្យពិសាខបូជាគឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ដោយសារពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗ ៣ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។
លោកនាយករដ្ឋមន្ត្រី បានលើកឡើងនៅថ្ងៃ ១៥ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ លើបណ្តាញតេឡេក្រាមរបស់លោកថា នេះគឺជាថ្ងៃបុណ្យពិសាខបូជា។ មិនថាតែនៅកម្ពុជាទេគឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោកក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ទាំង ៣ នេះ កើតឡើងចំថ្ងៃ ១៥ កើត ខែពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «ពិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិដែលបុគ្គលិកធ្វើការនិងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង»។
ក្នុងឱកាសបុណ្យពិសាខបូជានេះដែរ «សម្តេចព្រះឧត្តមបញ្ញា» ដូង ផង់ សមាជិកថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជាចៅអធិការវត្តព្រែកប្រាំង បានដឹកនាំព្រះសង្ឃពុទ្ធបរិស័ទដង្ហែធម្មយាត្រាជុំវិញមហាសក្យមុនីចេតិយនាវេលាម៉ោង ៣ ទៀបភ្លឺ ត្រូវនឹងថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣។
«សម្តេចព្រះឧត្តមបញ្ញា» ដូង ផង់ បានដឹកនាំ ព្រះសង្ឃ និងពុទ្ធបរិស័ទដើរហែក្បួនធម្មយាត្រាជុំវិញព្រះមហាសក្យមុនីចេតិយ ដែលតម្កល់ព្រះបរមសារីរិកធាតុ នៃព្រះសម្មាសម្ពុទ្ធ នៅលើភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮនិងបានបូជាគ្រឿងសក្ការៈ សូត្រធម៌ នមស្ការថ្វាយបង្គំព្រះរតនត្រ័យ និងសមាទានសីល។

ប្រជាពលរដ្ឋចូលរួមពិធីបុណ្យពិសាខបូជានៅភ្នំព្រះរាជទ្រព្យម្សិលមិញ។ហេង ជីវ័ន
ពិធីបុណ្យពិសាខបូជានេះដែរ កាលពីរសៀលថ្ងៃទី ៣ ឧសភា លោក ឈុន ស៊ីរុន លេខាធិការគណៈកម្មការទី ៨ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ក៏បានដង្ហែបុណ្យពិសាខបូជានេះផងដែរ។ យោងតាមរដ្ឋបាលខេត្តកណ្តាល លោក ឈុន ស៊ីរុន បានលើកឡើងថា ពិសាខបូជាជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោក។
ជាមួយគ្នានេះដែរ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានឱ្យដឹងដែរថា ថ្ងៃបុណ្យពិសាខបូជា នៅតាមបណ្តាវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពុទ្ធសាសនិកជនទូទាំងពិភពលោក បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់នេះជារៀងរាល់ឆ្នាំ។ លោកលើកឡើងថា៖ «សូមគោរពជូនពរដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោកទាំងមូល សូមជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចូលរួមក្នុងពិធីបុណ្យពិសាខបូជានេះផងដែរ នៅបរិវេណសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យពិសាខបូជា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭក និងឧទ្ទិសចំពោះថ្ងៃទាំង ៣ នៃព្រះសម្មាសម្ពុទ្ធបរមគ្រូ គឺថ្ងៃប្រសូតចាកឧទរព្រះមាតា ថ្ងៃត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងថ្ងៃរំលត់ខន្ធចូលកាន់ព្រះនិព្វាន ដោយកើតឡើងចំថ្ងៃ ១៥ កើត ខែពិសាខដូចគ្នា ពោលគឺខុសគ្នាតែឆ្នាំប៉ុណ្ណោះ៕