ភ្នំពេញៈ លោកស្រី Sarah Lou Arriola ប្រធាន​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ថ្មី បាន​ប្តេជ្ញាចិត្ត ត្រៀមខ្លួន ក្នុង​ការបន្ត​ជួយ​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​បេសកកម្ម​របស់ខ្លួន ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ និង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​អភិបាលកិច្ច​ទេសន្តរប្រវេសន៍​ការងារ និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស។ នេះ​បើ​យោងតាម​ផេក​ហ្វេសប៊ុក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។​

​លោកស្រី Sarah Lou Arriola បាន​ថ្លែង​បែបនេះ ក្នុងពេលដែល​លោកស្រី​បាន​ដឹកនាំ​គណៈប្រតិភូ​អង្គការ IOM មក​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក ហ៊ូ វុ​ឌ្ឍី រដ្ឋលេខាធិការ​ក្រសួង​ការងារ​កាលពី​ថ្ងៃទី ៣ ខែឧសភា​។​

​ក្រៅពី​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​អង្គការ IOM លោក ហ៊ូ វុ​ឌ្ឍី បាន​លើកឡើង​ពី​ការគាំទ្រ​របស់​អង្គការ IOM រួមមាន​ការបន្ត​កសាង​សមត្ថភាព និង​លើកកម្ពស់​ការយល់ដឹង​ដល់​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន ស្តីពី​ប្រព័ន្ធ​អន្តរជាតិ​នៃ​ការជ្រើសរើស​ពលករ​ដោយ​សុចរិត។​

​លោក​រដ្ឋលេខាធិការ​លើក​ឡើង​ទៀតថា IOM បាន​បន្ត​សហការ​ជាមួយ​ក្រសួង​ក្នុងការ​សម្របសម្រួល និង​ផ្តល់​អាហារូបករណ៍​ដល់​ពលករ​ទេសន្តរ​ប្រវេសក៍​ដែល​វិលត្រឡប់ ចូលរៀន​ជំនាញ​អគ្គិសនី និង​បរិក្ខារ​ត្រជាក់ នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បចេ្ចកទេស និង​វិជ្ជាជីវៈ នៅ​ខេត្តសៀមរាប និង​ពង្រីក​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ស្របតាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវធ្វើ​ការបណ្តុះបណ្តាល​វគ្គ​ជំនាញ​ខ្លីៗ​បន្ថែមទៀត​ដល់​យុវជន​កម្ពុជា ឱ្យ​ធ្វើការ​ក្នុងស្រុក​បាន ១,៥ លាននាក់។​

​លោកស្រី Sarah Lou Arriola ក៏បាន​ថ្លែងអំណរគុណ​អំពី​ការផ្តល់​កិច្ចសហ​ប្រតិបត្តិការ​ដ៏ល្អ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ និង​បាន​លើកឡើង​អំពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​ជំនាញ និង​ការលើកកម្ពស់​ការជ្រើសរើស​ពលករ​ប្រកបដោយ​សុចរិត​ភាព និង​យុត្តិធម៌ ដែលមាន​ក្នុង​ប្រព័ន្ធ IRIS។

​លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​រវាង​អង្គការ IOM និង​ក្រសួង​ការងារ៕