​ដើម្បី​អបអរសាទរ​ទិវា​ភពផែនដី​ក្នុង​ឆ្នាំ ២០២៣ តាមរយៈ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ គឺ​បានរៀបចំ​កម្មវិធី "​ការប្រកួត​កែច្នៃ​ប្លាស្ទិក​ឆ្នាំ ២០២៣" លើកដំបូង​របស់​ខ្លួន ដើម្បី​ការពារ​បរិស្ថាន និង​កាត់បន្ថយ​ការបំពុល​ដោយ​ប្លាស្ទិក។​

​យោងតាម​ការចុះផ្សាយរ​បស់​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ កម្មវិធី​នេះ​មានការ​ចូលរួម​ពី​បេក្ខជន បេក្ខនារី​គឺជា​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​មកពី​ខេត្ត​កណ្តាល ដោយ​ក្នុងនោះ យុវ​សិស្ស​បាន​បង្កើត​របស់​របរ​ទាំងស្រុង​ជាច្រើន​ពី​សំណល់​ប្លាស្ទិក​រាប់​តាំងពី​តុ​រហូតដល់​ទង់ជាតិ​ខ្មែរ។

​ប្រភព​ដដែល​បន្តថា​៖ «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​មន្ទីរ​បរិស្ថាន​ខេត្តកណ្តាល និង​គម្រោង “​ទន្លេសាប​របស់​យើង​” របស់​សមាគម​អភិរក្ស​សត្វព្រៃ (WCS) ដែល​បាន​សហការ​រៀបចំ​កម្មវិធី​នេះ​ឡើង»។

​ពាក់ព័ន្ធ​បរិ​ស្ថា​នេះដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ជំរុញ​ឱ្យ​យុវជន​ប្រតិបត្តិ​មេត្រី​បរិស្ថាន ចូលរួម​ការពារ​ភពផែនដី តាមរយៈ​ការបន្សាំ​នឹងការ​ប្រែប្រួល​អាកាសធាតុ ពោល​ការពារ​ធនធានធម្មជាតិ​របស់​យើង។​

​ក្នុងឱកាស​នេះដែរ​ក្រុមនិស្សិត​ប្លាស្ទិក (Nisset Plastic) បាននិងកំពុង​នាំគ្នា​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​បរិស្ថាន​ដោយ​សំណល់​ប្លាស្ទិក ដោយ​ក្នុង​នោះបាន​ដើរ​ប្រមូល​សំរាម​នៅតាម​ទីសាធារណៈ និង​តាម​លូ​ជាដើម ដើម្បី​បង្ហាញ​ភាសា​បេះដូង​ទៅកាន់ អត្តពលិក និង​បរិស្ថាន ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​ស៊ីហ្គេម។​

​តាមរយៈ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អ្នកធ្វើ​បទ​បង្ហាញ​ដែល​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) គណៈកម្មការ​ផ្ដល់​ពិន្ទុ គឺ​លោក ហុង ចំណាន និង​សាស្ត្រាចារ្យ​ជាច្រើនរូប​ទៀត​ដែល​អញ្ជើញ​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា-សាលាតិចណូ (ITC) និង​ដៃគូ​សហការ គឺ​និស្សិត​ប្លាស្ទិក Nisset Plastic, Think Plastic, និង Repot.Derm សម្រាប់​ការគាំទ្រ។​

​ដើម្បី​ប្រារព្ធ ទិវា​ភពផែនដី សមាគម​អភិរក្ស​សត្វព្រៃ (WCS) ក៏បាន​ចែករំលែក​វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​ពី​ការរួមចំណែក​របស់​ក្រុម​ការងារ​ពី​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ការខិតខំ​ប្រឹងប្រែង​លើ​ការការពារ​ធនធានធម្មជាតិ​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស សត្វព្រៃ និង​ភពផែនដី៕