​ភ្នំពេញៈ​ លោក ឌិ​ត ទីណា រដ្ឋ​​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងថា កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​គាំទ្រ​ប្រទេស​គុយបា​លើ​វិស័យ​កសិកម្ម ទាំង​ផ្នែក​បច្ចេកទេស និង​ការវិនិយោគ​ជាមួយ​វិស័យ​ឯកជន​។ ទន្ទឹមនឹងនេះ​លោក​ឌិ​ត ទីណា បានស្នើ​ភាគី​គុយបា ធ្វើការ​សម្របសម្រួល​ផ្លូវច្បាប់​នានា ដើម្បីឱ្យ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​មានដំណើរ​កា​រ​រលូន និង​ឆាប់រហ័ស​។

​លោក​រដ្ឋមន្ត្រី​កសិកម្ម​បានលើកឡើង​បែបនេះ ក្នុងពេល​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិ​ភា​​ក្សា​ការងារ​ជាមួយ​លោក Maury Hechavarria Bermu''dez អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម នៃ​សាធារណរដ្ឋ​គុយបា នៅ​ទីស្តីការ​​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​ ៣ ខែឧសភា ឆ្នាំ​ ២០២៣​។ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បន្ថែមថា​៖ «​លើសពីនេះ​ទៀត​ភាគី​គុយបា អាច​ពិនិត្យ​លទ្ធភាព​លើ​ការធានា និង​ផ្តល់​សេចក្តីទុកចិត្ត ការផ្តល់​ដី​សម្បទាន​សម្រាប់​អ្នកវិនិយោគ និង​សេរីភាព​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​ក៏ដូចជា​ធាតុ​ចូល ដែល​រួច​ពន្ធ ព្រមទាំង​ការចេញចូល​របស់​អ្នកវិនិយោគ​ផងដែរ​»​។

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នោះ លោក ​ឌិ​ត ទីណា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ សហប្រតិបត្តិ​ការល្អ និង​ទំ​​នាក់​ទំនង​យូរអង្វែង រវាង​ប្រ​​ទេស​ទាំង ​២ កម្ពុជា​​គុយបា ដែល​កន្លងមក​គុយបា​បាន​ចូល​​រួម​ជួយ​កម្ពុជា​លើ​ការបណ្តុះ​​បណ្តាល​ធនធានមនុស្ស និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​កម្ពុជា​ក៏​ធ្លាប់ជួយ​គុយ​​បា នៅពេល​មាន​បញ្ហា​ខ្វះខាត​អង្ករ ដើម្បី​ឱ្យមាន​ចីរភាព និង​ទាន់ពេលវេលា​។

​តាម​ការផ្សាយ​នៅលើ​គេហ​​ទំព័រ​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​ ៣ ខែឧសភា បានឱ្យដឹងថា ស្របតាម​អនុសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន​ សែន កម្ពុជា​បានប្រែក្លាយ​ពី​ប្រទេស​ខ្វះខាត​អង្ករ​ទៅជា​ប្រទេស​អ្នក​នាំ​អង្ករ​ចេញ ហេតុនេះ លោក​ឌិ​ត ទីណា រំពឹងថា គុយបា​នឹង​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​នាំចេញ​អង្ករ ដូចគ្នា តាមរយៈ​ការប្រើប្រាស់​បច្ចេក​​ទេស​ទំនើប ពូជ​សុទ្ធ​ល្អ ផ្តល់​ទិន្ន​​ផល​ខ្ពស់ ប្រើ​រយៈពេល​ខ្លី និង​មាន​រសជាតិ​ឆ្ងាញ់​។​

​ក្នុង​កិច្ចការងារ​លើ​ទំនាក់ទំនង​ក្នុង​វិស័យ​កសិកម្ម​ជាមួយ​ភាគី​ប្រទេស​ផ្សេងៗ នៅ​ព្រឹក ថ្ងៃទី​ ៣ ខែឧសភា ដដែល​នោះ លោក​ឌិ​ត ទីណា​និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម បាន​ចូលរួម​កិច្ច​ ប្រជុំ​ស្តីពី​ការការពារ​គម្រោង​ដែល​ស្នើ​ទៅ​រដ្ឋាភិបាល​អាល្លឺម៉ង់ នៅ​ទីស្តីការ​ក្រសួងកសិកម្ម ផងដែរ​។ នេះ​បើតាម​គេហទំព័រ​ក្រសួងកសិកម្ម​។ ក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា​បាន​ពិនិត្យ​លើ​គម្រោង​សំណើ​ចំនួន ​១១ ដែល​ស្នើ​ទៅ​រដ្ឋាភិបាល​អាល្លឺម៉ង់​។

​ក្នុងនោះ​ក្របខ័ណ្ឌ​ដំណាំ​កសិកម្ម​មាន​ចំនួន ៨ ​គម្រោង ក្របខ័ណ្ឌ​កៅស៊ូ​ចំនួន ២ ​គម្រោង និង​ក្រប​ ខ័​ណ្ឌ​សុខភាព​សត្វ​និង​ប​សុ​ព្យា​​បាល​ចំនួន ១​គម្រោង​។

​ប្រភព​ដដែល​បានឱ្យដឹងថា ទាក់ទង​នឹង​ការរៀបចំ​គម្រោង​សំណើ​នេះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមការងារ​ត្រូវយក​​ចិត្ត​ទុកដាក់​សហការគ្នា​ឱ្យបាន​ល្អ ធ្វើការ​វិភាគ និង​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់​លើ​គម្រោង​សំណើ​នេះ ដើម្បី​ការអនុវត្ត​មាន​ប្រសិទ្ធ​​ភាព និង​និរន្តរភាព ដោយ​ក្នុងនោះ​ត្រូវ​គិតគូរ​ដល់​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ធនធានមនុស្ស​ដែលមាន​ជំនាញ​ច្បាស់លាស់ ការចុះបញ្ជី​ពូជ SPS និង​ត្រូវ​ពិនិត្យ​លទ្ធភាព​បន្ថយ​ចំណាយ​ណា​ដែល​មិន​ចាំ​​បាច់​ដែល​កសិករ​អាច​បន្តស​កម្ម​​ភាព​បាន​ពេល​គម្រោង​បញ្ចប់​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​បើតាម ឯកឧត្តម​រដ្ឋមន្ត្រី គឺ​ចង់​ជំ​រុញឱ្យ​គម្រោង​នៃ​អនុវិស័យ​សត្វ ដំណាំ និង​ដំណាំ​ឧស្សាហកម្ម​ទាំង នេះ​លេចចេញ​ជា​រូបរាង​ឡើង តែ​ទោះជា​យ៉ាងណា​ត្រូវ​ពិនិត្យ​លើ​ការប្រើប្រាស់​ថវិកា​ឱ្យចំ​ទិសដៅ​ឱ្យមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​មាន​និរន្តរភាព ដោយ​មិន​ប៉ះ​​ពាល់​ដល់​បរិស្ថាន​»៕