ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​ប្រៃ​ស​​ណី​យ៍ និង​ទូរគមនាគមន៏លោក ជា វ៉ាន់​ដេ​ត បាន​ជំរុញ​ដល់​និស្សិត​ដែល​កំពុង​សិក្សា​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា ឱ្យ​ខិតខំ​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ដើម្បី​បង្កើន​សមត្ថភាព​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​ឱ្យ​កាន់តែខ្លាំង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បច្ចុប្បន្ន និង​អនាគត​។

​ការជំរុញ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​និស្សិត​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ​ឆ្នាំ​សិក្សា ២០២២-២០២៣ ចំនួន ​៣១៤​ នាក់ ដែល​កំពុង​សិក្សា​ឆ្នាំ​ទី​ ១ នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​ ៥ គឺ​បណ្ឌិត្យសភា​បច្ចេក​​វិទ្យា​ឌីជីថល​កម្ពុជា (CADT) សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) វិទ្យាស្ថាន​បច្ចេកវិទ្យា​​កម្ពុជា ​(ITC)​ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) និង​សាកលវិទ្យាល័យ​អន្តរជាតិ​​ផា​រ៉ា​ហ្គ​ន (Paragon) កាលពី​រសៀល​ថ្ងៃទី ​៣ ខែឧសភា ឆ្នាំ ​២០២៣​។

​នាឱកាស​នោះ​លោក ជា វ៉ាន់​ដេ​ត បានឱ្យដឹងថា អា​​ហា​រូបករណ៍​ទេពកោសល្យ​ឌី​ជី​​ថ​ល​តេ​ជោ ដែល​និស្សិត​ពូកែ​ទាំង​ ៣១៤ ​នាក់ ទទួលបាន​នេះ​គឺមាន​តួនាទី​សំខាន់​ណាស់​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​ឆ្នើម ក្នុង​យុគសម័យ​ឌីជីថល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់​សុខុមាលភាព​សង្គម​​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា​៖ «​ក្រោម​ការ​​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​​កសាង​ធនធានមនុស្ស​ឆ្នើម ក្នុង​យុគសម័យ​ឌីជីថល ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកកម្ពស់ សុខុមាលភាព​សង្គម សម្តេច បានផ្តល់​អាហារូបករណ៍​ទេព​​កោសល្យ​ឌីជីថល ផ្តល់ជូន​និស្សិត​ឆ្នើម​ដើម្បី​បង្កើន​សមត្ថភាព​ធន​​ធាន​មនុស្ស​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ក្នុងការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​រដ្ឋាភិបាល​ឌីជីថល​»​។​

​បន្ថែម​ពីនេះ​លោក ជា វ៉ាន់​ដេ​ត ​ក៏បាន​ជំរុញ និង​ណែនាំ​ដល់​និស្សិត​ទាំងអស់​ត្រៀមលក្ខណៈ​ឱ្យបាន​ល្អ ត្រូវផ្តោត​ការយកចិត្ត​​ទុកដាក់​រៀនសូត្រ​ឱ្យ​ពូកែ និង​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​។ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​សូមឱ្យ​និស្សិត​ទាំង​​អស់​ខិតខំ​ស្រាវជ្រាវ ដោយមាន​ការផ្សារភ្ជាប់​នឹង​ការអនុវត្ត​ជាក់​​ស្ដែង​ឱ្យបាន​ច្រើន​ដើម្បី​ក្លាយជា​ធនធានមនុស្ស​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល ហើយ​ក្លាយខ្លួនជា​អ្នកដឹកនាំ​លើ​វិស័យនេះ​»​។​

​ជុំវិញ​សារៈសំខាន់​នៃ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​នេះ​ផងដែរ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក គិ​ន ភា បាន​លើក​​ឡើង​ថា ដោយ​មើលឃើញ​ពី​គុណ​តម្លៃ​នៃ​វិស័យ​ឌីជីថល​លោក​បាន​ជំរុញ​ឱ្យ​យុវជន ពិសេស​សិស្សានុសិស្ស​កម្ពុ​ជា គួរ​ចាប់យក​ជំនាញ​នេះ ពិសេស​ខិតខំ​សិក្សា​ឱ្យ​ច្បាស់ ដើម្បី​ពង្រឹង​សមត្ថ​​ភាព ពិសេស​ទទួលបាន​ឱកាស​ការងារ​ល្អ​ថែមទៀត​។​

​លោក​បន្ថែមថា​៖ «​ការកសាង​ធនធានមនុស្ស​គឺជា​រឿង​សំខាន់បំផុត​ក្នុង​ការឈាន​ឆ្ពោះទៅ​ការ​​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា និង​ការ​ អភិវឌ្ឍ​សេដ្ឋកិច្ច​​សង្គម​កម្ពុជា ដែល​ចំណុច​នេះ គឺ​ទាមទារ​ឱ្យមាន​ការពង្រឹង​សមត្ថភាព​បន្ថែម​លើ​ជំនាញ​ឌីជីថល​»​។​

​បើតាម​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និស្សិត​ពូកែ​ទាំង ​៣១៤​ នាក់​នេះ គឺជា​បេ​ក្ខ​​ភាព​ដែល​ទទួលបាន​ជយលាភី​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ ក្នុង​កម្មវិធី​ប្រកួត​​ប្រជែង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់​ដែល​រួមមាន ពានរង្វាន់​បច្ចេក​​វិទ្យា​វាស់​ស្ទង់​កម្ពស់​ទឹក​ក្នុង​កម្មវិធី​ប្រកួតប្រជែង​បច្ចេកវិទ្យា​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ពាន​​រង្វាន់​កម្មវិធី​ប្រកួត ធុរកិច្ច​ថ្មី​ឌី​ជី​​ថ​ល SmartStart 2023 និង​ពានរង្វាន់​កម្មវិធី​ប្រកួត​រ៉ូ​បូត​ថ្នាក់ជាតិ Robocon 2022​។​

​តាមរយៈ​អាហារូបករណ៍​នេះ​ក្រសួង​ប្រៃសណីយ៍​បានបង្ហាញ​ក្តីសង្ឃឹម និង​ជឿជាក់​យ៉ាង​មុត​​មាំ​ថា សិស្ស​និស្សិត​ទាំងនេះ​នឹង​ខិតខំ​រៀនសូត្រ អភិវឌ្ឍ​ចំណេះដឹង​របស់ខ្លួន ដើម្បី​ចូលរួមចំណែក​អភិ​​វ​ឌ្ឍ​កម្ពុជា​ឆ្ពោះទៅ​សម្រេចបាន​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​នាពេល​អនាគត​៕