​អភិបាលខេត្ត​ស្ទឹងត្រែង​លោក ស្វាយ សំ​អ៊ាង បាន​ជំរុញ​និង​ក្រើនរំឭក​ដល់​អាជ្ញាធរ និង​កម្លាំង​ប្រដាប់អាវុធ​មាន​សមត្ថកិច្ច ត្រូវ​ពង្រឹង​ការបង្ក្រាប​បទល្មើស និង​ត្រួតពិនិត្យ​លើ​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹងត្រែង ដើម្បី​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជូន​ប្រជាពលរដ្ឋ​។ ការជំរុញ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​រដ្ឋបាល​ខេត្ត​ប្រចាំខែ ​មេសា ឆ្នាំ ២០២៣ កាលពី​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។

​ថ្លែង​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ និង​កម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​ស្ទឹងត្រែង បា​នឱ្យដឹង​ថា កិច្ចប្រជុំ​នេះ គឺធ្វើឡើង​ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​របាយការណ៍​ការងារ​ប្រចាំ​របស់​រដ្ឋបាលខេត្ត និង​លើក​ទិសដៅ​ការងារ​ខែ​បន្ទាប់ រួមទាំង​មតិយោបល់​ពី​អ្នកពាក់ព័ន្ធ។​

​លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ មាន​សារៈសំខាន់​ណាស់ ដើម្បី​រួមគ្នា​ពិនិត្យ ពិភាក្សា និង​វាយតម្លៃ​ទៅលើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ កាលពី​ខែមេសា ឆ្នាំ ២០២៣ កន្លងមក ដើម្បី​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការអនុវត្ត​ការងារ​នៅ​ខែថ្មី ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ថែមទៀត ពិសេស​សំដៅ​ឈានទៅ​ជំរុញ​ការភិវឌ្ឍ​ខេត្ត​ស្ទឹងត្រែង​លើ​គ្រប់​វិស័យ»។

​ឆ្លៀតឱកាស​នោះដែរ លោក​អភិបាលខេត្ត​ស្ទឹងត្រែង ក៏បាន​ធ្វើ​ការស្នើ និង​ក្រើនរំឭក ដល់​កម្លាំង​ប្រដាប់អាវុធ​មាន​សមត្ថកិច្ច​ត្រូវ​សហការគ្នា​ឱ្យ​ល្អ ត្រូវ​ពិនិត្យ​លើ​បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​នៅ​ខេត្ត​ស្ទឹងត្រែង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ទន្ទឹមគ្នានេះ លោក ក៏បាន​ស្នើឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង ៣ ប្រភេទ ត្រូវ​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅក្នុង​រដូវ ឃោសនា​បោះឆ្នោត និង​ការបោះឆ្នោតជាតិ ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ ដែល​នឹង​ឈានចូល​មកដល់​ខាងមុខនេះ​ថែមទៀត។

​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​បទល្មើស​នៅក្នុង​ខេត្តស្ទឹងត្រែង​នេះដែរ លោក អូត ស៊ី​វុត្ថា ស្នងការ​នៃ​ស្នងការដ្ឋាន​គរបាល​ខេត្តស្ទឹងត្រែង បាន​ឱ្យដឹង​ថា សម្រាប់​ការបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង បើ​ប្រៀបធៀប​រយៈពេល ៥ ឆ្នាំ​មកនេះ ឃើញ​មានការ​ថយចុះ​ប្រមាណ ៣៩% ដោយ​ក្នុងនោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៩០ នាក់ ហើយ​បានធ្វើ​ការអប់រំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផងដែរ។​

​យ៉ាងណាមិញ លោក​ថា នឹង​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​បង្ការ ទប់ស្កាត់ បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ​នៅក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​បង្ក​អសន្តិសុខ​ដល់​សង្គមជាតិ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព។

​បើតាម​របាយការណ៍រ​បស់​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ក្នុង​រយៈពេល ៥ ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ ២០១៨-២០២៣ ខេត្ត បាន​ខិតខំ និង​ពង្រឹង​ការពារ​គ្រប់គ្រង​តំបន់​ការពារ​ធនធានធម្មជាតិ​ក្នុងភូមិសាស្ត្រ​ខេត្ត ដែល​រួមមាន តំបន់​ឧទ្យាន​ជាតិ​វីរៈជ័យ ផ្ទៃដី​ជាង ៩៩ ពាន់​ហិកតា ឧទ្យាន​ជាតិ​វ៉ឺនសៃ-សៀមប៉ាង ផ្ទៃដី​ជាង ៤៤ ពាន់ ហិកតា ដែនជម្រក​សត្វព្រៃ-ព្រៃឡង់ ផ្ទៃដី​ជាង ១២១ ពាន់ហិកតា ដែនជម្រក​សត្វព្រៃ​សៀមប៉ាង មាន​ផ្ទៃដី​ជាង ១៣៣ ពាន់​ហិកតា និង​តំបន់​រ៉ាមសារ​ជាដើម៕