អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានធ្វើ​ការជំរុញ និង​អំពាវនាវ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​ធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត ខណៈ​បច្ចុប្បន្ន​រដ្ឋបាល​ភ្នំពេញ​បាន​ទើបតែ​បាន​បើក​ខ្សែ​រត់​ពិសេស​រថយន្តក្រុង​សាធារណៈ​ចំនួន​២ ខ្សែ​ទៀត សម្រាប់​បងប្អូន​ធ្វើដំណើរ​ទៅ​ទស្សនា​ស៊ី​ហ្គេម​។

​ការអំពាវនាវ​នេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​សេចក្តីជូនដំណឹង​ស្តីពី​ការបើក​ខ្សែ​រត់​ពិសេស​រថយន្តក្រុង​សាធារណៈ (Express Bus) សម្រាប់​បម្រើ​ដល់​ការធ្វើដំណើរ​ទៅ​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣​។​

​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ខាងលើ​ថា​ចាប់ពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​រាជធានី​ភ្នំ​ព​ញ​បានប្រកាស​បើក​ខ្សែ​រត់​ពិសេស រថយន្តក្រុង​សាធារណៈ (Expres Bus) សម្រាប់​បម្រើ​ដល់​ការធ្វើដំណើរ​ទៅ​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​បាន​ប្រាប់​បន្តថា​៖ «​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាបថា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ខ្សែ​រត់​ពិសេស រថយន្តក្រុង​សាធារណៈ សម្រាប់​បម្រើ​ដល់​ការធ្វើដំណើរ​របស់​មហា​ជន រួមទាំង​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់ ទៅ​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ខាងលើ ចាប់ពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៣ ដល់ ថ្ងៃទី​៩ ខែ​មិ​ថុ​នាំ ឆ្នាំ​២០២៣ ដោយ​មិន​បង់ប្រាក់​នោះឡើយ​»​។

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ដែរថា រថយន្តក្រុង​នេះ​មាន​២​ខ្សែ​គឺ​ចេញដំណើរ​ពី​ចំណត រង់ចាំ​រថយន្តក្រុង​កោះ​ពេជ្រ​តាម​បណ្តោយ​វិថី​ព្រះស៊ីសុវត្ថិ​ឆ្ពោះ​មក​ចំណត​រង់ចាំ​រថយន្តក្រុង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​មួយ​ខ្សែ​ទៀត​ចេញពី​ចំណត​រង់ចាំ​រថយន្តក្រុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី បន្ត​មក​មហាវិថី​ព្រះមុនីវង្ស​ឆ្ពោះ​មក​ចំណត​រង់ចាំ​រថយន្តក្រុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ លោក​ថា អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ធ្វើដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្ត ប្រកបដោយ​ផាសុកភាព​នាឱកាស​ព្រឹត្តិការណ៍​កីឡា​នេះ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដដែល សម្រាប់​ខ្សែ​រត់​ពិសេស​រថយន្តក្រុង​សាធារណៈ (Express Bus) ខ្សែ​ទី​១៖ ចេញដំណើរ​ពី​ចំណត​រង់ចាំ​រថយន្តក្រុង​កោះ​ពេជ្រ តាម​បណ្តោយ​តីរវិថី​ព្រះស៊ីសុវត្ថិ ឆ្ពោះ​មក​ចំណត​រង់ចាំ​រថយន្តក្រុង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​នឹង​ឈប់ នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ទីតាំង​ប្រកួត​សណ្ឋាគារ​ណាហ្គា​វើ​លដ៍​ទី​១ និង ទី​២ រួច​បន្តដំណើរ​លើ​តីរវិថី​ព្រះស៊ីសុវត្ថិ​ឈប់​នៅ​ស្ថានីយ​ចំណត​រង្វង់​មូល​កួច​កាណុង និង​ឈប់​នៅ​ទីតាំង​ប្រកួត នៃ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) បន្ទាប់មក​ឆ្លងស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ដោយ​ឈប់​នៅ​ទីតាំង​ប្រកួត​ដាយ​ណូ​ស័​រ​អឹ​ឡាយ​ហ្វ ទីតាំង ប្រកួត​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​OCIC ទីតាំង​ប្រកួត​ក្នុង​បុរី​រុងរឿង និង​ទីតាំង​ប្រកួត​សហភាព​សហព័ន្ធ​យុវជន កម្ពុជា​រាជធានី​ភ្នំពេញ (​ស​.​ស​.​យ​.​ក​) រួច​បន្តដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦​អា ឈប់​នៅ​ទីតាំង​ប្រកួត​វាយ​កូន​ហ្គោល​ហ្គា​ឌិន ស៊ី​ធី​ហើយ​ធ្វើដំណើរ​ឆ្ពោះ​មក​ចំណត​រង់ចាំ​រថយន្តក្រុង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។

​ដោយឡែក សម្រាប់​ខ្សែ​រត់​ពិសេស​រថយន្តក្រុង​សាធារណៈ (Express Bus) ខ្សែ​ទី​២​វិញ គឺ​ចេញដំណើរ​ពី​ចំណត​រង់ចាំ​រថយន្តក្រុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី បន្ត​មក​មហាវិថី​ព្រះមុនីវង្ស ឆ្ពោះ​មក​ចំណត​រង់ចាំ​រថយន្តក្រុង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​នឹង​ឈប់​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ឈប់​នៅ​ស្ថានីយ​ចំណត​រង់ចាំ​រង្វង់​មូល​កួច​កាណុង និង​ឈប់​នៅ​ទីតាំង​ប្រកួត​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្តា​ត​ចាស់​) រួច​បន្តដំណើរ​មក​វិថី​ឧកញ៉ា​ឃ្លាំងមឿង កាត់​តាម​តំបន់​អភិវឌ្ឍន៍​កាំ​កូ​ស៊ី​ធី ឈប់​នៅ​ទីតាំង​ប្រកួត​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​ឈប់ នៅ​ទីតាំង​ប្រកួត​កីឡដ្ឋាន​ព្រី​នស៍ និង​បន្តដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ទៅកាន់​ចំណត​រង់ចាំ​រថយន្តក្រុង នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

​សូម​បញ្ជាក់ដែរថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ត្រូវ​ប្រារព្ធ​ពិធី​បើក​ការប្រកួត​នា​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២៣​នេះ​។ ក្នុងនោះដែរ ចំពោះ​ព្រឹត្តិការណ៍ SEA Games: ចាប់ផ្តើម​ពីថ្ងៃ​ទី​០៥-១៧ ខែឧសភា ឆ្នាំ​២០២៣ និង ASEAN Para Games: ចាប់ផ្តើម​ពីថ្ងៃ​ទី​០៣-០៩ ខែមិថុនា ឆ្នាំ​២០២៣​។

​តាមរយៈ​ព្រឹ​តិ​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលនេះ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល និង​អ្នកជំនាញ​សេដ្ឋកិច្ច​ចាត់ទុកថា​គឺជា​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​ដែល​នឹង​លើក​មុខមាត់​កម្ពុជា​ឱ្យ​កាន់​តែមាន​ភាព​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ និង​រំពឹង​ដែរ​ថា កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ច្រើន​ពី​ព្រឹត្តិការណ៍​នេះ​៕​