លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជាប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង បានលើកឡើង​ពី​សមិទ្ធផល​ដែល​សម្រេច​បាន​ក្នុង រយៈពេល ៥ ឆ្នាំ របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី៦ ដែលដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គួរជា​ទីមោទនៈ ប៉ុន្តែ​ក៏បាន​ជួប​នូវ​បញ្ហា​ប្រែប្រួល​ដ៏ស្មុគស្មាញ​នៃ​ស្ថាន​ការណ៍​តំបន់ និងពិភព​លោក។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និវត្តន៍​ជន និង​អតីតយុទ្ធជន ក្នុង​ស្រុកកំរៀង ខេត្ត​បាត់ដំបង សរុប​ចំនួន ១៩២២ រូប នៅថ្ងៃ​ទី ៦ ខែឧសភា នេះ លោក ស ខេង មានជំនឿ​ថា​ប្រជាពលរដ្ឋ ពិតជា​បានតាមដាន​នូវ​ដំណើរ​ការវិវត្តន៍​ប្រែប្រួលនៃ​សង្គម​ជាតិ ការប្រែប្រួល​ដ៏ស្មុគស្មាញ​នៃស្ថានការណ៍​តំបន់ និងពិភព​លោក​នេះ ជាពិសេស​ផលវិបាក​បង្ក​ឡើង​ដោយ​សង្គ្រាម និង​ការប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោបាយ។

លោកបន្ត​ថា ទន្ទឹមនឹង​ការវិវត្តន៍​ប្រែប្រួល​ស្មុគស្មាញ​នៃសភាព​ការណ៍​តំបន់ និង​អន្តរ​ជាតិនោះ ​នៅ​កម្ពុជា ក្រុម​ប្រឆាំង​ជ្រុលនិយម និង​មជ្ឈដ្ឋាន​អគតិមួយ​ចំនួន​នៅតែ​បន្ត​រិះរក​គ្រប់វិធី ប៉ុនប៉ង​បង្ក​ឱ្យ​មានភាពចលាចល​វឹកវរ​ក្នុង​សង្គម​ដើម្បី​ឈាន​ទៅផ្ដួល​រំលំ​រាជ​រដ្ឋាភិបាលស្រប​ច្បាប់ ដែលកើត​ចេញ​ពី​ការបោះឆ្នោត និង​ប្រើប្រាស់​គ្រប់​ល្បិចកល​ដើម្បី​រារាំង​ដល់ដំណើរការ​នៃការអភិវឌ្ឍ​សង្គម​ជាតិ។

លោក​បន្ថែម​ថា ទោះបី​ប្រឈម​មុខ​ចំពោះ​វិបត្តិ និង​បញ្ហា​ប្រឈម​ខាងលើ​នេះ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ និងវិធានការ​នានា​ដោយ​មានការ​គាំទ្រ និង​ការចូលរួម​យ៉ាងសកម្ម​ពី​មន្រ្តី​រាជការ កងកម្លាំង​មាន​សមត្ថកិច្ច អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំង​ប្រទេស ក្នុងនោះ​រួមទាំង​ក្នុង​ស្រុកកំរៀង។

ជាមួយគ្នា​នេះ លោក​សង្កត់ធ្ងន់​ថា៖« ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ យើង​ទាំងអស់គ្នា​ពិតជាមាន​កិច្ចការ​នានា​ជាច្រើន​ដែលត្រូវ​អនុវត្ត​ដើម្បី​អនាគត​ដ៏ភ្លឺស្វាង​របស់​ប្រទេស​ជាតិ និង​បានបង្ហាញ​សុទិដ្ឋិនិយម​ថា​ផ្អែកលើ​សមិទ្ធផល​សម្រេច​បាន​កន្លងមក និង​ដោយ​មានការ​គាំទ្រពី​ប្រជាពលរដ្ឋ មន្រ្តី​រាជការ កងកម្លាំង​ប្រដាប់អាវុធ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ប្រទេសជាតិ​នឹង​បន្ត​អភិវឌ្ឍ​រីកច្រើន​លើ​គ្រប់​វិស័យ​ស្របតាម​គោលដៅ​រំពឹងទុក​ក្នុង​រយៈពេល ៥ ឆ្នាំខាងមុខ​ទៀត»។

លោក យង់ ពៅ អគ្គលេខាធិការ​នៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា បានប្រាប់​ឱ្យដឹង​ថា ការប្រកួ​តប្រជែង​ភូមិសាស្ត្រ​នយោយបាយ​ទាំងនៅ​ក្នុង​តំបន់ និងពិភព​លោក រួមជាមួយ​បញ្ហានយោបាយ​ផ្សេងៗ នៅក្នុង​ប្រទេស គឺជាបញ្ហា​ស្មុគស្មាញ ដែលជា​ចំណែកមួយ​មិនអាច​ធ្វើឱ្យ​ប្រទេស​កម្ពុជា មានការ​លូតលាស់ បាន​លឿន​នោះទេ។

លោកបន្ត​ថា ករណី​នេះ មិនមែន​ទើបតែ​កើតឡើង​នៅពេល​បច្ចុប្បន្ន​នេះ ជាក់

ស្តែង​កាលពី​អំឡុង​សង្គ្រាម​ត្រជាក់ និង​សង្រ្គាម​វៀតណាម ព្រមទាំង​សង្គ្រាម​នៅក្នុង​តំបន់ឥណ្ឌូ​ចិន ក៏បាន​រុញច្រាន​ឱ្យ​ប្រទេស​កម្ពុជា​ជាប់ផុង​នៅក្នុង​សង្គ្រាម​នេះ រហូត​ដល់ ៣០ ទៅ ៤០ ឆ្នាំ ហើយ។

លោកថា​៖«កម្ពុជា​ទើបតែ​ទទួលបាន​សន្តិភាព​ពេញលេញ​នៅចុង​ឆ្នាំ ១៩៩៨ ប៉ុណ្ណោះ ព្រមទាំងមាន​ការអភិវឌ្ឍ​រហូត​មក៕