​ភ្នំពេញៈ ក្រសួងសុខាភិបាល​កម្ពុ​ជា​បញ្ជាក់ថា ក្រសួងសុខាភិបាល​ឥណ្ឌូនេស៊ី​បាន​ស្នើសុំ​ពង្រឹង និង​ពង្រីក​លើ​វិស័យ​សុខាភិបាល​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​ឱសថ ជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា​។​

​ការស្នើ​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក ប៉ា​ហា​ឡា នូ​រា​ហា អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌូនេស៊ី និង​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា នា​ថ្ងៃទី​៥ ខែឧសភា នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​កម្ពុជា រាជធានី​ភ្នំពេញ​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃទី​៥ ខែឧសភា ថា ក្នុងជំនួប​នេះ លោក ម៉ម ប៊ុនហេង បាន​អបអរសាទរ ដែល​ឥណ្ឌូនេស៊ី ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ក្នុង​ឆ្នាំ​២០២៣ និង​បាន​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​ខ្លី​មកកាន់​កម្ពុជា​របស់លោក ប៉ា​ហា​ឡា នូ​រា​ហា ជាពិសេស​ការ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំ​២០២៣​នេះ​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បញ្ជាក់ថា​៖ «​ជាមួយគ្នានេះ ឯកឧត្តម ប៉ា​ហា​ឡា នូ​រា​ហា ក៏បាន​សុំ​អធ្យាស្រ័យ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី [​លោក ម៉ម ប៊ុនហេង​] ផងដែរ ដែល​បាន​ផ្តល់ដំណឹង​ក្នុង​រយៈពេល​ខ្លី សម្រាប់​ការជួប​សម្តែង​ការគួរ​សមនេះ​។ សម​ភាគី​ឥណ្ឌូនេស៊ី បាន​ស្នើសុំ​ពង្រឹង និង​ពង្រីក​លើ​វិស័យ​សុខាភិបាល​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​ឱសថ​»៕