គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប កាលពី​ថ្ងៃទី​៤ ខែឧសភា បាន​ពិនិត្យ និង​ឯកភាព​ជាគោលការណ៍​លើ​ឯកសារ​ចំនួន​៥ ដែល​រួមមាន​សេចក្ដីណែនាំ​ស្តីពី កិច្ចសហការ​ការងារ​សន្តិសុខ​សុវត្ថិភាព វីដេអូ​អប់រំ និង​ខ្លឹមសារ​ស្ប៉ត​វីដេអូ​ផ្សព្វផ្សាយ សម្រាប់​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។

​គ​.​ជ​.​ប បានសម្រេច​ដូច្នេះ​បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​លើ​ឯកសារ កែសម្រួល​ខ្លឹមសារ​មួយចំនួន និង​បាន​ឯកភាព​ជាគោលការណ៍​លើ​ឯកសារ​ទាំងនោះ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​របស់ គ​.​ជ​.​ប​។

​លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នោះ បាន​ពិនិត្យ និង​សម្រេច​លើ​គោលការណ៍​ចំនួន ៥ ដែល​រួមមាន ទី​១ សេចក្ដីណែនាំ​ស្តីពី កិច្ចសហការ​ការងារ​សន្តិសុខ​សុវត្ថិភាព និង

​សណ្តាប់ធ្នាប់​សាធារណៈ សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​។ ​ទី​២ ខ្លឹមសារ​អត្ថបទ​វីដេអូ​អប់រំ​ស្តីពី នីតិវិធី​នៃ​ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។

​ទី​៣ ខ្លឹមសារ​ស្ប៉ត​វីដេអូ​អប់រំ​ដែល​បាន​ថត​រួច សម្រាប់ធ្វើ​ការផ្សព្វផ្សាយ​តាម​ស្ថានីយទូរទស្សន៍ និង​ស្ថានីយ​វិទ្យុ​តាម​រាជធានី ខេត្ត​។ ទី​៤ សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ពាក្យសុំ​ចុះបញ្ជី​របស់​គណបក្ស​ខ្មែរ​អភិរក្ស ដែលមាន ៧ មណ្ឌល​រាជធានី ខេត្ត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្នុងការ​បោះឆ្នោត​។ រីឯ​ទី​៥​ចុងក្រោយ ឯកភាព​ជាគោលការណ៍​លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស ដែល​ត្រូវ​ស្នើ​ជំនួយ​បរទេស​សម្រាប់​ឆ្នាំ​២០២៤​។

​ជាមួយគ្នានេះ បើតាម​គ​.​ជ​.​ប ចំពោះ​លទ្ធផល​បណ្ដោះអាសន្ន​រយៈ​ពេល ១១​ថ្ងៃ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គិត​ត្រឹម​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២៣ គ​.​ជ​.​ប បានសម្រេច​ទទួលស្គាល់​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ចំនួន ៨ គណបក្ស​ជា​ផ្លូវការ​។​

​គណបក្ស​ទាំង ៨ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​តែមួយ និង​គណបក្ស​ខ្មែរ​អភិរក្ស​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​៥ ឧស្សភា​នេះ​។​

​សូមបញ្ជាក់ថា បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ធម្មាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​តែមួយ បាន​ឈរឈ្មោះ​គ្រប់​មណ្ឌល​ទាំង ២៥​មណ្ឌល ចំណែកឯ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ១២ មណ្ឌល និង គណបក្ស​ខ្មែរ​អភិរក្ស ៧ មណ្ឌល​។​

​បន្ថែម​ពីនេះ គ​.​ជ​.​ប ក៏​កំពុង​ពិនិត្យ​លើ​សំណើរ​របស់​គណបក្ស​ចំនួន​៣ ទៀតផង​ដែរ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សំបុក​ឃ្ញុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​ឯកភាព​ជាតិ​។

​គួរ​ជម្រាបជូន​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​៕

​ទិ​ត្យ រា​នុ​ពិចិត្រ