មណ្ឌលគិរីៈ ត្មាតភ្លើង​ជំទង់​មួយ​ក្បាល​ដែលមាន​របួស​និង​ដំបៅ​ធ្ងន់ធ្ងរ​លើ​ជើង​ស្តាំ​ត្រូវបាន​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​ជួយសង្គ្រោះ​កាលពី​សប្តាហ៍​មុន​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ​នេះ​។​

​ប្រភព​បានឱ្យដឹងថា ការជួយ​សង្គ្រោះ​នេះ​ធ្វើឡើង ក្រោម​កិច្ចសហការ​រវាង​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB) សហគមន៍​មូលដ្ឋាន មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី (PDoE) អង្គការ​ជីវិត​ធម្មជាតិ​កម្ពុជា​(NLC) និង​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ប្រចាំ​កម្ពុជា (WWF Cambodia)​។

​ប្រភព​បញ្ជាក់ថា​៖«​ត្មាតភ្លើង​នេះ​មាន​របួស និង​ដំបៅក្លាយ​ធ្ងន់ធ្ងរ​នៅលើ​ជើង​ខាងស្តាំ​របស់​វា ហើយ​មាន​ស្នាម​ជាំ​ខ្លាំង​នៅត្រង់​ពោះ​។ ដោយ​ការដាក់​ថ្នាំ​ឱ្យ​វា​សន្លប់ បសុពេទ្យ​របស់​យើង​បាន​ពិនិត្យពិច័យ​លើ​ទំហំ​នៃ​មុខរបួស​របស់​វា ហើយ​នៅពេលនេះ​បក្សី​នេះ​កំពុង​ទទួល​ការព្យាបាល​លើ​មុខរបួស​របស់​វា​»​។

​ប្រភព​ដដែល​បានឱ្យដឹងថា ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា ជា​ក្រុមការងារ​សហប្រតិបត្តិ​ការ​រវាង​អង្គការ​អភិរក្ស និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ជាច្រើន ដោយ​ផ្តោត​សំខាន់​ទៅលើ​សត្វ​ត្មាត​បី​ប្រភេទ​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ដែលជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​។

​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​បាន​នឹង​កំពុង​អង្កេត​តាមដាន​ពី​ការកើនឡើង ឬ​ថយចុះ​នៃ​របាយ​ប្រជាសាស្ត្រ​សត្វ​ត្មាត ដោយ​ប្រើ​បច្ចេកទេស​រាប់​ចំនួន​ខ្ពស់បំផុត​នៃ​ការធ្វើជំរឿន​ប្រភេទ (highest per species census count) ចាប់តាំងពី​ឆ្នាំ ២០០៦ មកម្ល៉េះ​។

​ចំនួន​ខ្ពស់បំផុត​នៃ​ការធ្វើជំរឿន​ប្រភេទ​ដែល​បាន​កត់ត្រា​នៅក្នុង​ឆ្នាំ ២០២២ មាន​ចំនួន​សត្វ​ត្មាតភ្លើង​ត្រឹមតែ ២១ ក្បាល​ប៉ុណ្ណោះ ត្មាតភ្លើង​ដែល​កំពុង​ត្រូវបាន​ព្យាបាល​ស្តារនីតិសម្បទា​ឡើងវិញ​នៅ ACCB នាពេល​ថ្មីៗ​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​ចំពោះ​ការរស់រានមានជីវិត​នៃ​ប្រភេទ​នេះ​។

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នោះ ក្រុមការងារ​ជួយសង្គ្រោះ​សត្វ​ត្មាត​បង្ហាញ​ក្តី​សង្ឃឹមថា​បក្សី​នេះ​នឹង​ជាសះស្បើយ​ដូចដើម​វិញ​ទាំងស្រុង ហើយ​អាច​លែង​ត្រលប់​ទៅក្នុង​ជម្រក​ធម្មជាតិ​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​៕​