ភ្នំពេញៈ ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​និស្សិត​ចំនួន ​១៣១ ​នាក់​ បាន​បញ្ចប់​ការ​សិក្សា​ពី​សា​កល​វិទ្យា​ល័យ​អា​អាមេ​រិក​ភ្នំពេ​ញ (AUPP) កាល​ពី​ថ្ងៃទី ​៦​ ខែ​ឧសភា ​លោក ​ជា វ៉ាន់​ដេ​ត រដ្ឋ​មន្ត្រី​ក្រសួង​ក្រសួង​ប្រៃ​សណីយ៍​​និង​ទូរគម​នាគ​មន៍ ជំ​រុញ​ឱ្យ​និស្សិត​ប្រើ​ប្រាស់ ​ចំណេះ​ដឹង​របស់​ខ្លួន​ក្នុង​ផ្លូវ​ត្រូវ​ ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​ឆ្ពោះ​ទៅ​សម្រេច​បាន​បរិវត្ត​កម្ម​ឌីជី​ថល​នា​ពេល​អនា​គត​។

​លោក​ជា វ៉ាន់​ដេ​ត ​បាន​លើក​ឡើង​ថា ក្នុង​ការ​កសាង​ធនធាន​មនុស្ស​ឆ្នើមក្នុ​ង​យុគ​សម័យ​ឌីជី​ថល​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​លើក​កម្ពស់​សុខុមាល​ភាព​សង្គម ​រាជ​រដ្ឋាភិ​បាល​បាន​ផ្តល់​អាហា​រូប​ករណ៍​ទេព​កោ​សល្យ​ឌីជី​ថល​ជូន​និស្សិត​ឆ្នើម៣១៤​នាក់​ ក្នុង​ឆ្នាំ​ថ្មី​នេះ​ដើម្បី​បង្កើន​សមត្ថ​ភាព​ធន​ធាន​មនុស្ស​ជំនាញ​បច្ចេ​កវិទ្យា​ឌីជី​ថល ក្នុងការ​ចូល​រួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌីជី​ថល ​និង​រដ្ឋាភិ​បាល​ឌីជី​ថល​។

​និស្សិត​ទាំង​៣១៤​នាក់​នោះ​កំពុង​សិក្សា​ឆ្នាំ​ទី​១​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ចំនួន​៥គឺ​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជី​ថល​កម្ពុជា (CADT) សា​កល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​ក​ម្ពុ​ជា (ITC) សាកល​វិទ្យា​ល័យ​អាមេរិ​កាំង​ភ្នំពេញ (AUPP) និង​សា​កល​វិទ្យា​ល័យ​អន្តរ​ជាតិ​ផា​រ៉ា​ហ្គ​ន (Paragon) ។​

​លោក​រដ្ឋ​មន្ដ្រី​បាន​បញ្ជាក់​ថា​ តាម​រយៈ​ការជួប​សំណេះ​សំណាល​ជាមួយ​និស្សិត​ដែល​ទទួលបា​ន​វិញ្ញាបន​បត្រ​បញ្ជាក់​ពី​ការ​ទទួលស្គាល់​អាហា​រូប​ករណ៍​ទេព​កោ​សល្យ​ឌីជី​ថល​តេ​ជោ ទាំង​៣១៤​នាក់​នោះ ​លោក​ក៏បាន​ណែនាំ​ដល់​និស្សិត​ឱ្យត្រៀម​លក្ខណៈ​បាន​ល្អ ដោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​រៀ​ន​សូត្រ​ឱ្យ​ពូកែ​និង​ស្រាវ​ជ្រាវ​ផ្សារ​ភ្ជាប់​នឹង​ការ​អនុវត្ត​ជាក់​ស្ដែង​ឱ្យ​បាន​ច្រើន​ដើម្បី​ក្លាយ​ជា​ធន​ធានមនុស្ស​ឆ្នើម​ក្នុង​វិស័យ​បច្ចេក​វិទ្យា ​ឌីជីថល ​ហើយ​ក្លាយ​ខ្លួន​ជា​អ្នក​ដឹក​នាំ​លើ​វិស័យ​នេះ​​។

​លោក​ថ្លែង​ថា​៖«​ខ្ញុំ​សង្ឃឹម​និង​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ​ក្មួយៗ​នឹង​ខិត​ខំរៀន​សូត្រ ​អភិវឌ្ឍ​ចំណេះ​ដឹង​របស់​ខ្លួន​ ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍ​កម្ពុជា​ឆ្ពោះ​ទៅ​សម្រេច​បាន​ បរិវត្ត​កម្ម​ឌីជី​ថល នៅ​កម្ពុជា​នា​ពេល​អនា​គត​» ។

​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ដែរ​ លោក ​Raymond Leos សា​កល​វិទ្យាធិ​ការរង​ផ្នែក​កិច្ចការ​សិក្សា​នៅ​សាក​ល​វិទ្យា​ល័យ​អាមេរិ​កាំង​ភ្នំពេញ​បាន​លើក​ឡើង​ថា​ អ្វីដែល​និស្សិត​ត្រូវការ​បំផុត​គឺ​ការ​អភិវឌ្ឍ​ខ្លួន​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​ទីនេះ​ពោល​គឺ “​ភាព​ច្នៃ​ប្រឌិត​និង​ការ​បង្កើត​នូវ​អ្វី​ដែល​ថ្មី​។​

​លោក​បាន​បន្ថែម​ថា​៖«​ភាព​ច្នៃប្រ​ឌិត​អាចជា​ការ​បង្កើត​នូវ​កម្មវិធី​កុំព្យូ​ទ័​រ​ថ្មី បង្កើត​កម្មវិធី​ទូរស័ព្ទ​ថ្មី បង្កើត​ប្រភេទ​អាជីវក​ម្ម​ថ្មី​ បង្កើត​វិធី​ថ្មី​ក្នុង​ការ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិត​ផល​ឬ​សេវា​កម្ម​ ការផ្តល់​វិធី​ថ្មី​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ឬ​ផ្តល់​វិធី​ថ្មី​ ដើម្បី​បង្កើត​ និង​ចែក​រំលែក​ភាព​រីក​ចម្រើន​ វា​អាច​ជួយ​ឱ្យ​យើង​បង្កើត​ពិភព​លោក​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ខ្លួន​យើង​ និង​អ្នក​ដទៃ​»​។​

​លោក​បាន​បន្ថែម​ថា លោក​មាន​ទំនុកចិ​ត្ត​លើ​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​បាន​រៀបចំ​និង​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​នៃ​ភាព​ច្នៃប្រ​ឌិត​និង​ការ​បង្កើត​ថ្មី​ដែល​ជា​ផ្នែក​មួយ​សម្រាប់​ការ​សម្រប​ខ្លួន និង​ការ​រីក​ចម្រើន​នៅក្នុង​ពិភព​លោក​ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រ​ហ័ស​របស់​យើង​។​

​បើតា​ម លោក Raymond Leo​s ជាមួយនឹ​ង​ចក្ខុវិស័យ​ក្នុងការ​ក្លាយជា​​សាកល​វិទ្យាល័យ​គំរូ​ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវ​ឌ្ឍ​ធន​ធានម​នុស្ស​​ក៏ដូ​ចជា​បណ្តុះប​ណ្តាល​យុវជន​ជំនាន់​ថ្មី​ដែលជា​អ្នក​ចេះ​ត្រិះរិះ​ពិចារណា ​អ្នក​ច្នៃប្រឌិត​ និង​អ្នកដឹ​កនាំ​ប្រកប​ដោយ​​ក្រមសីល​ធម៌ ​ដើម្បី​បម្រើ​ប្រទេស​កម្ពុជា និង​ពិភ​ពលោក ​សា​កលវិ​ទ្យាល័យ​​AUPP បាន​ផ្តល់ជូន​​កម្មវិធី​សិក្សា​បែប​អាមេរិក​ស្រប​តាម​ស្តង់​ដាអ​ន្តរជា​តិ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​ មក ។​

​លោក​បាន​បន្ថែ​មទៀត​ថា AUPP បាន​សហការ​ជា​មួយ​ដៃគូ​សាក​លវិទ្យា​ល័យ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​២​គឺ​សាក​លវិ​ទ្យាល័យ​ Arizona និ​ង​សាកល​វិទ្យា​ល័យ Fort Hays State ហើយ​មាន​និស្សិត​ជាង​៤០០​នាក់​ហើយ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ AUPP​ ៕