
អាជ្ញាធរ កំពុងរៀបចំដាក់បំពាក់អំពូលសូឡា នៅតាមផ្ទះប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី។ រូបថត ហ្វេសប៊ុក
សៀមរាបៈ រដ្ឋបាលស្រុកបន្ទាយស្រីបានឱ្យដឹងថា ការងារដាក់ពង្រាយអំពូលសូឡា និងសាងសង់ផ្ទះជូនពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបន្ទាយស្រី នឹងរួចរាល់នាចុងខែឧសភានេះ ខណៈបច្ចុប្បន្នក្រុមការងារពាក់ព័ន្ធ កំពុងពន្លឿនលើកិច្ចការងារនេះ។
លោក សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបន្ទាយស្រី បានលើកឡើងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី បានប្តេជ្ញាក្នុងការអនុវត្តសម្រេចឱ្យបានជាស្ថាពរការងារដាក់អំពូលសូឡា សាងសង់ និងជួសជុលផ្ទះជូនប្រជាជន ដែលរងការខូចខាតដោយសារភ្លៀង ខ្យល់កន្ត្រាក់ ផ្គររន្ទៈ នាខែកន្លងទៅក្នុងមូលដ្ឋានភូមិ ឃុំមួយចំនួន នៅស្រុកបន្ទាយស្រី ។
តាមរយៈរដ្ឋបាលស្រុកបន្ទាយស្រី លោកមានប្រសាសន៍ថា៖ «ក្រុមការងារនឹងខិតខំប្តេជ្ញា ដោយធ្វើយ៉ាងណាពន្លឿនក្នុងការអនុវត្តឱ្យបានចប់ជាស្ថាពរការដាក់អំពូលសូឡា និងស្ថាបនាលំនៅឋានជូនដល់ពលរដ្ឋក្នុងភូមិសាស្ត្រឃុំព្រះដាក់, ឃុំរុនតាឯក, ឃុំរំចេក, ឃុំត្បែង, ឃុំឃុនរាម និងឃុំខ្នារសណ្តាយ នៃស្រុកបន្ទាយស្រី»។
ការចុះបំពាក់អំពូលសូឡានេះ គឺចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ភូមិ ឃុំមានសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើរពេលយប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។
លោក សែម សុវណ្ណនី បញ្ជាក់ថា ៖ «មកដល់ពេលនេះ ការងារដាក់ពង្រាយអំពូលសូឡា និងសាងសង់ផ្ទះបច្ចុប្បន្នសម្រេចបានប្រវែងផ្លូវជាង ៣៥គីឡូម៉ែត្រ បានបំពាក់អំពូលសូឡា និងផ្ទះប្រមាណ១០៧ ត្រូវបាន និងកំពុងស្ថាបនា ហើយក្រុមការងារនឹងខំធ្វើឱ្យបានរួចរាល់នាចុងខែឧសភានេះ»។
បើតាមរដ្ឋបាលស្រុកបន្ទាយស្រី បច្ចុប្បន្ននេះក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី បានដាក់ពង្រាយអំពូលសូឡា តាមបណ្តាឃុំក្នុងទូទាំងស្រុកបន្ទាយស្រីរួមមាន៖ ឃុំព្រះដាក់ ខ្នារសណ្តាយត្បែង ឃុនរាម រំចេក និងឃុំរុនតាឯក បានចំនួនសរុប ១ ៧១២ដើម ក្នុងរយៈប្រវែងផ្លូវខ្វាត់ខ្វែងតាមមូលដ្នានជាង៣៥គីឡូម៉ែត្រ។
សូមជម្រាបផងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅទូទាំងប្រទេស យ៉ាងហោចណាស់មានមនុស្ស ចំនួន ១៤ នាក់បានស្លាប់ និង៩១ នាក់ទៀតបានរងរបួស ដោយគ្រោះមហន្តរាយពីធម្មជាតិ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ ក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៣។
របាយការណ៍ដដែលបានបញ្ជាក់ថា ករណីបាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់ បានបណ្ដាលឱ្យដួលរលំខូចខាតផ្ទះទាំងស្រុងអស់១ ០១១ខ្នង និងផ្ទះចំនួន ៧ ៣២៨ខ្នង ទៀតបានប៉ើងរបើកដំបូលខូចខាតស្រាល និងមធ្យម។ ក្រៅពីនោះនៅបានប៉ះពាល់និងខូចខាតដំបូលអគារសាលារៀនចំនួន៥៥ខ្នង អគាររដ្ឋបាលសាធារណៈចំនួន១៤ខ្នង និងតូបលក់ដូរចំនួន៤០តូបផងដែរ៕