
សិស្សកម្ពុជាពេលរៀនក្នុងផ្នែក STEM នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងស្នើឱ្យមានការជួយគ្នាទៅវិញទៅមកនៅកម្រិតថ្នាក់តំបន់ក្នុងការអភិវឌ្ឍសមត្ថភាពសិស្សក្នុងផ្នែក STEM និងបច្ចេកវិទ្យាព័ត៌មានឱ្យកាន់តែខ្លាំងថែមទៀត។ ការជំរុញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គមវប្បធម៌អាស៊ានលើកទី២៩ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី ៨ ឧសភា ឆ្នាំ ២០២៣។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់អគ្គលេខាធិការអាស៊ាន,រដ្ឋមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាន, ឧត្តមមន្ត្រីសហគមន៍សង្គមវប្បធម៌អាស៊ាននិងគណៈប្រតិភូអមសំខាន់ៗជាច្រើន។ នេះបើតាមការប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា។
នាឱកាសនោះលោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិក៏បានផ្តល់អនុសាសន៍សំខាន់ៗដើម្បីសម្រេច«ទិសដៅយុទ្ធសាស្ត្រសម្រាប់ទស្សនវិស័យរបស់សសរស្ដម្ភសហគមន៍សង្គមវប្បធម៌អាស៊ាន ក្រោយឆ្នាំ ២០២៥»។
អនុសាសន៍របស់ក្រសួងអប់រំកម្ពុជារួមមាន ការធ្វើកំណែទម្រង់វិស័យអប់រំរបស់កម្ពុជា, ការអភិវឌ្ឍសុខុមាលភាពសង្គមសម្រាប់ប្រជាជនកម្ពុជា,ការលើកកម្ពស់ការអប់រំអ្នកជំនាន់ក្រោយមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលបានសមត្ថភាពខ្ពស់និងការលើកកម្ពស់ភាពជាដៃគូនៃវិស័យសាធារណៈ និងឯកជនក្នុងវិស័យអប់រំ, ការអប់រំរួមជាមួយសហគ្រិនភាព និងបច្ចេកវិទ្យាឌីជីថល,ការបណ្ដុះបណ្ដាល និងការអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សាជាដើម។
ទន្ទឹមនឹងនេះក្រសួងក៏បានបញ្ជាក់ផងដែរ ពីការជួយគ្នាទៅវិញទៅមកនៅកម្រិតតំបន់ក្នុងការអភិវឌ្ឍសមត្ថភាពសិស្សក្នុងផ្នែក STEM និងបច្ចេកវិទ្យាព័ត៌មាន និងការស្រាវជ្រាវ និងការអភិវឌ្ឍនៅគ្រប់កម្រិតរវាងប្រទេសជាសមាជិកអាស៊ានដែលមានសារៈសំខាន់យ៉ាងខ្លាំងដើម្បីជំរុញដល់ការប្រកួតប្រជែងរបស់អាស៊ានក្នុងទីផ្សារការងារសកល ការកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងភាពរឹងមាំក្នុងតំបន់អាស៊ាន។
ពាក់ព័ន្ធនឹងជំនាញផ្នែក STEM និងបច្ចេកវិទ្យាព័ត៌មាននេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា បានលើកឡើងថា ក្នុងបរិបទសម័យបច្ចេកវិទ្យាឧស្សាហកម្មដូចនេះ ការអភិវឌ្ឍសមត្ថភាពផ្នែក STEM និងបច្ចេកវិទ្យាព័ត៌មាន គឺយុវជនក៏ដូចជាសិស្សនិស្សិតចាំបាច់ត្រូវមានដើម្បីរួមចំណែកពេញលេញលើការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា៖ «ការជំរុញឱ្យមានការជួយគ្នានៅក្នុងកម្រិតថ្នាក់តំបន់លើការអភិវឌ្ឍជំនាញផ្នែក STEM និងបច្ចេកវិទ្យាព័ត៌មានមានសារៈសំខាន់ណាស់ ពីព្រោះយើងមិនអាចរីកចម្រើន និងអភិវឌ្ឍបានទេបើការចូលរួម និងការជួយគ្នានៅមានកម្រិត និងគម្លាតគ្នា»។
លោក គិន ភា បានបន្តថា៖ «ដូច្នេះការជួយគ្នាពីបណ្តាប្រទេសដែលមានការរីកចម្រើនខ្លាំងលើជំនាញផ្នែក STEM និងបច្ចេកវិទ្យាព័ត៌មានមកជួយដល់ប្រទេសដែលមិនទាន់មានការរីកចម្រើនខ្លាំងលើជំនាញនេះ គឺជារឿងចាំបាច់ដើម្បីជំរុញឱ្យតំបន់អាស៊ានកាន់តែមានសក្តានុពល និងជាតំបន់គួរជាទីទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីប្រទេសក្រៅតំបន់»។
បើតាមលោក គិន ភា បច្ចុប្បន្ននៅតំបន់អាស៊ីអាគ្នេយ៍មានកម្លាំងពលកម្មយុវជនវ័យក្មេងច្រើន ប៉ុន្តែទាមទារឱ្យមានការពង្រឹង និងអភិវឌ្ឍសមត្ថភាពជំនាញ STEM និងបច្ចេកវិទ្យាព័ត៌មានបន្ថែមទៀតដើម្បីឆ្លើយតបនឹងការអភិវឌ្ឍនៃបដិវត្តន៍ឧស្សាហកម្ម។
សូមបញ្ជាក់ដែរថា មុខវិជ្ជា STEM គឺផ្ដោតលើផ្នែកជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា។ ពាក់ព័ន្ធនឹងមុខវិជ្ជានេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងក្នុងពិធីបើកមហាស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ កាលពីថ្ងៃទី ២៥-២៩ ខែមករាថា កាលណាសិស្ស និស្សិត និងយុវជនមានជំនាញ STEM នេះច្បាស់នឹងធ្វើឱ្យពួកគេមានការងារដ៏ល្អត្រឹមត្រូវមួយ និងរួមចំណែកឱ្យសង្គមកម្ពុជាមានភាពរីកចម្រើនថែមទៀត៕