ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គ្រោង​នឹង​ត​ខ្សែកាប​អុ​ប​ទិ​ក និង​អ៊ីន​ធឺ​ណិ​ត ឱ្យទៅដល់​សេវា​រដ្ឋបាល​មូល​ដ្ឋា​ន​នៅត្រឹម​ឆ្នាំ​ ២០២៧ ខណៈដែល​ក្រសួង​កំពុង​ព​ន្លឿ​ន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​សហគមន៍​នៅតាម​គ្រប់​វិទ្យា​ល័យ​នានា​នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស​នៅ​គ្រប់​ទីកន្លែង​បាន​រៀន​ជាមួយ​គ្រូ​ល្បីៗ​។

​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី​​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគ​មន៍ លើកឡើង​ក្នុងពេល​ថ្មីៗ​នេះ​ថា ក្រសួង​នឹង​រៀបចំម​ជ្ឈ​​មណ្ឌល​បច្ចេកវិទ្យា​សហគមន៍ ដែល​បំពាក់​ដោយ​សម្ភារ​បច្ចេក​ទេស​បម្រើ​ដល់​ការលើកកម្ពស់​សមត្ថភាព​រៀន និង​បង្រៀន​សំដៅ​ទៅរក​បច្ចេកវិទ្យា​ឌីជីថល នៅតាម​វិទ្យាល័យ​នានា​ទាំង​៥៥៨​នៅ​ទូទាំងប្រទេស​ក្នុងពេល​ខាងមុខ​។

​លោក​បាន​ពន្យល់ថា មជ្ឈមណ្ឌល​ឌីជីថល​នេះ ដើរតួនាទី​សំខាន់ ដោយ​បង្រៀន​កូនសិស្ស​ឱ្យ​ចេះ​ប្រើប្រាស់​កុំ​ព្យូ​ទ័​រ ដោយសារតែ​បច្ចុប្បន្ននេះ នៅតាម​វិទ្យាល័យ​ទាំងអស់​កូន​សិស្ស​រៀន​ត្រឹមតែ​ទ្រឹស្តី​ប៉ុណ្ណោះ និង​ពុំមាន​ការអនុវត្ត​ជាក់ស្តែង​នោះទេ​។ លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា មជ្ឈមណ្ឌល​នេះ​គឺមាន​ឧបករណ៍​ឌីជីថល​គ្រប់​ទាំងអស់ មាន​ទូរទស្សន៍​ដែលមាន​អេក្រង់​ធំ ដើម្បី​ដាក់ឱ្យ​កូន​សិស្ស​រៀន​។ ទោះជា​បែបណា លោក​រដ្ឋមន្ត្រី​មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​សម្រាប់​ការអនុវត្ត​បែបនេះ​នៅ​ក្រប​ខ័​ណ្ឌ​ទូទាំងប្រទេស​ឡើយ​ដោយ​គ្រាន់តែ​បញ្ជាក់​ពី​ការចាប់ផ្តើម​ដំបូង​ក្នុង​វិទ្យាល័យ​មួយ​នៅ​ស្រុក​បាទី ខេត្តតាកែវ​។

​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា​៖ «​ឥឡូវនេះ ខ្ញុំ​ចាប់ផ្តើម​ពី​ ១ ​វិទ្យា​​ល័យ​នៅ​ស្រុក​បាទី​មុន បន្ទាប់មក​នៅ​ខេត្តតាកែវ បន្ទាប់មក​អនុវត្ត​នៅ​ទូទាំងប្រទេស គឺ​ក្នុង​វិទ្យាល័យ​ ១ មាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ឌីជីថល​ ១»​។

​លោក​បន្ថែមថា​៖ «​ធម្មតា​កូន​សិស្ស​នៅតាម​តំបន់​ជនបទ​គ្មាន​ឱកាស​រៀន​ជាមួយ​គ្រូ​ល្បីៗ​នៅ​រាជធានី​ភ្នំពេញ​នោះទេ​។ ដូចនេះ យើង​ថត​គ្រូ​ល្បីៗ​នៅ​រាជធានី​ភ្នំពេញ ដែល​គាត់​បង្រៀន​មេរៀន រួច​ឱ្យ​កូនសិស្ស​ទៅ​មើល ហើយ គ្រូ​ដែល​បង្រៀន​ពួកគាត់​ដែល​ពុំទាន់​មានចំណេះដឹង​ដល់​កម្រិត ក៏​អាច​រៀនសូត្រ​ពី​គ្រូ​ល្បីៗ​ទាំង​នោះដែរ​»​។

​លោក ​ស៊ឹម រ៉ុង នាយក​វិទ្យាល័យ​ ហ៊ុន សែន ​១ ​មិថុនា ស្ថិតនៅ​ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ​ដែលជា​វិទ្យាល័យ​ដំបូង​គេ​បំផុត​សម្រាប់​ការអនុវត្ត​សាកល្បង​នៃ​មជ្ឈមណ្ឌល​ឌីជីថល​សហគមន៍​ដែល​ផ្តួចផ្តើមឡើង​ដោយ​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​និយាយថា រហូតមកដល់​ពេលនេះ គម្រោង​នេះ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការសាងសង់​អគារ​សាល ​១ ហើយ​គ្រោង​នឹង​បំពាក់​សម្ភារ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ​ស្ថិតនៅក្នុង​ដំណាក់កាល​ដេញថ្លៃ​សម្ភារ​បំពាក់ ដែល​ស្ថិតនៅក្រោម​មន្ទីរ​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តតាកែវ​។ ខ្ញុំ​គិតថា ប្រហែល​នៅក្នុង​ខែមិថុនា​អាច​ចាប់ផ្តើម​ដំណើរការ​សាកល្បង​បាន​»​។

​លោក​បញ្ជាក់ថា​៖«​ទាំង​សា​លា និង​សហគមន៍​ពិត​ជាមាន​សេចក្តីរំភើប​ណាស់​ដែល​វិទ្យា​ល័យ​នេះ​ទទួលបាន​ការអនុវត្ត​មុនគេ​នៅ​ទូទាំងប្រទេស​»​។

​លោក ជា វ៉ាន់​ដេ​ត បាន​និយាយថា តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​ឌីជីថល​នេះ ទាំង​គ្រូបង្រៀន និង​កូនសិស្ស​នៅតាម​ទីតាំង​នានា​ទោះ​នៅ​ជនបទ ឬ​នៅតាម​ទីក្រុង​ក៏​នឹង​ទទួលបាន​ឱកាស​រៀន​សូត្រ​ពី​គ្រូ​ល្បីៗ​ដូចគ្នា ដែល​ពួក​​គេ​អាច​ពង្រឹងសមត្ថភាព​បន្ថែម​។

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា​៖ «​ជា​លទ្ធផល កូនសិស្ស​ក៏​ចេះ​ពី​គ្រូបង្រៀន​ដែល​ល្បីៗ​នៅ​ភ្នំពេញ គ្រូបង្រៀន​បង្រៀន​នៅ​ទីនោះ​ក៏​អាច​សង្កេតមើល​ពី​គ្រូ​ល្បីៗ​ដើម្បី​រៀន​តាម​វិធីសាស្ត្រ​ដែល​ធ្វើ​ដូច​​ម្តេច​ដើម្បីឱ្យ​កូនសិស្ស​បាន​យល់​ដឹង​ច្បាស់​។ ដូចនេះ កូនសិស្ស​ក៏​រៀន​បាន​ប្រសើរ​ជាង​មុន គ្រូ​ក៏មាន​ចំណេះដឹង​ក្នុងការ​បង្រៀន មាន​វិធីសាស្ត្រ​បង្រៀន​កូនសិស្ស​បានល្អ​ជាង​មុន​ដែរ​»​។

​បន្ថែម​ពីនេះ​លោក ជា វ៉ាន់​ដេ​ត ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ក្រសួង និង​ភ្ជាប់​ខ្សែកាប​អុ​ប​ទិ​ក និង​អ៊ី​ន​ធឺ​ណិ​ត ទៅដល់​គ្រប់​ឃុំ​សង្កាត់ សាលារៀន ប៉ុស្តិ៍​នគរបាល និង​មណ្ឌល​សុខភាព នៅក្នុង​ប្រទេស​កម្ពុជា​ត្រឹម​ឆ្នាំ ​២០២៧​ ខាងមុខ​៕