
លោកអ៊ិត សំហេង (កណ្ដាល)ពេលដឹកនាំមន្ត្រីទៅចូលរួមក្នុងវេទិកានៅទីក្រុងឡុងដ៍ពីថ្ងៃទី៧ ឧសភា ។ រូបថត ក្រសួងការងារ
ភ្នំពេញៈ កម្ពុជារួមនឹងបណ្តាប្រទេសដែលមកពីជុំវិញពិភពលោក សរុបចំនួន ១១៨ ប្រទេស កំពុងបើកកិច្ចពិភាក្សារួមគ្នាដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសក៏ដូចជាពិភពលោកឱ្យកាន់តែប្រសើរឡើង។ នេះបើតាមការឱ្យដឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សានេះបានឱ្យដឹងថា កិច្ចពិភាក្សារួមគ្នារកដំណោះស្រាយបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ គឺត្រូវបានធ្វើឡើងតាមរយៈ វេទិកាអប់រំពិភពលោកលើកទី១៩ ក្រោមប្រធានបទ៖ ការបណ្តុះវប្បធម៌សិក្សា ការកសាងភាពធន់ និងការលើកកម្ពស់ចីរភាព សម្រាប់ការអប់រំកាន់តែប្រសើរឡើងប្រកបដោយភាពច្នៃប្រឌិត ភាពរឹងមាំ និងភាពក្លាហាន។
លោកបន្តថា វេទិកានេះបានរៀបចំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ ការរៀបចំនេះក្នុងគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអប់រំ ដើម្បីទទួលបានធាតុចូលសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលឱ្យមានភាពធន់ រួមទាំងមូលដ្ឋាននៃការសិក្សាកម្រិតដំបូង ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ។
វេទិកានេះមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន អ្នកជំនាញខាងអប់រំ និងបណ្តុះបណ្តាលជំនាញ និងដៃគូអភិវឌ្ឍន៍ មកពីបណ្តាប្រទេសជុំវិញពិភពលោកចំនួន១១៨ប្រទេស។
លោក អ៊ិត សំហេង បានឱ្យដឹងថា៖«វេទិកានេះក៏ជាវេទិកានៃការប្រមូលផ្តុំរដ្ឋមន្ត្រីអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេសដ៏ធំបំផុតក្នុងពិភពលោក ដើម្បីជជែកវែកញែកពីគោលនយោបាយអប់រំទៅថ្ងៃអនាគត ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ក៏ដូចជាដើម្បីវាយតម្លៃ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស»។
ពាក់ព័ន្ធនឹងការអប់រំនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា បានលើកឡើងថា ការរួមគ្នាដោះស្រាយ និងគិតគួរដល់ការកសាងធនធានមនុស្សលើជំនាញបច្ចេកទេសពីបណ្តាប្រទេសនៅលើពិភពលោក រួមទាំងកម្ពុជាផងនោះ គឺជារឿងសំខាន់បំផុតក្នុងការឈានឆ្ពោះទៅការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក៏ដូចជាពិភពលោក។
លោកបានថ្លែងថា៖«ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបានដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិហើយពលរដ្ឋដែលទទួលបានការបណ្តុះបណ្តាលលើជំនាញនេះកំពុងធ្វើការយ៉ាងសកម្មនៅតាមកន្លែងការងារ តែបើទោះបីជាយ៉ាងនេះក្តីពលរដ្ឋជាច្រើននូវពុំទាន់យល់ច្បាស់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលនេះនៅឡើយទេ ហេតុនេះទាមទារឱ្យបណ្តាប្រទេសទាំងអស់ចាំបាច់ត្រូវគិតគូរពីបញ្ហានេះ»។
គួរបញ្ជាក់ថា វេទិកាអប់រំពិភពលោកលើកទី១៩នាពេលនេះគឺត្រូវបានរៀបចំឡើងក្រោមការសហការគាំទ្រដោយក្រសួងអប់រំ ក្រសួងធុរកិច្ចនិងពាណិជ្ជកម្ម និងក្រសួងការបរទេសចក្រភពអង់គ្លេស និងក្រុមប្រឹក្សាជាតិអង់គ្លេស (BritishCouncil)។
តាមរយៈវេទិកានេះ ក្រៅពីបើកកិច្ចពិភាក្សារួមគ្នា អ្នកចូលរួមតំណាងឱ្យប្រទេសទាំងអស់ក៏បានថ្លែងសុន្ទរកថា និងផ្លាស់ប្តូរគំនិតថ្នាក់រដ្ឋមន្ត្រីព្រមទាំងមានការរៀបចំឱ្យមានការពិភាក្សាក្រៅផ្លូវការនិងឱកាសដើម្បីកសាងទំនាក់ទំនង(Networking) រវាងអ្នកចូលរួមទាំងអស់ផងដែរ៕