ភ្នំពេញៈ ក្រ​សួង​ប​រិស្ថាន​កម្ពុជា​និង​ស្ថាប័ន​ពាក់​ព័ន្ធ​សំខាន់ៗ​បាន​ប្រកាស​ដាក់ឱ្យ​ដំ​ណើរ​ការ ​«ប្រព័ន្ធគ្រប់​គ្រង​ទិន្ន​ន័យ​ស្រុក​យើង»​ ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី​ ៩​ ខែ​ឧសភា​ ក្រោម​វត្ត​មាន​ លោក ​សាយ​ សំអា​ល់ រដ្ឋមន្រ្តីក្រសួង​បរិស្ថាន ​និងមាន​ការ​ចូល​រួម​ពី​មន្ទីរ​បរិស្ថាន​ទាំង ២៥ ​រាជ​ធានី​-ខេត្ត​ដៃគូ​អភិ​វឌ្ឍន៍​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត​ផង។

លោក​សាយ​សំអាល់​បាន​ឱ្យ​ដឹង​ថា៖«ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​ស្រុក​យើង​ជាឧប​ករណ៍ដ៏​ពិសិដ្ឋ​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​រៀប​ចំគោល​នយោបាយ​ប្រកប​ដោយ​ភាព​ជា​ក់​ស្តែង​ទាក់​ទង​នឹង​កិច្ច​គាំ​ពារបរិ​ស្ថាន​ការអភិរក្សជីវចម្រុះ ការគ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​សម្បត្តិ​ធម្ម​ជាតិ​និង​ការ​រស់​នៅ​ដោយ​ចីរភាព»។​នេះ​បើ​យោង​តាម​ក្រ​សួង​បរិស្ថាន។

លោក​រដ្ឋ​មន្រ្តី​បាន​ថ្លែង​ថា​គោល​បំណង​សំខាន់​នៃ​ការ​បង្កើត​«ប្រព័ន្ធ​ទិន្ន​ន័យ​បរិស្ថាន​ស្រុក​យើង​(CEMIS)»គឺ​ដើម្បី​ចែក​រំលែក រក្សា​ទុក ​គ្រប់​គ្រង ​និង​វិភាគ​ទិន្ន​ន័យ​ សំដៅ​ជួយ​ពង្រឹង​ដល់​ការ​រៀប​ចំផែ​ន​ការ ការសម្រេចចិត្ត ការតាមដាន និងការគ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ និង​អភិរក្ស​ជីវ​ចម្រុះ ​នៅ​កម្ពុជា។

លោក​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា ​ប្រព័ន្ធ​នេះ​នឹង​គាំ​ទ្រ​ដល់​ការ​អនុវ​ត្ត​គោលន​យោបាយ​ និង​ទស្សនវិ​ស័យរបស់ក្រសួងបរិស្ថាន ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា​ ​ក៏​ដូច​ជា​គាំទ្រ​ដល់គោ​លនយោ​បាយ​ យុទ្ធ​សាស្ត្រ​ ផែន​ការ​សកម្ម​ភាព ​របស់​ក្រសួងស្ថាប័នពាក់​ព័ន្ធ​ ដៃ​គូ​អភិវឌ្ឍន៍​ជាតិ​-អន្តរ​ជាតិ​ក្នុង​ការ​ការ​ពារ គ្រប់​គ្រង ​ធន​ធាន​ធម្មជាតិ ​អភិរក្ស​ជីវ​ចម្រុះ ​ការរៀប​ចំខ្លួន​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ​កា​ររស់​នៅ ​និង​ការ​អ​ភិវឌ្ឍ​ដោយ​ចីរភាព។

ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​នេះ​ដែរ​ លោក​កែន​ សេរី​រដ្ឋា ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ចំ​ណេះ​ដឹង​ និង​ព័ត៌​មាន​បរិស្ថាន​ បាន​បញ្ជាក់​ផង​ដែរ​ថា​ «ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​ស្រុក​យើង»​ ជា​ថ្នាល​ឌីជីថល​គ្រប់​គ្រង​ទិន្នន័យ​ផ្លូវ​ការមួយ​របស់​ក្រសួងប​រិស្ថាន ​ដែល​មាន​វិសាល​ភាព​អនុវត្តន៍​នៅថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ។

លោក​បាន​លើក​ឡើង​ថា៖«ប្រព័ន្ធ​នេះ​មាន​៤​ផ្នែក​សំខាន់ៗ​ដូច​ជា ​ផ្នែក​ទិន្នន័យ ​ផ្នែក​គាំទ្រ​សេចក្តី​សម្រេច​ចិត្ត​ ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ថ្នាក់​ជាតិ ​និង​ក្រោម​ជាតិ ​និង​ចំណុច​ចុង​ក្រោយ​គឺ​ការ​ចូល​រួម និង​កិច្ច​សហ​ប្រតិ​បត្តិ​រវាង​អ្នក​ពាក់​ព័ន្ធ»។

បើ​តាម​ក្រសួង​បរិស្ថាន​បាន​ឱ្យដឹង​ថា«ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​ស្រុក​យើង» ​ត្រូវ​បាន​រៀប​ចំឡើង​ដោយ នា​យកដ្ឋានសេវា​កម្មព័ត៌​មាន​ភូមិ​សាស្ត្រ​នៃ​អគ្គនាយក​ដ្ឋាន​ចំណេះដឹ​ង​និង​ព័ត៌​មាន​បរិស្ថាន​ ដោយ​បាន​ទទួល​នូវ​ការ​គាំទ្រ​តាម​រយៈ ​គម្រោង ​«និរន្ត​រភាព​តំបន់ ទេស​ភាព ​និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា» (CSLEP)។ក្រោម​ហិរញ្ញ​ប្បទាន​របស់​ធនាគារ​ពិភព​លោក​ រួម​ជាមួយ​នឹង​ការ​គាំ​ទ្រ​បច្ចេក​ទេស​ពី​កម្មវិធី​អ​ភិវឌ្ឍន៍​សហប្រ​ជាជា​តិ(UNDP)​បាន​ពង្រីក​សក្តានុ​ពល ​និង​វិសាល​ភាព​ក្នុង​ការ​គ្រប់​គ្រង​ទិន្នន័យ​ដោយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ប្រ​មូល​ផ្តុំ និង​គ្រប់​គ្រង​ទិន្ន​ន័យ ព័ត៌​មាន​ភូមិ​សាស្ត្រ​វិស័យ​បរិស្ថាន៕