
លោក អុិត សំហេង ក្នុងកិច្ចពិភាក្សាពីការបណ្តុះបណ្តាលជំនាញបៃតងនៅអង់គ្លេសកាលពីថ្ងៃទី៩ ឧសភា ។ រូបថត ក្រសួងការងារ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលកម្ពុជា រដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងរដ្ឋមន្ត្រីប្រទេសផ្សេងៗទៀតរួមទាំងដៃគូអន្តជាតិមួយចំនួនបានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញការអប់រំលើការបណ្តុះបណ្តាលជំនាញបៃតង សំដៅឈានទៅជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុជាលក្ខណៈសកល។
នេះបើតាមការលើកឡើងរបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងភាគីកម្ពុជានៅចក្រភពអង់គ្លេស កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នាឱកាសនៃការចូលរួមប្រជុំពិភាក្សាអំពីការអប់រំនិងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ។
កិច្ចប្រជុំពិភាក្សាពីការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកល ធ្វើឡើងដើម្បីជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការអនុវត្តកម្មវិធីអប់រំបៃតង ខណៈកិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងវេទិកាអប់រំពិភពលោកលើកទី១៩ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។
តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានលើកឡើងថា ៖ «កិច្ចពិភាក្សារវាងកម្ពុជា និងបណ្តាប្រទេស ដៃគូអន្តរជាតិ គឺបានផ្តោតសំខាន់លើការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងពេលមានការប្រែប្រួលអាកាសធាតុជាសកលដែលត្រូវបានចាត់ទុកជាប្រធានបទដ៏សំខាន់មួយក្នុងវេទិកាអប់រំពិភពលោកលើកទី១៩ហើយក៏ជាបញ្ហាសកលដ៏ធំមួយដែរនាពេលបច្ចុប្បន្ននេះដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងមានក្តីបារម្ភ»។
នៅក្នុងកិច្ចពិភាក្សានោះដែរលោកក៏បានពិភាក្សាជាមួយលោករដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលជំនាញនៃចក្រភពអង់គ្លេសព្រមទាំងអ្នកជំនាញពាក់ព័ន្ធមួយចំនួនទៀត ដោយផ្តោតលើតួនាទីជាមូលដ្ឋាននៃការអប់រំ និងបណ្តុះបណ្តាលជំនាញក្នុងការសម្រេចបាននូវគោលដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសកលផងដែរ។
ទន្ទឹមនឹងនេះ លោកស្រី Baroness Barran រដ្ឋមន្ត្រីអប់រំនិងបណ្តុះបណ្តាលជំនាញនៃចក្រភពអង់គ្លេស បានលើកឡើងដែរថា ក្នុងកិច្ចពិភាក្សានោះ លោកស្រីក៏បានចែករំលែកបទពិសោធន៍ គោលនយោបាយ/ផែនការយុទ្ធសាស្ត្រ បញ្ហាប្រឈម និងដំណោះស្រាយនានាពាក់ព័ន្ធនឹងការអប់រំនិងបណ្តុះបណ្តាលជំនាញក្នុងពេលដែលមានការប្រែប្រួលអាកាសធាតុជាសកលដើម្បីឈានទៅដល់ការការអប់រំបៃតងសម្រាប់ទាំងអស់គ្នា។
ជាមួយគ្នានេះ លោកស្រីបានប្តេជ្ញាស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ ដើម្បីជំរុញឱ្យមានការគាំទ្រលើកម្មវិធីអប់រំនិងបណ្តុះបណ្តាលជំនាញដើម្បីឱ្យឆ្លើយតបទៅនឹងប្រែប្រួលអាកាសធាតុជាសកល និងការអបរំបៃតងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ដែរថា បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ «ការអប់រំបៃតង»គឺបានន័យថា ពិភពលោក តាមរយៈវេទិកាអប់រំពិភពលោកលើកទី១៩បានផ្តោតលើការបញ្ជ្រាបនូវគោលគំនិត៤ចំណុចសំខាន់ៗ។
ប្រភពដដែលបន្តថា ចំណុចទី១ គឺការជំរុញឱ្យគ្រឹះស្ថានអប់រំនិងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបង្កើនការសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយសម្ភារដែលប៉ះពាល់ខ្លាំងដល់អាកាសធាតុ,ការជំរុញឱ្យរៀបចំកម្មវិធីសិក្សានិងអនុវត្តតាមកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក៏ដូចជាកម្មវិធីសិក្សាដែលជួយទប់ស្កាត់ឬកាត់បន្ថយផលប៉ះពាល់អាកាសធាតុ។
ក្រសួងបានបន្តទៀតថា ចំណុចទី៣ គឺការជំរុញលើកទឹកចិត្តដល់គ្រូឱ្យពង្រឹងនិងពង្រីកការបង្រៀន ការអប់រំបណ្ដុះបណ្ដាលនូវកម្មវិធីសិក្សាដែលការពារបរិស្ថាន លើកស្ទួយភាពបៃតង ធ្វើយ៉ាងណាបញ្ជ្រាបទៅដល់សិស្សានុសិស្សនិងនិស្សិតឱ្យបានកាន់តែច្រើន និងចំណុចចុងក្រោយ គឺការលើកស្ទួយឱ្យសហគមន៍នីមួយៗបង្កើនការគិតគូរដល់ផ្នែកបរិស្ថានតាមរយៈការសន្សំសំចៃអគ្គិសនី និងទប់ស្កាត់ការបំពុលបរិស្ថានជាដើម៕