
អ្នកជំនាញកំពុងពិនិត្យនិងយកសំណាកសត្វប្រចៀវ។ រូបថត FA
ស្ទឹងត្រែងៈ មន្ត្រីនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជូនសំណាកដែលយកបានពីសត្វប្រចៀវចំនួន ១៩៧ ក្បាល ទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី ១១ ខែឧសភា ដើម្បីវិភាគរកមេរោគ និងជំងឺផ្សេងៗ ក្រោយពីបានចុះចាប់ និងប្រមូលសំណាកសត្វប្រចៀវទាំងនោះនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នេះបើតាមអ្នកនាំពាក្យក្រសួងកសិកម្ម។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១១ ខែឧសភានេះ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ការយកសំណាកសត្វប្រចៀវនៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែងនេះ ធ្វើឡើងដោយកិច្ចសហការរវាងមន្ត្រីនាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលការងារនេះធ្វើចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែឧសភានេះ។
អ្នកនាំពាក្យក្រសួងកសិកម្មបន្តថា ជាលទ្ធផលក្រុមការងារបានចាប់ និងប្រមូលសំណាកពីសត្វប្រចៀវ សរុបចំនួន ១៩៧ក្បាល ដែលមានមានសត្វប្រចៀវញី ១០៨ក្បាល និងឈ្មោល ៨៩ក្បាល ក្នុងចំណោមនោះបានយកសំណាកសត្វប្រចៀវចំនួន ១៧២ ក្បាល ដោយឡែក ២៥ក្បាលទៀត ចាប់បាន និងធ្វើអត្តសញ្ញាណ ហើយដោះលែងទៅវិញ។
កញ្ញាគូសបញ្ជាក់ថា គោលបំណង នៃការចុះប្រមូលសំណាកសត្វប្រចៀវនេះ ធ្វើឡើងដើម្បីវិភាគរក មេរោគ និងជំងឺផ្សេងៗ ក៏ដូចជាវាយតម្លៃកម្រិតនៃការឆ្លងមេរោគ និងភ្នាក់ងារបង្កជំងឺផ្សេងទៀតមកលើមនុស្ស ក៏ដូចជា សិក្សាពីភាពបង្កជំងឺតាមរយៈសត្វប្រចៀវមកមនុស្ស និងដើម្បីរកវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺផ្សេងៗតាមរយៈសត្វទៅមនុស្ស និងពីមនុស្សទៅសត្វវិញ។
កញ្ញាអ៊ឹម រចនា បញ្ជាក់ថា៖«បន្ទាប់ពីយកសំណាកបិទបញ្ចប់ទៅ ឥឡូវសំណាកនេះយើងបញ្ជូនបន្តទៅវិទ្យាស្ថានប៉ាស្ទ័រ។ វិទ្យាស្ថានប៉ាស្ទ័របញ្ជាក់មកថា គាត់នឹងដាក់សំណាកនោះនៅដាច់ដោយឡែក ១៤ថ្ងៃសិន ទើបធ្វើពិសោធដែលអាចប្រើពេលជាង ២ខែ មុននឹងទទួលបានលទ្ធផល»។
តាមការបញ្ជាក់ពីមន្ត្រីជំនាញកសិកម្មដែលបានចុះធ្វើការងារនេះផ្ទាល់ គឺពួគគាត់បានប្រើប្រាស់វិធីសាស្ត្រចាប់សត្វប្រចៀវទាំងនោះដោយប្រុងប្រយ័ត្នជាទីបំផុត ហើយចាប់ដោយប្រើសំណាញ់ និងបានយកសំណាកទាំងសត្វរស់ និងសត្វងាប់ផងដែរ។ ពេលចាប់បាន មន្ត្រីជំនាញបានធ្វើការវាស់វែងសត្វប្រចៀវទាំងនោះពីប្រវែងខ្លួន ដៃ ស្លឹកត្រចៀក កន្ទុយ និងថ្លឹងទម្ងន់។
កញ្ញា អ៊ឹម រចនា បញ្ជាក់ថា ការដាក់សំណាញ់ធ្វើឡើងនៅមុនពេលមេឃងងឹតប្រហែលម៉ោង ៤កន្លះ ហើយការដាក់នេះត្រូវធ្វើការពិនិត្យមើលសំណាញ់រៀងរាល់៥នាទីម្តង ដែលនេះជាវិធីសាស្ត្រដើម្បីធានាថា សត្វជាប់សំណាញ់ តែមិនស្លាប់ មានន័យថា ជាការបញ្ចៀសហានិភ័យសត្វប្រចៀវជាប់សំណាញ់ យូរទៅស្លាប់។
កញ្ញាថ្លែងថា៖«ពេលចាប់សត្វប្រចៀវ មន្ត្រីយើងប្រើស្រោមដៃក្រាស់ៗ ដើម្បីចាប់សត្វប្រចៀវច្រកចូលទៅក្នុងថង់ក្រណាត់ សត្វប្រចៀវ១ ដាក់ថងក្រណាត់១ ហើយបានប្រមូលសំណាក។ ប្រមូលសំណាករួច ទើបយើងដោះលែងសត្វប្រចៀវហ្នឹងដើម្បីឱ្យវាហើរត្រឡប់ទៅកាន់លំនៅរបស់វាវិញ»។
អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងផងដែរថា សំណាកដែលបានយកពីសត្វប្រចៀវ ប្រសិនបើសត្វនៅរស់មន្ត្រីជំនាញប្រើតម្បារ ត្បារយកទឹកមាត់ ទឹកនោម លាមក និងចៃរបស់វា រួចយកក្រដាសសម្រាប់ផ្តិតឈាម ដើម្បីយកទៅពិនិត្យរកមើលមេរោគផ្សេងៗ។ ដោយឡែកចំពោះសត្វងាប់ គឺត្រូវវះកាត់យកសរីរាង្គខាងក្នុង ដូចជាថ្លើម លំពែង បេះដូង សូត ខួរក្បាល និងក្រលៀន ដើម្បីយកទៅធ្វើពិសោធន៍៕