ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ជំរុញ​ដល់​រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ និង​ប្រធាន​នាយកដ្ឋាន​កសិកម្ម​ចុះ​សិក្សា​អំពី​សក្តានុពល និង​បញ្ហា​នៅតាម​បណ្តា​ខេត្ត​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថ្លែង​ជំរុញ​បែបនេះ ក្នុងពេល​លោក​ចូលរួម​ពិធី​ប្រកាស​ចូលកាន់​តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ប្រធាន​នាយកដ្ឋាន​កសិកម្ម នៅ​អគារ​​ផ្ការំដួល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី ​១០ ខែឧសភា ឆ្នាំ​ ២០២៣​។

​តាម​ការផ្សាយ​លើ​គេហទំព័រ​ក្រសួងកសិកម្ម​ថ្ងៃទី​ ១១ ខែ​ឧសភា បានឱ្យដឹងថា ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​រដ្ឋ​​លេខាធិការ អនុរដ្ឋលេខាធិការ និង​ប្រធាន​នាយកដ្ឋាន​កសិកម្ម លោក​ ឌិ​ត ទីណា បាន​ថ្លែង​លើក​ទឹកចិត្ត​ដល់​មន្ត្រីជាន់ខ្ពស់​ទាំង​នោះ​ឱ្យ​ខិតខំ​បំពេញការងារ​ប្រកបដោយ​ភាពស្មោះត្រង់ អស់ពី​កម្លាំងកាយ​ចិត្ត មិន​ប្រ​កាន់​ពី​តួនាទី និង​សហការ​ជា​មួយ​ដៃគូ​ពាក់ព័ន្ធ និង​អាជ្ញាធរ ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី ចង់ឃើញ​មន្ត្រីក្រោមឱវាទ​ទាំងនោះ ចុះ​សិក្សា​នៅតាម​បណ្តា​ខេត្ត​នានា​អំពី​សក្តានុពល និង​បញ្ហា​ប្រឈម​នានា ដើម្បី​ដោះស្រាយ​បញ្ហា​ឱ្យមាន​ប្រសិទ្ធភាព​»​។

​លោក​សាន វណ្ណ​ទី ដែល​ទើបនឹង​កាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​តំណាងឱ្យ​មន្ត្រី ដែល​ទើប​តែងតាំង​ថ្មី បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​បន្ត​សិក្សា​រៀនសូត្រ​ហើយ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ឱ្យ​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត ដោយ​មិន​ខ្លាច​នឿយ​ហត់ ម៉ឺង​មាត់ មានការ​ទទួល​ខុសត្រូវ និង​គណនេយ្យភាព ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ស្របតាម​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃ​​ក្នុង​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​គ្រប់លំដាប់​ថ្នាក់ តាមរយៈ​ការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​អង្គភាព និង​ក្រសួង​ពាក់ព័ន្ធ​នានា​ដើម្បី​ធ្វើឱ្យ​វិស័យ​កសិកម្ម​កាន់តែ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​»​។

​បន្ថែម​លើ​នេះ​លោក​បញ្ជាក់ទៀតថា នឹង​គោរព​ឋានានុក្រម​ការងារ​ដោយ​ផ្អែក​តាម​ភារកិច្ច​ដែល​បាន​បែងចែក អនុវត្ត​ការងារ​តាម​អង្គភាព​ជំនាញ និង​ប្រកបដោយ​វិជ្ជាជីវៈ រួមទាំង​គោរព​គោលការណ៍ លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ និង​អនុវត្ត​ភារ​កិច្ច​ផ្សេងៗ​ទៀត ដែល​ថ្នាក់​ដឹក​នាំ​ប្រគល់ឱ្យ​ផងដែរ​។

​យោងតាម​ព្រះរាជក្រឹត្យ​អនុក្រឹត្យ​តែងតាំង និង​សេចក្តី​សម្រេច​ស្តីពី​ការបែងចែក​ភារកិច្ច​ថ្នាក់ដឹកនាំ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការ​ប្រកាស​ចូលកាន់​តំណែង​រដ្ឋ​លេខាធិការ អនុរដ្ឋលេខាធិការ និង​ប្រធាន​នាយកដ្ឋាន​កសិកម្ម​សរុប​ចំនួន​ ១០ ​រូប​ដែល​មន្ត្រី​ជាន់​ខ្ពស់​ទាំងនោះ ជា​ក្បាលម៉ាស៊ីន​សំខាន់​ក្នុង​ការជួយ​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​នានា​ពាក់​ព័ន្ធ នឹង​ព្រៃឈើ សត្វព្រៃ ជល​ផល ធនធានមនុស្ស និង​ផ្នែក​កសិកម្ម ជាដើម​។

​បច្ចុប្បន្ន​វិស័យ​កសិកម្ម កម្ពុ​ជាមាន​សក្ដានុពល​ជាច្រើន​ដូចជា ការដាំដុះ​ស្រូវ ម្រេច កៅស៊ូ ស្វាយចន្ទី ចេក​ជាដើម​។

​បន្ថែម​ពីលើ​នេះ​មាន​ដំណាំ​សាកវប្បកម្ម ដំណាំ​ឧស្សាហកម្ម ព្រមទាំង​មានការ​ចិញ្ចឹមសត្វ​ដែលមាន​ទាំង​ជលផល​សមុទ្រ និង​ទឹកសាប​ផងដែរ​។ មិនតែប៉ុណ្ណោះ​សក្ដា​នុព​ល​កសិកម្ម​កម្ពុជា​ក៏​នៅមាន​ព្រៃឈើ សត្វព្រៃ ជីវចម្រុះ​ច្រើន​ប្រភេទ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅលេង​កម្សាន្ត និង​នាំមក​ចំណូល​មិនចេះ​រីងស្ងួត​ផង​ដែរ​។ នេះ​បើតាម​របាយការណ៍ ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឆ្នាំ​ ២០២២៕​