កែបៈ ថ្នាក់ដឹកនាំ​ខេត្ត​កែប​បានបង្ហាញ​ការប្ដេជ្ញា​ចិ​ត្ដ​ថា​នឹង​បន្ដ​ប្រែក្លាយ​ខេត្ដ​ជាប់មាត់​សមុទ្រ​មួយ​នេះ​ឱ្យទៅជា​កន្លែង​ទេសចរណ៍ធម្មជាតិ​សម្រាប់​សម្រាក​កម្សាន្ត​បែប​ប្រណីត​កម្រិត​ខ្ពស់​នាពេល​អនាគត​។​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី "​ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំកន្លងមក​" ​របស់​រដ្ឋបាលខេត្ត​កែប សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​ ២០២៣ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​លើកឡើងថា ក្រៅពី​វិស័យ​កសិកម្ម នេសាទ​សមុទ្រ ឧស្សាហកម្ម និង​អាជីវកម្ម​កំពុង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខេត្ត បច្ចុប្បន្ន​វិស័យ​ទេសចរណ៍ សេវាកម្ម ក៏​កំពុង​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ទាក់​​ទាញ​កំណើន​ទេសចរ​មកកាន់​ខេត្ត​កែប​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ថ្វីដ្បិតតែ​ខេត្ត​កែប ជា​ខេត្ត​ ១ ​តូច និង​មាន​ប្រជាជន​តែ​ជាង​ ៤​ ម៉ឺន​នាក់ តែ​ខេត្ត​នេះ សម្បូរ​ភោគផល​ធម្មជាតិ កន្លែង​ទេសចរណ៍ធម្មជាតិ​ជាច្រើន​ដែល​អាច​ទាក់​ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​។ ជាក់ស្តែង​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​កន្លងមកនេះ​ខេត្ត​កែប​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​សរុប​ជាង ៦ លាន​នាក់​»​។​

​ការលើកឡើង​នេះ​ស្រប​ពេលដែល​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងទេសចរណ៍​បាននិងកំពុង​យក​ចិ​ត្ដ​ទុកដាក់ រួមទាំង​អា​ជ្ញា​ធរ​ខេត្ដ​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ក៏ដូចជា​ការរៀបចំ​តំបន់​ទេសចរណ៍​មួយចំនួន​ឱ្យក្លាយ​ទៅជា​សហគមន៍​ទេសចរណ៍​បែប​ធម្មជាតិ​។​

​លោក ​សោម ពិសិដ្ឋ អះអាងថា ផែនការ​ខេត្ត គឺ​កំពុង​ខិតខំ​បង្កើន​ការវិនិយោគ​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​តាមរយៈ​ការដាក់ចេញ​យុទ្ធសាស្ត្រ​កែ​លម្អ​និង​អភិរក្ស​តំបន់​ធម្មជាតិ សំដៅ​ប្រែក្លាយជា​គោលដៅ​ទេសចរណ៍​សម្រាក​កម្សាន្ត​បែប​ប្រណីត​កម្រិត​ខ្ពស់​សម្រាប់​បម្រើ​អារម្មណ៍​ភ្ញៀវទេសចរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ជា​យុទ្ធសាស្ត្រ​របស់​ខេត្ត គឺ​យើង​ចង់ឱ្យ​តំបន់​សមុទ្រ ភ្នំ កោះ បាត​សមុទ្រ ខេត្ត​កែប ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​សម្រាក​កម្សាន្ត​បែប​ប្រណីត​កម្រិត​ខ្ពស់ ដែលមាន​សុខ​សុវត្ថិ​ភាព ភាព​ទាក់ទាញ មាន​ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ ពិសេស​ជា​ជម្រើស​សម្រាប់​ទេសចរ​ក្នុងការ​សម្រាក​លម្ហែកាយ​»​។​

​ពាក់​ព័​ន្វ​នឹង​វិស័យ​ទេសចរណ៍​នេះដែរ លោក សោម ចិន្តា ប្រ​ធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បានឱ្យដឹង​ដែរ​ថា ខេត្ត​កែប​មាន​កោះ​ចំនួន​ ១២ ថ្ម​ប៉ប្រះ​ទឹក​ ១ ​កន្លែង ថ្មដុះ​ស្ងួត​ ១ ​កន្លែង និង​មាន​ផ្ទៃសមុទ្រ​ដ៏​ទាក់ទាញ ដែល​បាន​ជួយ​ទាញ​កំណើន​ទេសចរ​មកកាន់​ខេត្ត​ផងដែរ​។ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ ក្នុងនាម​មន្ទីរ​លោក​នឹង​ខិតខំ​ពង្រីក​ការរៀបចំ​រមណីយដ្ឋាន ទីប្រជុំជន និង​ទីក្រុង​ស្អាត សេវា​ល្អ ឱ្យ​កាន់តែ​ទទួលបាន​ទំនុកចិត្ត​ពី​ភ្ញៀវទេសចរ​ថែមទៀត​។​

​បើតាម​របាយការណ៍រ​បស់​រដ្ឋបាលខេត្ត​កែប បាន​បង្ហាញថា បច្ចុប្បន្ន​ខេត្ត​កែប មាន​ទាំង​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​បាន​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ជា​រៀងរាល់ឆ្នាំ​។ ក្នុងនោះ​រួមមាន​ព្រៃកោងកាង ៣​ កន្លែង​មាន​ផ្ទៃក្រឡា ១ ០០៥​ ហិកតា ស្មៅ​សមុទ្រ ៣ ០៩៥ ​ហិកតា ផ្កាថ្ម​ ៥២,៥​ ហិកតា និង​មាន​ធនធានធម្មជាតិ​មាន​ត្រី​ផ្សោត ជ្រូក​ទឹក អណ្តើក​សមុទ្រ ត្រី​សេះ ក្តាមសេះ ដែលមាន​រសជាតិ​ឆ្ងាញ់ ធនាគារ​ក្ដាម ​៤​ កន្លែង ទូក​នេសាទ​ ៧២៨​ គ្រឿង និង​ឧទ្យាន​ជាតិ​កែប​មាន​ទំហំ ១ ១៥២ ​ហិកតា​។​

​នៅ​ទូទាំង​ខេត្ត​កែប គឺមាន​សណ្ឋាគារ​ចំនួន​ ១៧ ផ្ទះសំណាក់​ចំនួន​ ៥៨ បឹង​ហ្គា​ឡូ រី​សត​ចំនួន​ ២១ អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​ចំនួន​ ៣៤ ស្ប៉ា​សូ​ណា​និង​ម៉ាស្សា​ចំនួន​ ៣ ខារ៉ាអូខេ​ចំនួន ​៨ ក្លិប​កម្សាន្ត​ចំនួន ​១ មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ចំនួន​ ៣ និង​ទូក​ដឹក​ភ្ញៀវទេសចរ​ចំនួន ១៦​។

​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​មកនេះ​ភ្ញៀវទេសចរ​ដែល​បានមក​សម្រាកលម្ហែ​នៅ​ខេត្ត​កែប​សរុប ៦ ៧០៤ ០៣៥ ​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ៦ ៥៥១ ២៣១ ​នាក់ ភ្ញៀវ​អន្តរជាតិ​ ១៥២ ៨០៤​ នាក់​។ ក្រៅពីនោះ​ខេត្ត​ក៏បាន​បង្កើត​សហគមន៍​អេកូ​ទេសចរណ៍ រម​​ណី​យ​ដ្ឋា​ន​ទេសចរណ៍​ភ្នំ​សសៀរ​និង​ផ្លូវ​បេតុង​ក្រវាត់​ជុំវិញ​ភ្នំ​កែប​ធំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ ក្រោម​ការជួយឧបត្ថម្ភ​ពី​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ផងដែរ​៕