
លោកសាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី ៩ ឧសភា។ រូបថត ក្រសួងបរិស្ថាន
ព្រៃវែងៈ ក្រសួងបរិស្ថានបានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រ «នគរភ្នំឈើកាច់បាភ្នំ» ដែលស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីដាក់ឱ្យតំបន់នេះក្លាយទៅជាតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ។
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃទី ៩ ខែឧសភា បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រនគរភ្នំឈើកាច់បាភ្នំ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរដែនដីចំណុះរដ្ឋបាលខេត្តព្រៃវែង សរុបចំនួន ៧៥ នាក់ ដែលធ្វើឡើងនៅទីស្ដីការក្រសួងបរិស្ថាន។
ជុំវិញរឿងនេះ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ បានឱ្យដឹងកាលពីថ្ងៃទី ១០ ខែឧសភាថា តំបន់បាភ្នំ ជាទឹកដីមួយស្ថិតក្នុងប្រវត្តិសាស្ត្រដែលមានសរសេរបញ្ជាក់នៅក្នុងទីតាំងនៃអាណាចក្រនគរភ្នំ។ ហេតុនេះ តំបន់បាភ្នំគឺជាចំណុចព្រួញមួយដែលក្លាយទៅជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា ដូចទៅនឹងទឹកដីអង្គរបុរី ក្នុងខេត្តតាកែវ និងជាមួយនឹងប្រាសាទសម្បូរព្រៃគុកផងដែរ ហើយបាភ្នំក៏ជាផ្នែកមួយដែលអ្នកសិក្សាយកចិត្តទុកដាក់គិតថា ជាកន្លែងអតីតនៃទីក្រុងអាណាចក្រ «នគរភ្នំ ឬនគរហ្វ៊ូណន»។
លោកសំបូរ មាណ្ណារ៉ា បញ្ជាក់ថា៖ «អ្នកដែលរស់នៅតំបន់បាភ្នំខេត្តព្រៃវែង សុទ្ធតែអាចសន្មតបានថា ជាមនុស្សដែលមានពូជពង្សដូចអ្នកនៅតំបន់អង្គរដែរ ពីព្រោះពួកគាត់ស្ថិតក្នុងតំបន់នៃទឹក តំបន់ទំនាបលិចទឹកនិងតំបន់នៃទឹកដីអាណាចក្រនគរភ្នំ នៅពេលមានការកកើតរដ្ឋ និងបង្កើតសកម្មភាពនៃសង្គម ព្រមទាំងជាតិផងដែរ»។
លោកបន្តថា៖ «ដូច្នេះហើយតំបន់បាភ្នំ សុទ្ធសឹងតែជាតំបន់នៃមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រខ្មែរ ហើយជាកន្លែងរដ្ឋអំណាចនៃអាណាចក្រនគរភ្នំ តាមរយៈអ្នកប្រវត្តិសាស្ត្រដែលបានសរសេរកន្លងមក»។
លោកបានបញ្ជាក់ផងដែរថា ការយកចិត្តទុកដាក់ និងមានការជជែកគ្នាទាក់ទងនឹងតំបន់បាភ្នំនេះ វាជាការបង្ហាញប្រាប់ពីការចង់បង្កើតមូលដ្ឋានប្រវត្តិសាស្ត្រ សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានទៅដល់ទីនោះ ហើយបានចេះ បានយល់ពីប្រវត្តិ និងបានដឹងអំពីមូលដ្ឋានគ្រឹះដើមនៃខ្មែរ។
បន្ថែមពីនេះលោកសំបូរ មាណ្ណារ៉ា បានបង្ហាញពីការអបអរសាទរដែលមានការបង្កើត និងអភិរក្ស នៃតំបន់បាភ្នំ ខេត្តព្រៃវែងដោយសារវាជាទឹកដីអតីតរាជធានីខ្មែរដំបូងគេបង្អស់ ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទ ហ៊ុន ទៀន នៅក្នុងសតវត្សរ៍ទី ១។
ជាមួយគ្នានេះ លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ទឹកដីនគរភ្នំ ឈើកាច់បាភ្នំ ពិតជាស័ក្តិសមជាតំបន់ប្រវត្តិសាស្ត្រនិងជាតំបន់បេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជា។ កម្ពុជាក៏ត្រូវតែមានតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រឱ្យបានច្រើនថែមទៀត ដែលតំបន់ណាដែលត្រូវបង្កើតគួរតែបង្កើតផងដែរ។
លោកឈត ប៊ុនថង បានថ្លែងថា៖ «សម្រាប់ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតនេះ ព្រោះថា នៅពេលដែលយើងបង្កើត គឺបានន័យថា យើងអាចរក្សានូវបេតិកភណ្ឌធម្មជាតិ រក្សាបាននូវធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងទីតាំងផ្សេងៗទាំងអស់ហ្នឹងសម្រាប់ប្រជាពលរដ្ឋយើង ជាពិសេសមនុស្សជំនាន់នេះ និងមនុស្សជំនាន់ក្រោយ បានឃើញនូវបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ទាំងអស់ហ្នឹង»។
សូមបញ្ជាក់ថា «នគរភ្នំឈើកាច់បាភ្នំ» មានទីតាំងស្ថិតនៅឃុំជើងភ្នំ និងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានចម្ងាយប្រមាណ ៧៨ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ និងមានចម្ងាយ ៤៥ គីឡូម៉ែត្រ ពីក្រុងព្រៃវែង ជាទីតាំងប្រវត្តិសាស្ត្រមួយនៃនគរភ្នំ ឬហ្វ៊ូណន និងមានប្រវត្តិរឿងជាប្រពៃណីខែ្មរជាច្រើនទៀតទាក់ទងនឹងតំបន់នេះ៕