
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
សហរដ្ឋអាមេរិក បានបង្ហាញការប្តេជ្ញាចិត្តថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងបន្តជួយគាំទ្រលើគ្រប់វិស័យជាមួយកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។
សេចក្តីប្រកាសដដែលបានឱ្យដឹងថា ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសាទរចំពោះជ័យជម្នះរបស់កម្ពុជា ដែលសម្រេចបានលទ្ធផលល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ និងរក្សាបាននូវកំណើនសេដ្ឋកិច្ចឡើងវិញ យ៉ាងឆាប់រហ័ស។
លើសពីនេះ លោក W. Patrick Murphy ក៏បានរំឭកឡើងអំពីភាពជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធកន្លងមក ក៏ដូចជា បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ (SEA GAMES) នៅកម្ពុជា ដែលជាមោទនភាពដ៏ជ្រាលជ្រៅ សម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានអះអាងដែរថា សហរដ្ឋអាមេរិក នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងលើគ្រប់វិស័យ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគបៃតង និងថាមពល ក៏ដូចជាគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីដែលរួមចំណែកក្នុងការរក្សាស្ថិរភាពនិងវិបុលភាពសេដ្ឋកិច្ចកម្ពុជា តំបន់ និងពិភពលោក។
ទន្ទឹមគ្នានេះដែរ លោកស្រី Kerry Pelzman ប្រធានថ្មីរបស់ទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា ទីភ្នាក់ងារ USAID ក៏នឹងបន្តពង្រឹងភាពជាដៃគូ និងខិតខំបង្កើនហិរញ្ញប្បទានសហប្រតិបត្តិការក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន ដោយបន្តគាំទ្រលើវិស័យអាទិភាព រួមមាន វិស័យសុខាភិបាល ការអប់រំ បរិស្ថាន និងកសិកម្ម តាមរយៈការពង្រឹងភាពធន់ និងតម្លៃបំពេញបន្ថែម ដើម្បីបង្កើនការនាំចេញផលិតផលកសិកម្ម និងលើកកម្ពស់សន្តិសុខស្បៀងជាដើម។
ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋអាមេរិកកាំង ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍកម្ពុជារហូតរៀងមក។
លោកបន្តថា៖ «ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់ សហរដ្ឋអាមេរិក តែងតែបានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង គាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងការបោសសម្អាតមីនជាដើម»។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សាខាងលើនេះដែរ ក្រសួងសេដ្ឋកិច្ច ក៏បានអះអាងដែរថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែកគ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន ដើម្បីពង្រឹងកិច្ចសហការរវាងកម្ពុជា-អាមេរិកឱ្យកាន់តែរឹងមាំថែមទៀត ដោយខិតខំសម្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈការដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីវិនិយោគ៕