
កុមារាដែលត្រូវសត្វឪម៉ាល់ចំនួន ៩០ មេទិច កំពុងសម្រាកព្យាបាលនៅពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ រូបថត សហការី
សៀមរាបៈ កុមារាអាយុ ៤ ឆ្នាំម្នាក់ ដែលត្រូវបានសត្វឪម៉ាល់ចំនួន ៩០ មេទិច ហើយសាច់ញាតិបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតាំងពីថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២៣ បើគិតមកទល់ថ្ងៃទី ១៤ ខែឧសភា មានសភាពធូស្បើយឡើងវិញហើយ ក្រោយក្រុមគ្រូពេទ្យគន្ធបុប្ផាខេត្តសៀមរាប បានសង្គ្រោះជីវិតបានទាន់ពេល។ នេះបើតាមលោក យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជយវរ្ម័នទី ៧ (គន្ធបុប្ផាសៀមរាប)។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែឧសភា លោក យ៉ៃ ចន្ទនា បានឱ្យដឹងថា កុមារាអាយុ ៤ ឆ្នាំដែលត្រូវបានសត្វឪម៉ាល់ទិចចំនួន ៩០ មេនោះ ត្រូវបានសាច់ញាតិបញ្ជូនដល់មន្ទីរពេទ្យ ក្រោយរងគ្រោះបានប្រមាណ ៤ ម៉ោង។ លោកបន្តថា កុមារានេះមានស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរជាងករណីផ្សេងៗទៀតដែលធ្លាប់កើតមានក្នុងរយៈពេល ៤ ខែដើមឆ្នាំនេះ ហើយករណីនេះប្រសិនបើមិនបញ្ជូនមកមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតទាន់ពេលវេលាទេនឹងត្រូវបាត់បង់ជីវិតតែម្តង។
លោកបានឱ្យដឹងថា ជាតិពិសសត្វឪម៉ាល់ច្រើនរហូតដល់ ៩០ មេ ដែលបានទិចទៅលើកុមារអាយុ ៤ ឆ្នាំនេះ បានធ្វើឱ្យកុមារសន្លប់បាត់ស្មារតី ហើយជាតិពិសបានចូលធ្វើឱ្យប៉ះពាល់ដល់ថ្លើម និងមុខងារក្រលៀន។ លោកថា ពេលបញ្ជូនមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗដោយបានដាក់បំពង់ខ្យល់អុកស៊ីហ្ស៊ែនជំនួយ និងលាងជាតិពុលពីក្នុងថ្លើម និងក្រលៀន។ យ៉ាងណា ក្រោយការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ ការប៉ះពាល់ដល់ថ្លើមបានធូរស្បើយឡើងវិញ ចំណែកក្រលៀនក៏មានសភាពកាន់តែប្រសើរឡើងវិញផងដែរ។
លោកបញ្ជាក់ថា៖ «យើងបានជួយលាងជាតិអ៊ុយរេដែលប៉ះពាល់ក្រលៀនគាត់ ឥឡូវក្រលៀនគាត់ និងមុខងាររបស់ក្រលៀនត្រឡប់មកជិតធម្មតាវិញហើយ តែនៅមិនទាន់គ្រប់ថ្ងៃ ដល់ ២១ ថ្ងៃ ទើបមុខងារលាងក្រលៀនតាមរយៈភ្នាសពោះជោគជ័យ ប៉ុន្តែឥឡូវគាត់សុខភាពល្អវិញហើយអត់អីទេ ប្រហែល ៣-៤ ថ្ងៃទៀតគាត់អាចទៅផ្ទះបាន»។
តាមការផ្សាយរបស់ទូរទស្សន៍ PNN ដែលបានដកស្រង់សម្តីជីដូនរបស់កុមារាដែលត្រូវសត្វឪម៉ាល់ទិចនោះបានឱ្យដឹងថា គាត់បាននាំចៅទៅចម្ការដើម្បីរើសផ្លែស្វាយចន្ទី។ លុះពេលកំពុងរើសផ្លែស្វាយចន្ទី ចៅប្រុសក៏បានដើរលេងនៅកន្លែងផ្សេងទៅប៉ះចំសម្បុកឪម៉ាល់ក៏ត្រូវឪម៉ាល់ទិចពេញខ្លួនតែម្ដង។
ជីដូនបានបញ្ជាក់ថា៖ «ខ្ញុំរើសនៅខាងដើមធំ ដល់ពេលខាងដើមតូចហ្នឹងអត់ដែលចូលទៅទេ អត់ដឹងថាមាន [ផ្លែស្វាយចន្ទីទុំ] ទេ រួចទៅវាឃើញមានទុំវាទៅ ដល់ឮសំឡេងស្រែកឡើងភ្លាត់សំឡេងខ្ញុំមើលទៅឪម៉ាល់រោមឡើងជិតអត់រត់រួចសោះ»។
លោក យ៉ៃ ចន្ទនា បានឱ្យដឹងដែរថា ក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២៣ នេះ មានករណីឪម៉ាល់ទិច និងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបមានប្រមាណ ៥ ករណី ក្នុងនោះមានសត្វឪម៉ាល់ទិចច្រើនបំផុតប្រមាណជាង ១០ មេប៉ុណ្ណោះ ដោយឡែកករណី សត្វឪម៉ាល់ ៩០ មេទិចនេះជាករណីធ្ងន់ធ្ងរ និងកម្រកើតមាន។
កាលពីឆ្នាំ ២០២២ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានសង្គ្រោះក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់មកពីខេត្តត្បូងឃ្មុំ ឱ្យរួចជីវិតឡើងវិញ ក្រោយសត្វឪម៉ាល់ទិចចំនួន ៥០ ទ្រនិច មានស្ថានភាពធ្ងន់ធ្ងររហូតបែកថង់សួត។
មន្ទីរពេទ្យគន្ធបុប្ផាបញ្ជាក់ថា៖ «កុមារីរូបនេះមានស្ថានភាពធ្ងន់ធ្ងរ ដោយបែកថង់សួត និងខ្សោយតម្រងនោមយ៉ាងខ្លាំង បច្ចុប្បន្ន បន្ទាប់ពីទទួលបានការពិនិត្យ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កុមារីរូបនេះមានស្ថានភាពសុខភាពល្អប្រសើរ និងមានភាពញញឹមស្រស់ស្រាយឡើងវិញ»៕