
លោក អ៊ិតសំហេងក្នុងពិធីបញ្ចូលសមាជិកថ្មី របស់ គណប ក្សប្រជាជនកម្ពុជានៅទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។ រូបភាព៖ ក្រសួងការងារ
ភ្នំពេញៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារកសាងពង្រឹងគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ិត សំហេង បានឱ្យដឹងថា ពលករខ្មែរនៅថៃកាន់តែជឿជាក់លើការដឹកនាំរបស់រដ្ឋាភិបាលម្ពុជា និងបន្តចូលជាសមាជិកបក្សប្រជាជនរាប់ពាន់នាក់ថែមទៀត។
ថ្លែងក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នាទីក្រុងបាងកក ប្រទេសថៃ លោក អ៊ិត សំហេង ជារដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាទទួលបានសមាជិករាប់ពាន់នាក់បន្ថែមទៀតហើយ ដែលជាពលករកម្ពុជា និងអ្នកប្រកបរបរផ្សេងទៀតនៅប្រទេសថៃ។
លោកមានប្រសាសន៍ថា៖«ពួកគាត់កាន់តែជឿជាក់លើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព ភាពសុខដុមសម្រាប់ប្រជាជន»។
ឆ្លៀតឱកាសនោះ លោកក៏បានធ្វើការណែនាំផងដែរដល់ពលករខ្មែរនាប្រទេសថៃថា នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ បើសមាជិកបក្សដែលនៅប្រទេសថៃណាមានឈ្មោះបោះឆ្នាត សូមទៅចូលរួមបោះឆ្នោត ប៉ុន្តែបើមិនបានទៅទេនោះ ក៏សូមបញ្ជូនសារដល់សាច់ញាតិនៅក្នុងប្រទេសកម្ពុជាឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។
ពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានាប្រទេសថៃ គឺមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សប្រចាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រចាំប្រទេសថៃ តំណាងសមាជិកនៅតាមសាខាបក្សខេត្ត អនុសាខាបក្សស្រុកមួយចំនួននៃប្រទេសថៃចំនួន២២៥នាក់ ដែលតំណាងឱ្យសមាជិកបក្សក្នុងមូលដ្ឋានរៀងៗខ្លួនរាប់ពាន់នាក់ទៀត។
លោកឈុំ ឧត្តម ជាសមាជិកគណបក្សប្រជាជនកម្ពុជានិងជាពលករនៅប្រទេសថៃ បានលើកឡើងថា ពីមុនលោកធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន តែដោយសារគណបក្សទាំងនោះអសកម្ម មិនយកចិត្តទុកដាក់ចំពោះសមាជិក ទើបលោក និងគ្រួសារសម្រេចចាកចេញ ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។ នេះបើយោងតាមក្រសួងការងារ។
លោកបានថ្លែងថា៖«គុណសម្បត្តិដែលខ្ញុំពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោហ៊ុន សែន គឺតែងគិតគូរយកចិត្តទុកដាក់ចំពោះការថែរក្សាសន្តិភាព ស្ថិរភាព និងខិតខំអភិវឌ្ឍប្រទេសជាតិ ព្រមទាំងផ្ដល់ការយកចិត្តទុកដាក់ចំពោះពួកគាត់ជាពលករនៅក្រៅប្រទេស»។
ជុំវិញការលើកឡើងនេះដែរ លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC) បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ថា លោកមិនទាន់អាចសន្និដ្ឋានច្បាស់ថា ពិតជាមានពលករនៅក្រៅប្រទេសគាំទ្រជាមួយគណបក្សប្រឆាំង ឬគណបក្សកាន់អំណាច ឬគណបក្សនយោបាយណាមួយប៉ុន្មាននោះទេ។ លោកគ្រាន់តែដឹងថា ពលករទាំងនោះ គឺចង់ធ្វើការនៅក្នុងស្រុក ដែលមានប្រាក់ចំណូលខ្ពស់ អាចនៅក្បែរគ្រួសារ និងមានជីវភាពសមរម្យ។
លោកអាត់ ធន់ បានប្រាប់ថា៖«តាមដែលខ្ញុំធ្លាប់បានជួបពលករផ្ទាល់ គឺពួកគាត់ចំណាកស្រុកដោយសារតែពួកគាត់អត់មានជម្រើស អត់មានការងារធ្វើ ឬភាពក្រីក្រអីជាដើម»។
យ៉ាងណាមិញ លោក អាត់ ធន់ បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធចាំបាច់គិតគូរបន្ថែមទៀតលើការបង្កើតការងារនៅក្នុងស្រុក មានលក្ខខណ្ឌការងារល្អគោរពសិទ្ធិសម្រាប់កម្មករនិងសហជីពមានប្រាក់ឈ្នួលសមរម្យ ដែលធានាសុវត្ថិភាពការងាររបស់ពួកគេ។ ដោយឡែក ក្នុងករណីកម្មករចំណាកស្រុក ចាំបាច់ត្រូវមានប្រព័ន្ធការការពារច្បាស់លាស់សម្រាប់ពួកគេ ដូចជា៖ ជួយការពារពួកគេ កុំឱ្យមានការរំលោភសិទ្ធិការងារ ឬការកេងប្រវ័ញ្ចណាមួយ ពិសេសផ្តល់បណ្ណប.ស.ស ជាដើម។
បើតាមការបញ្ជាក់របស់ លោក អ៊ិត សំហេង តាមរយៈពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជានាប្រទេសថៃនោះដែរ លោកក៏បានអះអាងពីការគាំពារសឹងគ្រប់បែបយ៉ាងជូនកម្មនិយោជិតនៅក្នុងប្រទេស និងការតាមដានយកចិត្តទុកដាក់ជូនពលករនៅក្រៅប្រទេស ក៏ដូចជាពលករនៅប្រទេសថៃនេះជាដើម។
លោកបានថ្លែងថា៖«ថ្វីដ្បិតនៅក្នុងប្រទេសខ្វះកម្លាំងពលកម្មយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលនៅតែខិតខំស្វែងរកការងារក្រៅប្រទេសជូនប្រជាពលរដ្ឋដើម្បីទទួលបានប្រាក់ចំណូលខ្ពស់និងមានជំនាញសម្រាប់យកទៅអភិវឌ្ឍប្រទេសជាតិ»៕