
វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលសង់ថ្មីបាន៧៥% ។ រូបថត Ly Rasmey FB
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីបានឱ្យដឹងថា វឌ្ឍនភាពនៃការស្ថាបនាឡើងវិញនូវ «វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ ១៩១៨» មកទល់ពេលនេះ ស្ថាបនាបានប្រមាណ៧៥% ហើយ ខណៈក្រុមការងារបច្ចេកទេសកំពុងពន្លឿនការងារនេះយ៉ាងយកចិត្តទុកដាក់។
លោកលី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងតាមរយៈហ្វេសប៊ុករបស់លោកថា គិតមកទល់ត្រឹមថ្ងៃទី១៤ ខែឧសភា ក្រុមការងារសម្រេចបានជារួមប្រមាណ៧៥% ខណៈក្រុមការងារបច្ចេកទេសក្រសួង កំពុងជំរុញនិងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើដំណើរការស្ថាបនានៅសារមន្ទីរនេះ។
លោកបានលើកឡើងថា៖«ក្រុមការងារបច្ចេកទេសក្រសួង,សារមន្ទីរជាតិភ្នំពេញនិងក្រុមជាងចម្លាក់និងជាងស្ពាន់ កំពុងខិតខំធ្វើកិច្ចការយ៉ាងផ្ចិតផ្ចង់ដោយសម្រិតសម្រាំងវិចិត្ររចនាតាមរូបដើមទាំងស្រុងដើម្បីអភិរក្សសំណង់បេតិកភណ្ឌប្រវត្តិសាស្ត្រនេះឱ្យបានល្អប្រសើរ»។
អ្នកជំនាញស្ថាបត្យករលោកលី រស្មី បានឱ្យដឹងទៀតថា៖«វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នេះ ត្រូវបានសាងសង់រួចរាល់នៅឆ្នាំ១៩២៥ និងត្រូវបានរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញចោលនៅឆ្នាំ១៩៧៥»។
លោកបានបញ្ជាក់ដែរថា វិមាននេះ ត្រូវបានស្ថាបនាឡើងវិញជានិមិត្តរូបនៃមិត្តភាពកម្ពុជា-បារាំង និងដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ រវាងកម្ពុជា និងបារាំង ឱ្យកាន់តែរឹងមាំស្ថិតស្ថេរយូរអង្វែងតទៅ ជាពិសេសរំឭកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងទទួលបានជ័យជម្នះក្នុងសង្គ្រាមលោកលើកទី១នាពេលនោះ។
ជាមួយគ្នានេះ ការសាងសង់នេះនឹងជួយលើកកម្ពស់ទេសភាពនគរូបនីយកម្មក្រុងឱ្យកាន់តែមានសោភណភាព បង្កើតទីកន្លែងលម្ហែកម្សាន្តនិងធ្វើឱ្យរាជធានីភ្នំពេញទទួលបានត្រឡប់មកវិញនូវផ្នែកមួយនៃប្រវត្តិសាស្ត្រដែលជាទស្សនីយភាពថ្មីមួយនៃសិល្បៈដ៏ល្អត្រកាលពីអតីតកាលឱ្យរស់ឡើងវិញនិងដែលបានបាត់បង់ទៅជិតកន្លះសតវត្សរ៍កន្លងមកហើយ។នេះបើតាមការបញ្ជាក់បន្ថែមពីលោក លី រស្មី។
សូមរំឭកដែរថា រាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានសាងសង់ «វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨» ឡើងវិញដើម្បីជាការរំឭកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងការរំឭកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១របស់បារាំង។
វិមាននេះត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន៣ថ្នាក់ ធ្វើអំពីបេតុងក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប១៤,២២ម៉ែត្រ X ១៤,២២ ម៉ែត និងកម្ពស់សរុប១២,៧៤ម៉ែត្រ។
ថ្នាក់ទី១កម្ពស់១,១០ម៉ែត្រលម្អដោយសួនច្បារ ថ្នាក់ទី២កម្ពស់២,១០ម៉ែត្រ ថ្នាក់ទី៣កម្ពស់៩,៣៧ម៉ែត្រ បដិមាទាហានខ្មែរ-បារាំងកម្ពស់ពីបាតជើងដល់ចុងស្លឹកកន្ទួត[ចុងស្លឹកកន្ទួតនៅដៃបដិមា]៣,៣៧ម៉ែត្រ និងស្ថិតនៅកម្ពស់១២,៧៤ម៉ែត្រ ពីកម្រិតកម្ពស់សូន្យ,រូបសំណាកសត្វតោធ្វើអំពីលង្ហិនចំនួន៤រចនាតាមសិល្បៈខ្មែរស្ថិតនៅតាមជ្រុងនៃអនុទិសតំណាងឱ្យឆ្មាំនៃអនុទិសទាំង៤។
វិមាននេះត្រូវបានប្រារព្ធពិធីក្រុងពាលីនិងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក Olivier Becht រដ្ឋមន្ត្រីប្រតិភូអមនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ដែលវិមាននេះសាងសង់ឡើងក្បែរទីតាំងចាស់ស្ថិតនៅក្នុងបរិវេណសួនច្បារមុខស្ថានទូតបារាំង។
រាជរដ្ឋាភិបាលកម្ពុជា-បារាំងក៏ធ្លាប់បានចាត់ទុកដែរថាក្រៅពីជាវិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១នោះ ការស្ថាបនាឡើងវិញនូវវិមាននេះក៏នឹងជួយពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជានិងបារាំងឱ្យកាន់តែរឹងមាំស្ថិតស្ថេរយូរអង្វែងតទៅផងដែរ៕