
អ្នកគ្រូជាប់កិច្ចសន្យា រិន ថារី ក្នុងពេលចែកសម្ភារសិក្សាជូនសិស្សកាលពីពេលកន្លងមក ។ រូបថត សហការី
បាត់ដំបងៈពិតជាមិនខុសទេចំពោះពាក្យដែលមនុស្សទូទៅតែងលើកឡើងថាគ្រូជាឪពុកម្តាយទី២ដោយហេតុថាក្រៅតែពីការផ្តល់ចំណេះដឹងហើយនោះពួកគាត់ថែមទាំងផ្តល់ដំបូន្មានប្រៀនប្រដៅដល់សិស្សឱ្យប្រព្រឹត្តតែអំពើល្អ និងខិតខំរៀនសូត្រទៀតផង។
ក៏ប៉ុន្តែលើសពីនេះទៀតនោះគឺមានអ្នកគ្រូជាប់កិច្ចសន្យា១រូបដែលបច្ចុប្បន្នកំពុងបង្រៀននៅសាលារៀនមួយឯទីជនបទដាច់ស្រយាល ក្នុងឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ថែមទាំងបានចំណាយថវិកាផ្ទាល់ខ្លួន និងបានជំនួយពីសប្បុរសជនយកទិញជាសម្ភារសិក្សានិងសម្លៀកបំពាក់សម្រាប់ឧបត្ថម្ភដល់សិស្សជួបការលំបាកទាំងនៅក្នុងសាលារបស់អ្នកគ្រូផ្ទាល់ និងនៅតាមសាលាដទៃទៀតផង។
ស្នាមញញឹមចេញពីផ្ទៃមុខសម្បុរស្រអែមស្រស់ និងកំពុងឈរនៅក្បែរតុឈើចំណាស់ ១ ក្រាលដោយក្រណាត់ពណ៌ក្រហម ហើយយូរៗម្តងគេឮស្នូរសំឡេងគ្រាំងៗ ដែលកើតចេញពីខ្យល់បោកបក់ប៉ះនឹងដំបូលស័ង្កសីនៃបន្ទប់រៀនដែលមានជញ្ជាំងបិទបាំងដោយស័ង្កសីលាយនឹងសន្លឹកក្តារចាស់ៗនោះហើយគឺជាបន្ទប់១ ដែលបង្រៀនដោយអ្នកគ្រូម្នាក់នៃសាលាបឋមសិក្សាពីងពង់ដែលស្ថិតក្នុងភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
អ្នកគ្រូដែលមានឈ្មោះ រិន ថារី អាយុ២៨ឆ្នាំ រស់នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងបានរៀបរាប់ថា អ្នកគ្រូជាកូនពៅ និងមានបងប្រុសម្នាក់រស់នៅភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
បច្ចុប្បន្ន កញ្ញា ថារី បានធ្វើជាគ្រូជាប់កិច្ចសន្យា (ក្រៅក្របខ័ណ្ឌរដ្ឋ) បង្រៀននៅសាលាបឋមសិក្សាពីងពង់ស្ថិតក្នុងភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ដោយសារតែសាលានៅតំបន់ដាច់ស្រយាលពីទីរួមស្រុកបវេល ដូច្នេះហើយជារៀងរាល់ថ្ងៃកញ្ញាត្រូវចំណាយពេលជិះម៉ូតូក្នុងចម្ងាយផ្លូវជាង ១០ គីឡូម៉ែត្រ ពីទីរួមស្រុកបវេលដើម្បីធ្វើដំណើរទៅបង្រៀនសិស្ស។
អ្នកគ្រូ ថារី បានបន្តថា ភាគច្រើនកូនសិស្សដែលកញ្ញាបង្រៀនសុទ្ធតែមានជីវភាពគ្រួសារក្រីក្រហើយដោយមើលឃើញសភាពបែបនេះទើបបានជំរុញទឹកចិត្តអ្នកគ្រូឱ្យអាណិតនិងរកវិធីសាស្ត្រជួយដល់ពួកគេ។ការងារជួយដល់សិស្សដំបូងគឺអ្នកគ្រូបានយកប្រាក់ខែដែលឆ្លៀតពេលក្រៅម៉ោងពីសាលារដ្ឋទៅបង្រៀនសាលាឯកជន ហើយបានប្រាក់ខែយកទៅទិញជាសម្ភារសិក្សានិងសម្លៀកបំពាក់ចែកជូនដល់សិស្សនៅក្នុងថ្នាក់របស់អ្នកគ្រូ ហើយបានយកសកម្មភាពនេះបង្ហោះក្នុងបណ្តាញទំនាក់ទំនង Tik Tok។
បើតាមកញ្ញា ថារី បន្ទាប់់ពីបានបង្ហោះពីកិច្ចការមនុស្សធម៌របស់អ្នកគ្រូមកក៏ស្រាប់តែមានសប្បុរសជនស្ទើរតែគ្រប់ខេត្តបានទាក់ទងមកអ្នកគ្រូហើយបានផ្ញើជាថវិកាជាបន្តបន្ទាប់។ដោយសប្បុរសជនខ្លះផ្ញើ ៥ ដុល្លារ ខ្លះផ្ញើ ២០ ដុល្លារ រហូតមានសប្បុរសជនខ្លះផ្ញើ ១០០ ដុល្លារ ចូលក្នុងគណនីធនាគាររបស់អ្នកគ្រូហើយអ្នកគ្រូបានពង្រីកការចែកអំណោយនេះ ជូនដល់សិស្សនៅសាលាដទៃ និងមានចែកអំណោយដល់គ្រួសារក្រីក្រទៀតផង។
ថារី ប្រាប់ថា៖«ខ្ញុំធ្វើអំពើនេះដោយសារតែខ្ញុំធ្លាប់មានជីវិតដូចសិស្សខ្ញុំដែរ។ម្តាយឪពុកខ្ញុំក្រលំបាក ហើយពួកគាត់បានទៅធ្វើការនៅប្រទេសថៃដែលខ្ញុំនិងបងប្រុសខ្ញុំត្រូវរស់នៅជាមួយអ៊ំស្រីកាលនោះពួកខ្ញុំពិបាកខ្លាំងណាស់»។
ការឧបត្ថម្ភនេះក៏ដោយសារអ្នកគ្រូចង់លើកទឹកចិត្តដល់សិស្សៗ កុំឱ្យយកបញ្ហាក្រីក្រមកធ្វើជាការរាំងស្ទះក្នុងការសិក្សា កុំបោះបង់ការសិក្សាចោល ព្រោះបើមិនរៀន គ្មានចំណេះទេ គឺជីវិតនឹងជួបការលំបាក។ ក្មេងសិស្សសាលាទាំងនោះមួយចំនួនគឺឪពុកម្តាយមានជីវភាពក្រលំបាកហើយក្មេងៗមកសាលារៀនក៏មិនសូវមានសម្លៀកបំពាក់សមរម្យទៀត ទើបអ្នកគ្រូទិញជាសម្លៀកបំពាក់ខ្លះជូនដល់ពួកគេ។
កញ្ញាបានបញ្ជាក់ថា៖«ខ្ញុំប្រាប់គាត់ថា កូនឯងមើលឃើញគេគ្មានចំណេះប្រើតែកម្លាំងដើម្បីដោះដូរបាយគឺមិនដូចយើងមានចំណេះទេ ខ្ញុំតែងតែព្យាយាមលើកទឹកចិត្តដល់គាត់ដើម្បីឱ្យគាត់ខំរៀន។ ខ្ញុំប្រាប់ថា ទោះយ៉ាងណាកូនឯងសំណាងជាងអ្នកគ្រូដែលគ្មានម៉ាក់ប៉ាចាំបង្រៀននៅផ្ទះ»។
កញ្ញា បានរំឭកថា កាលពីមុនគ្រួសារនាងមានជីវភាពក្រលំបាក ហេតុដូច្នេះហើយធ្វើឱ្យឪពុកម្តាយនាងត្រូវបង្ខំចិត្តចេញទៅធ្វើការនៅប្រទេសថៃតាំងពីនាងមានអាយុ៧ឆ្នាំម្ល៉េះដើម្បីរកលុយមកផ្គត់ផ្គង់ឱ្យកូនៗបានរៀនសូត្រ។
អ្នកគ្រូ ថារី បានបន្តថា ចាប់តាំងពីឪពុកម្តាយទៅចោលមកទាំង២នាក់បងប្អូន(ប្រុសម្នាក់)ត្រូវរស់នៅជាមួយអ៊ំស្រីក្រមុំចាស់ម្នាក់ ដែលគាត់ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ប្រៀបបីដូចជាកូនបង្កើតដូច្នោះដែរ។បើទោះជាកាលនោះអ្នកគ្រូទើបមានអាយុត្រឹមតែ ៧ ឆ្នាំ ដែលមិនទាន់ចេះគិតកិច្ចការរាក់ជ្រៅហើយត្រូវរស់នៅបែកពីម្តាយឪពុកក្តីក៏ក្នុងភាពជាកុមារីរបស់អ្នកគ្រូនាពេលនោះបានចាប់ផ្តើមរៀនស្គាល់ពីជីវិតបណ្តើរៗនិងបានតាំងចិត្តថានឹងខំប្រឹងរៀនសូត្រដើម្បីអនាគតគ្រួសារ។
អ្នកគ្រូថារី ប្រាប់ថា៖«តាំងតូចមកខ្ញុំមិនដែលបានរស់នៅជាមួយម៉ាក់ប៉ាទេ ខ្ញុំរស់នៅតែជាអ៊ំស្រី ហើយខ្ញុំគ្មានអ្នកបង្រៀនខ្ញុំក្រៅពីគ្រូឡើយ។ ដូច្នេះពាក្យថា គ្រូនេះវាដក់ជាប់នឹងបេះដូងរបស់ខ្ញុំរហូតធ្វើឱ្យខ្ញុំសច្ចានៅក្នុងចិត្តថា ធំឡើងខ្ញុំនឹងធ្វើជាគ្រូបង្រៀន»។
អ្នកគ្រូ បានរំឭកប្រាប់ទៀតថា កាលនោះដោយសារត្រូវដើរទៅសាលាក្នុងចម្ងាយផ្លូវប្រហែល ១ គីឡូម៉ែត្រ ហើយពេលខ្លះខ្ជិលទាំងទៅសាលារៀនរហូតខ្លាចសាលាក៏មាន ព្រោះតែរៀនតាមគេមិនទាន់ រៀនមិនចេះ ហើយពេលគ្រូដាក់កិច្ចការអ្វីឱ្យធ្វើ ក៏ធ្វើមិនបានដូចគេដោយសារគ្មានអ្នកសួរនិងគ្មានអ្នកជួយបង្រៀនរហូតរៀនឈប់ៗមិនបានរៀនដិតដល់ដូចក្មេងដទៃដែលគេមានបងប្អូន ម្តាយឪពុកចាំបង្ហាត់បង្រៀនបន្ថែម។
ក្រៅតែពីលោកគ្រូអ្នកគ្រូគឺថារីគ្មាននរណាពឹងពាក់បានឡើយ។មិនតែប៉ុណ្ណោះថែមទាំងសិស្សគ្នាឯងនិយាយមើលងាយថាជាកូន គ្មានម៉ែឪ ហើយមានថ្ងៃខ្លះទៅរៀនក៏គ្មានលុយសូម្បីតែ ១ រៀលផង។
កញ្ញា ថារី បានបន្ថែមថា ដោយសាររងនូវពាក្យរិះគន់មើលងាយពីសំណាក់មិត្តរួមថ្នាក់ជារឿយៗបានធ្វើឱ្យកញ្ញាខឹងនឹងពាក្យទាំងនេះ ហើយពេលឈានដល់អាយុជាង១០ឆ្នាំក៏ប្ដេជ្ញាខិតខំរៀនសូត្រឡើងវិញរហូតឡើងថ្នាក់ជាបន្ដបន្ទាប់និងបានប្រឡងជាប់ថ្នាក់ទី១២ (បាក់ឌុប) នៅឆ្នាំ២០១៦ ខណៈពេលដែលអ្នកធ្លាប់តែនិយាយមើលងាយកញ្ញាបែរជាប្រឡងមិនជាប់ថ្នាក់ទី១២។បន្ទាប់ពីនោះកញ្ញាបានចូលរៀនផ្នែកជំនាញគណនេយ្យនៅវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យខេត្តបាត់ដំបងអស់រយៈពេល ៤ ឆ្នាំ និងចប់បរិញ្ញាបត្រនៅក្នុងឆ្នាំ២០១៩ ។
អ្នកគ្រូ ថារី បាននិយាយថា៖ «កាលនោះខ្ញុំរៀននៅវិទ្យាស្ថានបណ្តើរខ្ញុំចូលធ្វើការបណ្តើរឱ្យក្រុមហ៊ុនឯកជន ១ ដើម្បីបានលុយបង់ថ្លៃសាលា។ខ្ញុំធ្វើការជាលេខាផងជាអ្នកកាន់បញ្ជីលុយផង»។
ក៏ប៉ុន្ដែដោយសារតែស្រឡាញ់ការងារជាគ្រូបង្រៀនខ្លាំងពេក កញ្ញា ថារី បានព្យាយាមដាក់ពាក្យប្រឡងគ្រូក្នុងក្របខ័ណ្ឌរដ្ឋរហូតដល់៣ដងហើយនៅតែប្រឡងមិនជាប់។បន្ទាប់ពីប្រឡងមិនជាប់ក៏បានដាក់ពាក្យសុំធ្វើជាគ្រូជាប់កិច្ចសន្យានៅសាលាបឋមសិក្សាពីងពង់ ស្ថិតក្នុងភូមិពីងពង់ ឃុំល្វា ស្រុកបវេល បង្រៀនមុខវិជ្ជាភាសាខ្មែរថ្នាក់ទី៥ ហើយបើគិតមកទល់ពេលនេះ បង្រៀនបាន ២ ឆ្នាំ ហើយ ហើយក៏ឆ្លៀតពេលទៅបង្រៀននៅតាមសាលាឯកជនដើម្បីបានថវិកាយកជួយសិស្សក្រីក្រ។
អ្នកគ្រូថារី រៀបរាប់ថា ដោយសារបានថវិកាពីបង្រៀនរួមនឹងជំនួយមនុស្សធម៌ពីសប្បុរសជននានាផងនោះកញ្ញាសុខចិត្តបរិច្ចាគបន្តិចបន្តួចទិញជាសម្ភារសិក្សាជូនដល់សិស្សក្រីក្រ ព្រោះយល់ថា ពួកក្មេងៗទាំងនោះមានជីវិតលំបាកមិនខុសកញ្ញាកាលពីនៅតូចឡើយ។
កញ្ញាបន្តទៀតថា ដោយសារតែមានការលើកទឹកចិត្តនេះហើយបានជំរុញឱ្យសិស្សៗនៅក្នុងថ្នាក់របស់អ្នកគ្រូមិនដែលឈប់រៀនទេ ហើយមិនថាតែសិស្សទេសូម្បីតែឪពុកម្តាយក៏ស្រឡាញ់ចូលចិត្តអ្នកគ្រូដែរ។ ចំពោះការងារសង្គមវិញ ក្រៅពីជួយឧបត្ថម្ភសិស្សនៅក្នុងសាលាអ្នកគ្រូផ្ទាល់ អ្នកគ្រូក៏បានដើរចែកនៅតាមសាលាដទៃទៀត ក្នុងតំបន់មួយចំនួននៃស្រុកបវេលផងដែរ។លើសពីនេះទៀត ក្រៅពីជួយដល់សិស្សសាលាអ្នកគ្រូក៏មានជួយដល់គ្រួសារខ្វះខាតផ្សេងទៀតដែរ។ប៉ុន្តែអំណោយដែលអ្នកគ្រូបានចែកនោះមិនច្រើនណាស់ណាទេគ្រាន់តែជួយសម្រួលបន្ទុកខ្លះៗមួយរយៈខ្លីប៉ុណ្ណោះ។ដោយសារតែអំពើនេះហើយទើបសិស្សៗ នៅក្នុងថ្នាក់របស់អ្នកគ្រូមានក្តីស្រឡាញ់មកលើអ្នកគ្រូរួមទាំងឪពុកម្តាយរបស់ពួកគេទៀតផង។
កញ្ញា ថាវី បានបង្ហាញក្ដីប្រាថ្នាថា៖ «ខ្ញុំចង់ជាប់ជាគ្រូក្របខ័ណ្ឌតែខ្ញុំប្រឡងចូលគ្រូ៣លើកហើយមិនជាប់សោះ។បើខ្ញុំបានជាប់ខ្ញុំមិនដឹងជាអរយ៉ាងណាទេ ព្រោះខ្ញុំស្រឡាញ់អាជីពជាគ្រូបង្រៀននេះណាស់»។
ពាក់ព័ន្ធនឹងករណីអ្នកគ្រូជាប់កិច្ចសន្យា ១ រូបនេះ លោកប៉ាត់ ធឿន នាយកសាលាបឋមសិក្សាពីងពង់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកគ្រូ រិន ថារី គឺជាគ្រូជាប់កិច្ចសន្យាហើយគាត់បានចូលបង្រៀននៅសាលាពីងពង់រយៈពេល២ឆ្នាំហើយ។ប៉ុន្តែតាមរយៈគាត់ធ្វើកិច្ចសង្គមជួយដល់សិស្សក្រីក្រ ហើយគាត់បង្ហោះលើបណ្តាញ Tik Tok បង្កើតការទាក់ទាញដល់សប្បុរសជនជួយដែលអាចរកចំណូលមកអភិវឌ្ឍសាលាបានច្រើនគួរសមដែរ។ពេលនេះអ្នកគ្រូបានជួយកសាងកន្លែងលាងដៃសិស្សដែលមានអាងសម្រាប់លាងដៃចំនួន១០ និងជិតរួចរាល់ហើយដែរ ។
លោកបន្តថា ដោយសារតែគាត់មានទឹកចិត្តចេះជួយរំលែកទុក្ខលំបាកដល់សិស្សនិងដល់សាលានេះ ហើយទើបលោកបានប្រជុំជាមួយគណៈកម្មការសាលា ហើយបានស្នើទៅការិយាល័យអប់រំស្រុកបវេលដើម្បីរក្សាគាត់ឱ្យនៅបង្រៀនបន្តទៅទៀត។ម្យ៉ាងលោកក៏មានបំណងឱ្យគាត់បានជាគ្រូក្របខ័ណ្ឌដែរ តែមិនដឹងថាគិតយ៉ាងម៉េចដែរ។ ទោះយ៉ាងណាលោកនាយកសាលាបានត្អួញត្អែរថា សាលាមានអគារថ្ម ១ ខ្នងស្មើ ៤ បន្ទប់ ប៉ុន្តែលោកបានដកបន្ទប់ ១ សម្រាប់ធ្វើទីចាត់ការសម្រាប់ដាក់សម្ភារ១ បន្ទប់ដូច្នេះនៅសល់៣បន្ទប់សម្រាប់ដាក់សិស្សរៀន។ បច្ចុប្បន្ននេះ សាលាមានសិស្សសរុបចំនួនជាង ១៩០ នាក់ ក្នុងនោះគិតទាំងសិស្សថ្នាក់មត្ដេយ្យផង។
លោកបន្តទៀតថា ក្រៅពីអគារថ្មក៏នៅមានអគារឈើទ្រុឌទ្រោម ១ ខ្នង ទៀតមាន ១ បន្ទប់ ហើយត្រូវបង្រៀនទាំងព្រឹកទាំងល្ងាច។ប៉ុន្តែដោយអគារទ្រុឌទ្រោមខ្លាំងពេកពេលណាមានភ្លៀងខ្យល់គឺលោកមិនឱ្យសិស្សចូលរៀនទេព្រោះខ្លាចមានគ្រោះថ្នាក់ដល់សិស្ស។ ដូច្នេះបើតាមរយៈអ្នកគ្រូរិន ថារី រកបានសប្បុរសជនណាជួយកសាងអគារទ្រុឌទ្រោមនេះលោកអរណាស់ ។
លោកថ្លែងថា៖ «កាលណាអ្នកគ្រូគាត់ធ្វើអំពើល្អអ៊ីចឹងទៅមានលោកគ្រូ អ្នកគ្រូគេស្រឡាញ់រាប់អានគាត់គ្រប់គ្នាហ្នឹង។ ចំណែកឯម្តាយឪពុកសិស្សក៏ស្រឡាញ់ចូលចិត្តអ្នកគ្រូ ថារី ដែរ» ៕