ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​នៅក្រៅ​ប្រទេស​ជូន​ដល់​ពលករ​ប្រមាណ​ ១,៣ ​លាន​នាក់ ដែល​អាច​ផ្ញើ​ប្រាក់​មក​គ្រួសារ​ប្រមាណ​ ២,៧​ ពាន់​លាន​ដុល្លារ​ ក្នុង​ ១ ​ឆ្នាំៗ​។​

​លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សំណេះ​សំ​ណា​ល​ជាមួយ​ប្រធាន​រដ្ឋបាល និង​ប្រធាន​ផ្នែក​នៅតាម​រោងចក្រ សហគ្រាស​ជាង​ ៣ ៧០០ ​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​ ៣៨៤ ក្នុង​បណ្តា​ខណ្ឌ​មួយចំនួន នៅ​រាជធានី​ភ្នំពេញ នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ថ្ងៃទី​ ១៤ ខែឧសភា​។

​លោក​បញ្ជាក់ថា​៖ «​ទន្ទឹមនឹង​ឱកាស​ការងារ​ក្នុងស្រុក រាជរដ្ឋាភិបាល​ខិតខំ​ផ្តល់​ជម្រើស​ជូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស ដោយបាន​ខិតខំ​ពង្រឹង​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេស​ដៃគូ ដើម្បី​ទទួលបាន​ឱកាស​ការងារ​នៅក្រៅ​ប្រទេស​ជូន​ពលករ​សរុប​ចំនួន​ប្រមាណ​ ១,៣​ លាន​នាក់ ដែល​មិន​ត្រឹមតែ​អាច​ទទួលបាន​ប្រាក់ចំណូល បាន​ចំណេះ​ជំនាញ​ប៉ុណ្ណោះ​ទេ ថែម​​ទាំង​អាច​ផ្ញើ​ប្រាក់​បញ្ញើ​មក​ក្នុងប្រទេស​ជូន​គ្រួសារ​ប្រមាណ ​២,៧​ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ ១​ ឆ្នាំៗ និង​ចូលរួម​ការអភិវឌ្ឍ​ប្រទេស​​ជាតិ​»​។

​បន្ថែម​ពីនេះ លោក អ៊ិត សំហេង ថ្លែងថា វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កា​​បូ​ប​មាន​រោងចក្រ​ចំនួន ​១ ៣២៥ ហើយ​តម្លៃ​សរុប​នៃ​ការនាំចេញ​មាន​ចំនួន​ប្រមាណ​ជាង ១២,៨​ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០២២​ ដោយមាន​កម្មករ​និ​យោ​​ជិត​ចំនួន​ជាង ៨៥​ ម៉ឺន​នាក់​។ កម្ពុជា​បានក្លាយ​ជា​ប្រទេស​នាំមុខ​មួយ​ក្នុង​ការនាំចេញ​ផលិតផល​កាត់​ដេរ​នៅលើ​ទីផ្សារ​អន្តរជាតិ​។

​លោក​បន្តថា ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព បាន​បន្ត​លើកកម្ពស់​សេរីភាព អង្គការ​វិជ្ជាជីវៈ ដោយ​គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ ការចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​មាន​ចំនួន​សរុប​ ៦ ០៦៤ ដោយ​ក្នុងនោះ​សហជីព​មូលដ្ឋានចំនួន ៥ ៧៤១ សហព័ន្ធ​សហជីព​ចំនួន ​២៦៨ សហភាព​សហជីព​ចំនួន​ ៤២ និង​សមាគម​និយោជក​ចំនួន​ ១៣​។

​លោក​ថា រាជរដ្ឋាភិបាល​បាន​ត្រៀម​រៀបចំ​ផែនការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​នៃ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ទូទាំងប្រទេស​ចំនួន ១,៥​ លាន​នាក់ ដោយ​រដ្ឋ​ធានា​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចាប់ពី​ឆ្នាំ​ ២០២៣​ នេះ​តទៅ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគេ​ទទួលបាន​ជំនាញ​សម្រាប់​យកទៅ​ធ្វើ​ការងារ​ឬ​បង្កើត​មុខ​​របរ​ដោយ​ខ្លួនឯង និង​បំពេញតម្រូវការ​នៃ​កម្លាំង​ពលកម្ម​ជំនាញ​សម្រាប់​ការវិនិយោគ​ថ្មីៗ​នៅ​កម្ពុជា​។​

​បើតាម​រដ្ឋមន្ត្រី​ការងារ បច្ចុប្បន្ន សហគ្រាស​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​មាន​ចំនួន​ ១៧ ១០២​ សហគ្រាស​ដែលមាន​កម្មករនិយោជិត​ចំនួន​ ១,៥ លាន​នាក់​បានទទួល​ប្រាក់​ឈ្នួល​ជា​មធ្យម​ជាង​ ៤,៥៥ ​ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ ហើយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ២ ​លាន​នាក់​ទទួលផល​ដោយ​ប្រយោល​ពី​វិស័យនេះ​។

​នៅក្នុង​ពិធី​នេះ លោក​ក៏​រំឭក​ផងដែរ​ថា ក្នុងពេលដែល​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​អាចជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​រក្សាបាន​នូវ​ជីវភាព​រស់នៅ លំនឹង​ផលិតកម្ម អាជីវ​កម្ម​របស់​រោងចក្រ សហគ្រាស រក្សាបាន​នូវ​ការងារ ប្រាក់ចំណូល​កម្មករនិយោជិត​រហូតដល់​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។

​កាលពី​ខែ​មុន លោក អ៊ិត​ សំហេង ថ្លែងថា នៅ​ឆ្នាំ​​ ២០២៣ នេះ ដោយសារតែ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ខិតខំ​ធ្វើការ​ងារ​បាន​ល្អ ហើយ​បានធ្វើឱ្យ​ការវាយតម្លៃ​របស់​ពល​ករ​ខ្មែរ​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​ ១ ក្នុងចំណោម​ពលករ​មកពី​ប្រទេស​ផ្សេងទៀត ដែល​បាននិងកំពុង​ធ្វើការ​នៅ​កូរ៉េ​នេះ​។

​លោក​ថ្លែង​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េថា​៖ «​ភាគី​កូរ៉េ បាន​សន្យា​នឹង​បង្កើន​ចំនួន​ពលករ ១​ ម៉ឺន​នាក់​បន្ថែមទៀត ឬ​លើសពីនេះ​ដែល​នេះ​ជា​ព័ត៌មាន​ដ៏​ល្អ​បំផុត​សម្រាប់​បងប្អូន​ពលករ​យើង​»៕