
លោកហ៊ុន ម៉ានីថ្លែងក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះសីហនុនាថ្ងៃទី១៥ ខែឧសភា។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុ:ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានជំរុញទៅកាន់មហាគ្រួសារស.ស.យ.ក ថាត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុខដុមនីយកម្មសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឈានទៅសម្រេចបាននូវគោលដៅរួមរបស់កម្ពុជា។
ការជំរុញបែបនេះត្រូវបានធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ប្រមាណជាង ១៥០ នាក់ នៅខេត្តព្រះសីហនុ កាលរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
នាឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងពីសាវតារ និងដំណើររីកលូតលាស់របស់ ស.ស.យ.ក ថាជាស្ថាប័នយុវជនដែលមានបេសកកម្ម និងមាគ៌ាបន្តស្មារតី ២ធ្នូ ដោយការដាក់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយឡែក ហើយមករួមគ្នាជាក្រុមសម្រេចគោលដៅរួមមួយសម្រាប់ប្រទេសជាតិ។ នេះបើយោងតាម រដ្ឋបាលខេត្តព្រះសីហនុ។
លោក ហ៊ុន ម៉ានី បានថ្លែងថា៖«ភាពលូតលាស់នៃ ស.ស.យ.ក រយៈពេលជាង១០ឆ្នាំនេះ មិនមែនជារឿងសាមញ្ញនោះទេ។ វាចេញពីការខិតខំប្រឹងប្រែងទាំងអស់គ្នា ហើយការបង្កើនទំនុកចិត្តដល់មហាជនឱ្យមានភាពជឿជាក់ និងទទួលស្គាល់ គឺទាមទារការអនុវត្តជាប្រចាំ និងចំណាយពេលវេលា»។
ជាមួយគ្នានេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានធ្វើការជំរុញទៅកាន់សមាជិក សមាជិកា ស.ស.យ.ក គ្រប់ៗរូបទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយល់ច្បាស់ពីបុព្វហេតុ បេសកកម្ម ពិសេសការចូលរួមក្នុងកិច្ចការងារសង្គម និងការដាក់ប្រយោជន៍ប្រជាជន និងប្រទេសជាតិជាចម្បងផងដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការផ្តាំផ្ញើក្នុងឱកាសនោះដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.ខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវការងារមួយចំនួនផងដែរ។
លោកមានប្រសាសន៍ថា៖«ត្រូវធ្វើយ៉ាងណាកសាងចលនាយុវជនឱ្យចូលរួមជាមួយ ស.ស.យ.ក ប្រែក្លាយកម្លាំងយុវជនឱ្យទៅជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ និងបន្តពូនជ្រំកម្លាំងយុវជន និងថែរក្សាសន្តិភាព ស្ថិរភាព សេរីភាព យុត្តិធម៌សង្គមការកសាងចលនាយុវជនចូលរួមជាមួយមហាគ្រួសារ ស.ស.យ.ក»។
ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការស.ស.យ.ក ខេត្តព្រះសីហនុ សរុបប្រមាណជាង១៥០នាក់នេះ បានប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ ដោយមាន លោក ឡុង ឌីម៉ង់ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ៕