
មន្ត្រីពាក់ព័ន្ធនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ កាលពីថ្ងៃទី១៥ឧសភា។ រូបថត រដ្ឋបាលខេត្តកណ្តាល
កណ្តាលៈ មន្រ្តីនៃគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខេត្តកណ្តាល បានប្តេជ្ញាជំរុញការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយបរិយាប័ន្ន។
ការជំរុញនេះ ត្រូវបានធ្វើឡើងតាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាប័ន្នរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ១៥ និង ១៦ ខែឧសភា ឆ្នាំ ២០២៣ ដែលដឹកនាំដោយលោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។
តាមរយៈរដ្ឋបាលខេត្តកណ្តាល លោកស្រី នួន នារតី បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីជំរុញការលើកកម្ពស់ភាពជាអ្នកដឹកនាំស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាប័ន្ន ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាស្ត្រីមកពីស្រុកចំនួន៥ និងមន្ទីរអង្គភាពជុំវិញខេត្ត។
លោកស្រីមានប្រសាសន៍ថា៖«ការចូលរួមរបស់ស្រ្តី ពិសេសអ្នកដឹកនាំរបស់ស្ត្រីខេត្តកណ្ដាលនៅក្នុងវគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ក្នុងការពង្រីក និងកែលម្អគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទូទាំងខេត្តកណ្ដាល»។
លោកស្រី បន្តថា ៖ «ដោយសារស្រ្តីមានការឧស្សាហ៍ព្យាយាម មានភាពអត់ធ្មត់ និងការនិយាយស្តីមានភាពទន់ភ្លន់ ទាក់ទាញជាងបុរស ដែលអំណោយផលក្នុងការធ្វើឱ្យឆាប់មានការផ្លាស់ប្តូរឥរិយាបថ ពិសេសការប្រើប្រាស់បង្គន់ ការលាងដៃនឹងសាប៊ូ និងការហូបទឹកមានសុវត្ថិភាពផងដែរ»។
បើតាមលោកស្រី នួន នារតី វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីបង្កើនការទទួលបានសេវាទឹកស្អាត និងអនាម័យ ដែលធន់នឹងអាកាសធាតុ (WASH) សម្រាប់ជនងាយរងគ្រោះនៅតាមសហគមន៍ និងភាពអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យ ប្រកបដោយបរិយាប័ន្ន។
ជុំវិញរឿងនេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ធ្លាប់បានលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ» របស់រដ្ឋបាលខេត្តកណ្តាលនាពេលកន្លងមកថា ការទទួលបានទឹកស្អាតនិងអនាម័យជាកត្តាចាំបាច់ក្នុងការបំពេញតម្រូវការផ្នែកអភិវឌ្ឍន៍ ខណៈការទទួលបានទឹកស្អាត និងអនាម័យនេះជាផ្នែកសំខាន់ជំរុញដល់កត្តាសុខភាពបុគ្គល សហគមន៍ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា៖«ការចូលរួមរបស់ស្រ្តីឆ្នើម នឹងកាន់តែជួយឱ្យការងារលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យ ហេតុនេះក្នុងនាមរដ្ឋបាលខេត្តកណ្តាល នឹងបន្តខិតខំលើកកម្ពស់ការចូលរួមរបស់ស្រ្តី ដើម្បីធានាដល់ការលើកកម្ពស់បរិយាប័ន្ន ក្នុងវិស័យទឹកស្អាត និងអនាម័យនៅទូទាំងខេត្តកណ្តាល ក៏ដូចជាកម្ពុជាផងដែរ»។
សូមរំឭកដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការយុទ្ធសាស្ត្រជាតិសម្រាប់ទឹកស្អាត ដោយប្រជាពលរដ្ឋនៅទីប្រជុំជន១០០ភាគរយ ទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៥ ខណៈត្រឹមឆ្នាំ២០៣០ សម្រេចការទទួលបានសកលកម្ម និងសមធម៌ទឹកបរិភោគសម្រាប់ប្រជាជនទូទាំងប្រទេស៕