កំពង់ឆ្នាំងៈ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​សារ ​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គី​មានជ័​យ ខេត្ត​កំពង់ឆ្នាំង ដែល​ជា​អតីត​តំបន់​សង្គ្រាមសម្បូរ​ប្រជា​ជន​ក្រខ្សត់ តែ​ទីនោះ​ហើយ​ជាទី​តាំង​ដែល​អង្គការ «​តុកកែ​ញញឹ​ម​កម្ពុជា​» ឬ​ «Smiling Gecko» បោះ​ទីតាំង​លើ​ផ្ទៃដី​ប្រមាណ​ ១៥០​ ហិកតា ក្នុង​បេសក​កម្ម​ផ្ដល់​ឱកាស​ដល់​ក្មេង​ជំនាន់ក្រោយ ​កែប្រែ​វាសនា​កុមារ​ក្នុង​តំបន់​នោះ ​ឬ​ផលិត​ធនធាន​មនុស្ស​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគ​ត​។​

​នៅ​ទីនោះ​គឺជា​គម្រោង​កញ្ចុំ ដែល​ផ្ដោត​លើ​ការអ​ភិវឌ្ឍ​វិស័យ​ជាច្រើន ដូចជា​ ការអប់រំ​ ផ្ដ​ល់ជូន​សាលា​រៀន​ស្តង់ដា​កម្រិត​ខ្ពស់​ដែល​មាន​កុមារ​កំពុង​សិក្សា​ប្រមាណ​ជិត ៤០០​ នាក់​, កិច្ច​ការ​បណ្ដុះ​បណ្ដាល​ស​ម្រា​ប់​មនុស្សពេ​ញវ័យ​ដែល​មាន​រោង​ជាងឬ​សិប្បក​ម្ម​កែច្នៃ​,គម្រោង​កសិកម្ម​សម្រាប់​មនុស្ស​ចាស់​ដែល​មាន​ការ​ជំនួយ​ផ្នែក​បច្ចេកទេ​ស និង​វិស័យ​បដិ​សណ្ឋារកិ​ច្ច​តាម​រយៈ​អេកូ​រីសត ​Farmhouse resort ជា​ដើម​។​

​លោក​ស្រី Barbara Beaufait ​នាយិកា​នៃ​សាលា SGC HISF Education Campus ដែល​ស្ថិត​ក្រោម​គម្រោង​របស់​អង្គការ​តុក​កែ​ញញឹម​​កម្ពុជា បាន​រៀបរាប់​ថា ក្មេងៗ​ដែល​មក​សិក្សា​នៅទីនេះ​​នឹង​ទទួល​បានការ​មើលថែ​គ្រប់​បែប​យ៉ាង​ចាប់​តាំង​ពី​ឯក​សណ្ឋាន ការរក្សា​អនា​ម័យ​ខ្លួន​ប្រាណ សេវា​វេជ្ជ​សាស្ត្រ ការ​សង្គ្រោះ​បឋម ​និងកា​រផ្តល់​អាហារ ពេញ​ ១ ​ថ្ងៃ រួ​មទាំ​ង​អាហារស​ម្រន់​។​

​លោក​ស្រី​បញ្ជាក់ថា​៖ «​ការចា​ប់ផ្តើម​ថ្ងៃ​ថ្មី ពួកគេ​មាន​សម្លៀកបំ​ពាក់​ពី​ផ្ទះ និង​ឯកសណ្ឋា​ន​សាលា ពួ​កគេ​ត្រូវ​ទៅ​ងូត​ទឹក បន្ទាប់ពី​ងូតទឹក​រួច​ យើង​មានការ​សិតស​ក់ កា​ត់​ក្រចកដៃ​ ពិនិត្យ​មើល​គ្រប់យ៉ា​ង​ឱ្យ​ប្រា​កដថា​​មិន​អី ប​ន្ទាប់ពី​ងូតទឹក ពួកគេ​ក៏​ទៅ​ញ៉ាំ​អាហារ​ពេលព្រឹ​ក បន្ទាប់ម​ក​យើង​មាន​អាហារ​ថ្ងៃត្រង់​ និង​អាហារ​សម្រន់​មួយ​ផ្សេង​ទៀត​នៅ​សាលា​នាពេ​ល​រសៀល​» ។​

​លោក​ស្រី​ នាយិកា ក៏បាន​បន្ត​ឱ្យដឹង​ដែរ​ថា នៅពេ​ល​រៀន​ចប់ពួកគេ​ត្រឡ​ប់ទៅផ្ទះ​​វិញ ប៉ុន្តែ​អង្គការ​តែង​ផ្តល់​អ្វីៗ​គ្រប់យ៉ាង​​ដែល​ពួកគេ​មិន​មាន ព្រោះ​ក្មេង​ដែល​ឃ្លានមិន​មាន​សុខភា​ព​ល្អ​ទេ​ ហើយ​ពេល​ពួកគេ​ប្រឈម​ភាព​ឈឺចាប់ពួកគេ​មិន​អាច​សិក្សា​បាន​ឡើយដូច្នេះហើយ​​លោកស្រី​ថាគ្រប់គ្នា​នៅទីនេះ​ធ្វើ​អ្វី​គ្រប់យ៉ា​ង​ដើម្បី​ឱ្យ​ពួកគេ​រួចរាល់​សម្រាប់​ការសិ​ក្សា​។

​បន្ថែម​ពីលើ​នេះ លោកស្រី​ Barbara Beaufait ក៏បាន​ឱ្យដឹ​ងទៀ​តថា​៖ «​នៅ​ទីនេះ៣​ឆ្នាំ​ដំបូង​គឺ​ថ្នាក់​ម​ត្តេ​យ្យ​ដែល​បង្រៀន​ជា​ភាសា​អង់​គ្លេសតែ​យើង​ក៏មាន​ការណែនាំ​​បន្តិច​បន្តួច​ពី​ភាសា​ខ្មែរ​នៅក្នុង​​ថ្នាក់​ម​ត្តេ​យ្យដើម្បីឱ្យ​ពួកគេ​​ត្រៀម​ខ្លួន​សម្រាប់​ការ​រៀន​លាយ​បញ្ចូល​គ្នា​នៅ​ថ្នាក់​ទី១​ ហើយ​​ចាប់ពី​ថ្នាក់​ទី១​ឡើង កម្មវិធី​សិក្សា​យើង​បង្រៀន​ជា​ភាសា​ខ្មែរ ភា​សា​អង់​គ្លេស និង​គណិត​វិទ្យា​»​។

​​បើ​តាម​​លោក​ស្រី​ Barbara Beaufait​ បច្ចុប្បន្ន​នេះ​ សាលា SGC HISF Education Campus ​មាន​កូន​សិស្ស​ក្បែរ​៤០០​នាក់​ ហើយ​ជា​រៀង​រាល់​ឆ្នាំ លោក​ស្រី​នឹង​យក​សិស្ស​បន្ថែម​ចំនួន​៥០​នាក់​ទៀត ​រហូត​ឈាន​ដល់​ទំហំ​អតិ​បរមា​នៃ​សា​លា​ដែល​មាន​កុមារ​១​ពាន់​នាក់​។​

​លោក​ស្រី ​Barbara បញ្ជាក់​ថា ៖ «​ក្មេងៗ​នៅទី​នេះ​មិន​មាន​ភាព​ភ័យ​ខ្លាច​ទេ ​ពួក​គេ​សប្បាយ​ចិត្ត​នៅ​ទីនេះ គ្រ​ប់គ្នា​មក​សាលា​រៀន យើង​បានធ្វើ​ឱ្យ​ពួកគេ​រំភើប​ទាំង​អស់​គ្នា​គឺ​ចង់​មក​សាលា​ ហើយ​ចំពោះ​វត្ត​មាន​វិញ​ការ​ចូលរួម​គឺ​ជិត១០០​ភាគ​រយ លើក​លែង​តែ​ករណី​ពួក​គេ​ឈឺ​ប៉ុណ្ណោះ​»​។

​ចំណែក​ឯ​កញ្ញា ធា​រី ដែលជា​​ជំនួយ​ការ​គ្រ​ប់គ្រងរោង​ឈើវិញ ​បានឱ្យ​ដឹង​ថា រោង​ឈើ​ក្នុង​គម្រោង​របស់អ​ង្គការ​តុកកែ​ញ​ញឹម​កម្ពុជា មាន​បុគ្គលិក២៦​នាក់​កំពុង​ធ្វើ​ការដោយ​មាន​កា​របែ​ងចែក​ជា​ក្រុម ក្នុង​នោះ​មាន​ក្រុម​សាងសង់​ដែល​ធ្វើ​ទ្វារ​ ខាង​ផលិត​ដែល​ផលិត​ជា​​តុទូ ​កៅអី និង​ក្រុម​ជួល​ជុល​។​

​កញ្ញា​ បញ្ជាក់​ថា​៖ «​ដូច​កៅអី​ដែល​យើង​បាន​ឃើញ​នៅមុខ​អាងទឹក​​នៃ​រី​សត Farmhouse គឺ​សុទ្ធតែ​ផលិត​ចេញពី​ខាង​រោង​ជាង​យើង​ផ្ទាល់​តែ​ម្តង ​សូម្បី​តុ ទូ ឬ​តុ​ញ៉ាំ​បាយ​ជា​ដើម​»​។​

​កញ្ញា​បន្ត​ថា លើសពី​នេះ ខាង​រោង​ឈើ ក៏មាន​ការកែច្នៃ​ជ្រញ់​ចេញពី​ដើម​ត្នោត ដែល​អាច​លក់​ចេញ​ទៅដល់​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​កម្សាន្ត​នៅ​រី​សត​ Farmhouse​។​​ដោយ​ឡែក​​សម្រាប់ ផ្នែក​រី​សត Farmhouse ឯណោះ​វិញ​ កំពុង​បង្កើត​ការងារ​ដល់​បុគ្គ​លិក​ជាង​៦០​នាក់ ​និងបណ្តុះ​បណ្តាល​ជំនាញ​ដូចជា​ ​ជំនាញ​នាំ​ភ្ញៀវ ​ជំនាញ​​សេវាកម្ម​ ជំនាញ​ចុងភៅ ជំ​នាញ​រៀបចំផ្ទះ​ស្នាក់ ​និង​ថែ​សួន​ជា​ដើម​។​

​ជារួម​មក​សហ​គមន៍​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​តុកកែ​ញ​ញឹម​កម្ពុជា មាន​ទំនាក់ទំ​នង​វិលជុំ​ជាមួ​យគ្នា​ ដើម្បី​ទ្រទ្រ​ង់​នូវគោល​ដៅ​សំខាន់​មួយ​គឺការ​អប់រំ​។

​គួរ​ជម្រាប​ដែរ​ថា អង្គការ​អន្ត​រជាតិ​ដែល​មាន​ឈ្មោះថា ​Smiling Gecko ឬ​«​តុ​កែ​ញញឹម​» បាន​ចាប់​ផ្តើម​ដំណើរការ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ២០១២ ​ជា​មូលនិ​ធិ​នៃ​ស្នាម​ញញឹ​ម G​ecko Switzerland(SGS)​។

ក្រោយ​មកអង្គការ​តុក​កែ​ញ​ញឹម​កម្ពុជា​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គោល​បំណង​ធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​ការអប់រំ ប្រកប​ដោយ​គុណ​ភាព​ប្រចាំ​តំបន់តាមរ​យៈ​ការ​ធានា​មូល​និធិ​គ្រប់​គ្រាន់​រយៈ​ពេល​យូរអ​ង្វែង និង​លើក​ស្ទួយ​ជីវភាព​ពល​រដ្ឋ​សហ​គមន៍​តាម​រយៈ​កសិក​ម្ម​គ្មាន​គីមី ​និង​គម្រោង​តូចៗ​ជា​ច្រើន​៕