
លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ រូបថត ក្រសួងការបរទេស
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ប្រកាសច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រឡំ និងធ្វើឡើងក្រោមហេតុផលនយោបាយរបស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា ដោយផ្អែកលើការពន្យល់និងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៅថ្ងៃទី ១៦ ខែឧសភា បានធ្វើការបំភ្លឺ ៤ ចំណុច ដូចជា ទី១ ការមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបានរបស់គណបក្សនយោបាយមួយ គឺដោយសារតែគណបក្សនោះមិនយកចិត្តទុកដាក់ចំពោះច្បាប់ និងបទប្បញ្ញត្តិបោះឆ្នោត ក៏ដូចជា សេចក្តីជូនដំណឹងនានារបស់ គ.ជ.ប។
យោងតាមមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ និងចុះថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមបែបបទកំណត់ដោយគ.ជ.ប ដោយភ្ជាប់មកជាមួយនូវសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលមានបញ្ជាក់នីត្យានុកូលកម្ម ក្នុងចំណោមឯកសារផ្សេងទៀត។
ទី២ គ្រប់គណបក្សនយោបាយទាំងអស់មានពេលវេលាត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីស្នើសុំសេចក្ដីចម្លងលិខិតខាងលើ ព្រោះកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានប្រកាសជាសាធារណៈ រយៈពេល ១ ឆ្នាំមុន។ ដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលនេះ សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនេះ ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ ដោយអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីរៀបចំដំណើរការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយលើសគណបក្សចូលរួមប្រកួតចំនួន ១៨ ផ្សេងទៀតបានឡើយ។
ទី៣ ការពិតនៃការបរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គឺដោយសារពុំមានឯកសារគ្រប់គ្រាន់ ហើយកង្វះខាតនេះ គួរតែថ្នាក់ដឹកនាំរបស់គណបក្សនយោបាយនោះទទួលខុសត្រូវ ដូចដែលអនុប្រធាន១រូបនៃគណបក្សនោះបានថ្លែងទទួលស្គាល់រួចហើយ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«លោកអនុប្រធានគណបក្សរូបនេះក៏បានអះអាងបន្ថែមថា"ការអំពាវនាវឱ្យមានបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.បគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ” ជាផ្នែកមួយនៃប្រព័ន្ធត្រួតពិនិត្យនិងតុល្យភាព សេចក្ដីសម្រេចបច្ចេកទេសរបស់គ.ជ.ប អាចធ្វើការប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញបាន»។
ចំណុចទី៤ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បញ្ជាក់បន្ថែមថា អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោតប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរីនូវគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នាយ៉ាងតិចចំនួន១៨៕