ភ្នំពេញៈ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​អំពាវ​​នាវ​ដល់​ប្រជា​នេសាទ​ចូលរួម​ជួយ​អភិរក្ស​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ ដែលជា​ពូជ​អណ្តើក​កម្រ និង​ប្រឈម​នឹង​ការ​ផុត​ពូជ​នៅ​កម្ពុជា ដើម្បីឱ្យ​សត្វ​នេះ​មានលទ្ធភាព​បង្កើន​វត្តមាន​ក្នុង​ជម្រក​ធម្មជាតិ ចៀសវាង​បាត់បង់ ដែល​ពិបាក​ស្តារឡើងវិញ​។

​ការអំពាវនាវ​របស់​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងបរិស្ថាន​ដូច្នេះ​ធ្វើឡើង​នៅ​អំឡុងពេល​លោក​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ចុះ​ធ្វើ​ទស្សនកិច្ច នៅលើ​ឆ្នេរ​ខ្សាច់ សិប្ប​និ​មិ្ម​ត ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង កាលពី​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ​ ២០២៣​។​

​នាឱកាស​នោះដែរ លោក នេត្រ ភក្ត្រា បាន​កោតសរសើរ​ដល់​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ចូលរួមចំណែក​អភិរក្ស​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ ដែលជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ ដែល​គេ​ធ្លាប់​គិតថា​បាន​ផុត​ពូជ​ទៅហើយ ប៉ុន្តែ​គេ​ប្រទះឃើញ​នៅ​កម្ពុជា​វិញ​កាលពី​ឆ្នាំ​ ២០០០​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ប្រជា​សហគមន៍ ជាពិសេស​ប្រជា​នេសាទ សូម​ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​អាជ្ញាធរ​ដើម្បី​អភិរក្ស​សត្វ​អណ្តើក​ហ្លួង និង​សត្វ​កម្រ​ដទៃៗ​ទៀត ដោយ​កុំ​នេសាទ បរបាញ់ ដាក់​អន្ទាក់ និង​បរិ​ភោគ​សាច់​សត្វព្រៃ ដើម្បីឱ្យ​ចំនួន​សត្វ កម្រ​កើនឡើង​តួ​យ៉ាង​សត្វ​អណ្តើក​ហ្លួង​ជាដើម ដែល​អាច​ផ្តល់​ជា​សក្តានុពល ផ្នែក​ទេសចរណ៍​ផង​»​។​

​ជាមួយគ្នានេះ លោក ថន​ ផុន អ្នកសម្របសម្រួល​គម្រោង​អណ្តើក​ហ្លួង និង​ក្រពើ​ត្រី​ប្រចាំ​ខេត្តកោះកុង បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការ​បង្កាត់​ពូជ​អណ្តើក​​ហ្លួង​នៅ​ឆ្នាំ​ ២០២៣ ​នេះ ជា​ឆ្នាំ​ទី៣ មាន​ភាពជោគជ័យ​ដោយ​ការកម្រិត​ថែទាំ​អណ្តើក​ហ្លួង​ចេះតែមាន​ភាពប្រសើរឡើង​ពី​ ១ ​ឆ្នាំទៅ ១ ​ឆ្នាំ​។

​លោក​បានឱ្យដឹងថា ៖«​សម្រាប់​ការ​បង្កាត់​ពូជ​អណ្តើក​ហ្លួង​នៅ​ឆ្នាំ​ ២០២៣ មាន​ភាពជោគជ័យ​ដោយសារតែ​មានកូន​​អណ្តើក​ហ្លួង​ចំនួន ១២២ ក្បាល បាន​ញាស់​ដោយ​ជោគ​ជ័យ និង​សង្ឃឹមថា​នៅ​ឆ្នាំ​ទៅមុខទៀត​នឹងមាន​កូនអណ្តើក​ហ្លួង​កើនឡើង​ ២០០​ ក្បាល​»​។​

​ទោះបីជា​យ៉ាងណា លោក ថន ផុន ក៏​សម្តែង​នូវ​ការបារម្ភ​ផងដែរ ដែល​អណ្តើក​ហ្លួង​កំពុង​រង​ការគំរាមកំហែង​ពី​ការនេសាទ​ដោយ​ឧបករណ៍​នេសាទ​ខុសច្បាប់​។

​លោក​ថា​៖ «​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមការងារ​យើង​បានធ្វើ​ការចុះ​ល្បាត​សហគមន៍​នេសាទ​ដោយ​ដឹក​នាំ​រដ្ឋបាល​ជលផល យើង​បាន​ជួយប្រមូល​ខ្មោច​មង​តាម​ព្រែក​ច្រើន​មែនទែន ហើយ​យើង​ក៏បាន​រឹបអូស​លូ​ស្បៃ​មង លប​មុខ​ ១០០ ជាច្រើន​ផងដែរ​»​។

​បើតាម​មន្ត្រី​ក្រសួងបរិស្ថាន សត្វ​អណ្តើក​ហ្លួង មាន​វត្ត​មានតែ​ក្នុង​ ៣ ​ប្រទេស​ប៉ុណ្ណោះ​ក្នុង​ពិភពលោក គឺ​មាននៅ​កម្ពុជា​, ឥណ្ឌូនេស៊ី និង​ប្រទេស​ម៉ា​ឡេ​ស៊ី​។ អណ្តើក​ហ្លួង ជា​ប្រភេទ​ល្មូ​ន​ដែល​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរ​​ជាតិ ដើម្បី​ការអភិរក្ស​ធម្មជាតិ ហៅ​កាត់ IUCN ចាត់ជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ ក្នុងចំណោម​អណ្តើក​ទាំង​ ២៥ ​ប្រភេទ ដែល​កំពុង​រងគ្រោះ​​ថ្នាក់​ខ្លាំងជាងគេ​នៅលើ​ពិភព​លោក​៕