ភ្នំពេញៈ កម្ពុជា​បានបង្ហាញ​ការប្តេជ្ញា​​ចិត្ត​ដើម្បី​ព​ន្លឿ​ន​សកម្មភាព​អាកាសធាតុ​​ (Climate Action)​ ទាំង​ក្នុង និង​ក្រៅ​ប្រទេស​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ខណៈ​ពិភពលោក​កំពុង​បារម្ភ​ពី​ឥទ្ធិពល​អាក្រក់​ពី​ការ​ប្រែ​​ប្រួល​អាកាសធាតុ​រួមទាំង​កម្ពុជា​ផង ពិសេស​ភាព​រងគ្រោះ​ពី​ឧស្ម័ន​ផ្ទះ​កញ្ចក់​មកលើ​ជីវិត​មនុស្ស និង​ភពផែនដី​។​

​ការប្តេជ្ញាចិត្ត​របស់​ក​ម្ពុ​ជា​នេះ បានលើកឡើង​ដោយ​លោក លី ធុជ ប្រធាន​គណៈកម្មាធិការ​ជាតិ​អេ​ស្កា​ប់ និង​ជា​អនុប្រធាន​ទី​ ១​ អាជ្ញាធរ​មីន​តាមរយៈ​សេចក្តីថ្លែងការណ៍​ក្នុង​អង្គសន្និបាត​ប្រចាំឆ្នាំ​លើក​ទី ​៧៩ របស់​ UN ESCAP នាទី​ក្រុង​​បាងកក​ប្រទេស​ថៃ​នៅ​ថ្ងៃទី​ ១៦ ខែឧសភា ឆ្នាំ ​២០២៣ ស្តីពី​បទពិសោធន៍ និង​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ព​ន្លឿ​ន​សកម្មភាព​ធាតុអាកាស​ទាំង​ខាងក្នុង និង​ខាងក្រៅ​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​នៅក្នុង​អង្គសន្និបាត​នោះ លោក លី​ ធុជ បាន​ថ្លែង​ពី​ឥទ្ធិពល​អាក្រក់​កើតចេញពី​ឥទ្ធិពល​ឧស្ម័ន​ផ្ទះ​កញ្ចក់ បង្ក​ហានិភ័យ​ដល់​ភពផែនដី និង​វត្តមាន​មនុស្សជាតិ​រាប់លាន​នាក់ ជាពិសេស​សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ក្នុងនោះ​មាន​ទាំង​កម្ពុជា​ផង ដែល​រងគ្រោះ​ពី​វិបត្តិ​នៃ​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​បាន​ថ្លែងថា​៖ «​ក្នុង​រយៈពេល​ត្រឹមតែ​ ១២ ​ខែ​កន្លងទៅនេះ មានទឹក​ជំនន់​បំផ្លិចបំផ្លាញ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន គ្រោះរាំងស្ងួត​ខ្លាំង​នៅ​ប្រទេស​ចិន និង​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​នៅ​ប្រទេស​ហ្វីលីពីន​។ គ្រោះមហន្តរាយ​ទាំងនេះ​បាន​ជះឥទ្ធិពល​ដល់​មនុ​ស្សរា​ប់​រយ​លាន​នាក់​ដោយ​ផ្លាស់​ប្តូរជីវិត និង​ជីវភាព​រស់នៅ​របស់​ពួកគេ​ហើយ​មិនអាច​វិល​ត្រឡប់មក​ដូចដើម​វិញ​បាន​»​។​

​សម្រាប់​កម្ពុជា​វិញ​ក៏​មិន​ខុសគ្នា​ដែរ ដោយ​រយៈពេល​ចុងក្រោយ មាន​ល្បាយ​ទឹកភ្លៀង​មិន​ស្មើគ្នា​ដែល​ប៉ះពាល់​ដល់​ទិន្នផល​ស្រូវ កើតមាន​កម្តៅ​ខ្ពស់​ខ្លាំង ថែមទាំង​កើតមាន​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ង​រ​ដល់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋ​​កិច្ច និង​ការអភិវឌ្ឍ​សង្គម​កម្ពុជា​។​

​លោក ​លី ធុជ បាន​បញ្ជាក់ថា​៖ «​កម្ពុជា​បាននិងកំពុង​កសាង​គ្រឹះ​សេដ្ឋកិច្ច​ធន់​នឹង​អាកាសធាតុ ដោយមាន​ផែនការ​បន្សុាំដើម្បី​ជំរុញ​ភាព​ធន់​គ្រប់​វិស័យ ក្នុងនោះ​មាន​ទំនើបកម្ម​បច្ចេកទេស​កសិកម្ម ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​លើកកម្ពស់​ការអនុវត្ត​ទេសចរណ៍​ប្រកប​​ដោយ​ចីរភាព ពិសេស​កម្ពុជា​បង្កើន​ប្រភព​ថាមពល​អគ្គិសនី​ចេញពី​វា​រី​អគ្គិសនី​ប្រមាណ​​ ៤០​ ​ភាគ និង​បន្ថែម​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ថ្មី​»​។​

​បើតាម​សេចក្តីថ្លែងការណ៍​ដដែល សម្រាប់​កិច្ច​​ចូលរួម​ក្នុង​វិបត្តិ​អាកាសធាតុ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ដាក់ចេញ​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ត្រឹម​ ២៧% ​ត្រឹម​ឆ្នាំ ​២០៣០ និង​បាន​ដាក់ចេញ​គោលដៅ បង្កើន ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន ​៧០% ​ត្រឹម​ឆ្នាំ​ ២០៥០​។ ប្រភព​ដដែល​ថា កម្ពុជា​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​នៅ​ទូទាំង​ខេត្ត ក្រុង ដែលមាន​នាទីបន្សុាំ និង​កាត់បន្ថយ​ការ​​ប្រែប្រួល​អាកាសធាតុ ដូចជា ការដាំ​ដើមឈើ​ឡើងវិញ រៀបចំ​នគរូបនីយកម្ម​ប្រកបដោយ​និរន្តរភាព​។​

​ជាមួយគ្នា​នោះ​លោក​ លី ធុជ បានបង្ហាញ​ក្តីសង្ឃឹម​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការពង្រឹង​ពហុភាគី​និយម​ជាមួយ​អង្គការ​សហប្រជាជាតិ​ដើម្បី​សាមគ្គី​​ភាព​អន្តរជាតិ ក្នុង​បំណង​សម្រេច​ឱ្យមាន​កា​រព​ន្លឿ​ន​សកម្មភាព​ធាតុអាកាស​សម្រាប់​ការ​អភិ​​វ​ឌ្ឍ​ប្រកបដោយ​ចីរភាព ជំរុញ​សន្តិភាព និង​វិបុលភាព​សម្រាប់​សហគមន៍​សកល​ទាំងអស់គ្នា​។​

​លោក​ ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​​កម្ពុជា និង​ជា​សកម្មជន​បរិស្ថាន​បាន​ថ្លែងថា ការប្តេជ្ញាចិត្ត​របស់​ក​ម្ពុ​ជា​ចំពោះ​សកម្មភាព​អាកាស​ធាតុ​នេះ​ជា​រឿង​សំខាន់ ខណៈ​វា​កំពុង​គំរាមកំហែង​ជាស​កល​។​

​លោក​ថា​៖ «​ទោះជា​យ៉ាងណា​កម្ពុជា​ក៏​នៅ​មិនទាន់​ធ្វើបាន​ល្អ​ដែរ​ដោយ​នៅមាន​បន្តសកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ ដែលជា​បញ្ហា​ចោទ​សំខាន់​នៅ​កម្ពុជា តែ​កម្ពុជា​នៅតែមាន​លទ្ធភាព​»​។​

​សូម​រំឭក​ដែរ​ថា ក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ​ ២០២០ ​ស្តីពី ​«​ម​ហិ​ច្ឆ​​តា​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​»​ កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បានធ្វើ​សេចក្តីថ្លែងការណ៍​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត និង​ឆន្ទៈ​ន​យោ​បាយ​កម្ពុជា​ក្នុងការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​៕